អន្តរជាតិ
ស្ទង់​មតិ HappyAtWork៖ អាជីព​១០​ដែល​សប្បាយចិត្ត​ជាងគេ​នៅ​បារាំង​
18, Apr 2018 , 8:59 am        
រូបភាព
ដោយ: ធីតា
​បណ្តាញ HappyAtWork របស់​បារាំង កាលពីពេល​ថ្មី​កន្លងមកនេះ បានចេញ​តារាង​ចំណាត់ថ្នាក់​ទាក់ទង​នឹង​អារម្មណ៍​របស់​អ្នកធ្វើការ​ក្នុង​បរិ​យាស​កាស​ការងារ​របស់​ខ្លួន​។ ការស្ទង់មតិ​ត្រូវបាន​ធ្វើឡើង​ជាមួយ​មនុ​ស្ស​ប្រមាណ​១២០ ០០០​នាក់​។​



​លទ្ធផល​បានបង្ហាញ អ្នកធ្វើការ​នៅ​សហគ្រាស​ធុន​តូច និង​មធ្យម ៦៧​ភាគរយ​អះអាងថា ពួកគេ​សប្បាយ​ចិត្តនឹង​ការងារ​របស់ខ្លួន ខណៈ​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ពី​២០០​ទៅ​៩៩៩​នាក់ មាន​៥៦​ភាគរយ​សប្បាយចិត្ត​។ ចំណែក​ក្រុមហ៊ុន​ធំៗ​ដែលមាន​បុគ្គលិក​លើសពី​១០០០​នាក់ មានតែ​៥០​ភាគរយ​ប៉ុណ្ណោះ ដែល​បង្ហាញ​ភាព​រីករាយ​នៅក្នុង​ការងារ​របស់ខ្លួន​។​

​បណ្តាញ​ស្ទង់​មតិ HappyAtWork បាន​រកឃើញ​ផងដែរ ថា ជំនាញ​ការងារ​ក៏​ជា​កត្តា​ដែល​នាំ​ឲ្យ​រីករាយ និង​ជំរុញ​ទឹកចិត្ត​ឲ្យ​បុគ្គលិក​បំពេញការងារ​ល្អ​ផងដែរ​។ អ្នក​ដែល​ធ្វើ​ការងារ​ផ្នែក​ប្រឹក្សា​យោបល់ ប្រមាណ​៥៨​ភាគរយ  ផ្នែក​ទំនាក់ទំនង​៥៧​ភាគរយ ផ្នែក​សុខភាព ៥៧​ភាគរយ បាន​អះអាងថា ខ្លួន​សប្បាយចិត្ត​ពេលធ្វើការ​។​

​ខាងក្រោម​នេះ ជា​ចំណាត់ថ្នាក់​របស់ HappyAtWork ទាក់ទង​អាជីព​ការងារ​ចំនួន​១០​នៅ​បារាំង ដែល​សប្បាយចិត្ត​ជាងគេ​៖

១.​អ្នក​គណិតសាស្ត្រ (៦៣.២​ភាគរយ​)
២. ស្ថាបត្យករ (៦២.២​ភាគរយ​)
៣. អ្នកទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង (៥៦.៦​ភាគរយ​)
៤. ប្រធាន​ក្រុមទី​ផ្សារ (៥៦.៣​ភាគរយ​)
៥. អ្នកទទួលបន្ទុក​ផ្នែក​ធនធានមនុស្ស (៥៥.៨​ភាគរយ​)
៦. អ្នក​អភិវឌ្ឍ​ផ្នែក​ជំនួញ (៥៥.៤​ភាគរយ​)
៧. បុគ្គលិក​ផ្នែក​សេវាកម្ម​សាធារណៈ (៥៥.៣​ភាគរយ​)
៨ (​ស្ទួន​). អ្នកបច្ចេកទេស​ផ្នែក​ស​ន្តិ​សុខ អនាម័យ បរិស្ថាន (៥៣​ភាគរយ​)
៨ (​ស្ទួន​). មេការ ការដ្ឋាន (៥៣​ភាគរយ​)
៩. អ្នក​គីមី​សាស្ត្រ (៥២.៧​ភាគរយ​)
១០. អ្នកច្បាប់ (៥២.៣​ភាគរយ​)៕


Tag:
 ការងារ​
  HappyAtWork
© រក្សាសិទ្ធិដោយ thmeythmey.com