កីឡាជាតិ
ជាតិ
គ្រូ​ចំបាប់​ជនជាតិ​កូរ៉េខាងត្បូង​ដួល​បាក់ឆ្អឹង​ត្រគាក​រហូត​ឈានដល់​វះកាត់​
25, Jun 2017 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក Kim Soogil គ្រូបង្វឹក​ក្រុម​កីឡាករ​ចំបាប់​ជម្រើសជាតិ​កម្ពុជា​បាន​ដួល​បាក់​ឆ្អឹងត្រគាក​ខាងឆ្វេង​ជា​ទម្ងន់ អំឡុងពេល​លោក​មក​មើល​ការហ្វឹកហាត់​របស់​យុវជន​ថ្នាល​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ខណៈពេល​នេះ លោក កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្រ​កាល់​ម៉ែត្រ​។​



​លោក Kim Soogil គ្រូបង្វឹក​កីឡា​ចំបាប់​មកពី​កូរ៉េខាងត្បូង​របស់​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​រអិលដួល​បាក់ឆ្អឹង​ត្រគាក​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​នៅមុខ​អគារ​ដំបូលទូក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​អតីត​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា​។

​សុធា​រ៉ា ដែល​ដឹង​ពី​មូលហេតុ​បាន​រៀបរាប់ថា ដោយមាន​ចិត្ត​ស្រលាញ់​ក្រុមយុវជន​ថ្នាល​លោក Kim Soogil បាន​យក​ពេលវេលា​ទំនេរ​ពី​ការ​បង្វឹក​ក្រុម​កីឡាករ​ឈុត​ធំ​មក​មើល​ការហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ថ្នាល​នៅ​អគារ​ដំបូលទូក​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ សុធា​រ៉ា បន្ត​រៀបរាប់ថា នៅ​ថ្ងៃ​សៅរ៍​នោះ​នៅ​ស្តា​ត​អូឡាំពិក​មាន​ភ្លៀងរលឹម​ស្រិចៗ​ជាហេតុ​ធ្វើ​ឲ្យ​លោក Kim Soogil ដែល​ហៀបនឹង​បោះជំហាន​ដើរ​បាន​រអិលដួល​បាក់​ឆ្អឹងត្រគាក​ខាងឆ្វេង​នៅមុខ​អគារ​ដំបូលទូក​នោះ​តែម្តង​។

​កញ្ញា ចូ​វ សុធា​រ៉ា បាន​បន្ថែមថា ខណៈពេល​នេះ លោក Kim Soogil កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​« លោក នឹង​ចូល​បន្ទប់វះកាត់​ឆ្អឹងត្រគាក ដើម្បី​ដាក់​ដែក​អបនា​រសៀល​ថ្ងៃទី​២៥ ខែមិថុនា នេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់ កញ្ញា សុធា​រ៉ា​។

​លោក Kim Soogil ជនជាតិ​កូរ៉េខាងត្បូង​បានមក​បង្វឹក​ក្រុម​កីឡាករ​ចំបាប់​ជម្រើសជាតិ​បាន​រយៈពេល​ប្រហែលជា​ពីរ​ឆ្នាំ ដោយ លោក ទទួលបន្ទុក​បង្វឹក​ក្រុម​ឈុត​ធំ​បុរស​-​នារី ហើយ​បច្ចុប្បន្ន លោក មាន​អាយុ​៥៧​ឆ្នាំ​៕


© រក្សាសិទ្ធិដោយ thmeythmey.com