កីឡាជាតិ
ជាតិ
ក្រុមជម្រើសជាតិ U22 ចាកចេញពីកម្ពុជាដើម្បីចូលរួមពានរង្វាន់នៅមីយ៉ាន់ម៉ានៅថ្ងៃនេះ សកម្មភាពកីឡាករ U22 កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រៀមចេញទៅកាន់ប្រទេសម៉ាយ៉ាន់ ដែល Live ផ្ទាល់ដោយ FFC
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា(U22) ចាកចេញពីមាតុប្រទេសនៅរសៀលថ្ងៃទី២៦ មិថុនា នេះ ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់ក្រៅផ្លូវការ KBZ Bank Cup ប្រចាំឆ្នាំ២០១៧ នៅមីយ៉ាន់ម៉ា។ U22 កម្ពុជាត្រូវជួបប្រកួតជាម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងថ្ងៃបើកឆាក។
ដើម្បីត្រៀមប្រជែងក្នុងពានរង្វាន់ក្រៅផ្លូវការ KBZ Bank Cup 2017 ដែលបង្កើតឡើងដោយសហព័ន្ធកីឡាបាល់មីយ៉ាន់ម៉ា សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅម៉ាឡេស៊ី ក្រុម U22 កម្ពុជា ត្រូវចាកចេញពីកម្ពុជានៅរសៀលថ្ងៃទី២៦ ខែមិថុនា នេះ។ បើយោងតាមមន្ត្រីរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុម U22 កម្ពុជា នឹងធ្វើដំណើរតាមជើងហោះហើរ PG 930 ទៅកាន់ទីក្រុងបាងកក មុនបន្តដំណើរតាមជើងហោះហើរ PG 703 ទៅមីយ៉ាន់ម៉ា ដែលគ្រោងដល់នៅម៉ោងប្រមាណជា៦ល្ងាច។
ក្រុមដែលដឹកនាំដោយលោក Leonardo Vitorino មួយនេះ ត្រូវជួបប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែមិថុនា នៅកីឡដ្ឋាន Youth Training Center។ ពានរង្វាន់នេះមាន៤ក្រុមចូលរួម គឺមីយ៉ាន់ម៉ា, កម្ពុជា, ហុងកុង និងក្រុមមកពីសាកលវិទ្យាល័យរបស់ជប៉ុន ដោយការប្រកួតប្រព្រឹត្តទៅរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី២ កក្កដា៕
Tag:
បាល់ទាត់
U22 កម្ពុជា
KBZ Bank Cup Myanmar 2017
© រក្សាសិទ្ធិដោយ thmeythmey.com