ជាតិ
ស្រីមុំ​៖ មេធាវី សុំ​ឲ្យ​តុលាការ សម្រេច​ឲ្យ​បាន​លឿន​ថា ត្រូវ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ឬក៏​បញ្ចូនទៅ​ជម្រះ​
26, Jun 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការ​ស៊ើ​សួ​រលើ​សំណុំរឿង​មន្ត្រី​អាដហុក​ទាំង​បួនរូប និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  មួយរូប ដែល​កំពុង​ជាប់ឃុំ ដោយសារ​រឿងស្រី​មុំ​តាំងពី​ឆ្នាំ​២0១៦​មក​នោះ ត្រូវបាន​បិទ​បញ្ចប់​ហើយ​។ នេះ​បើតាម​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង Telegram​។​



​លោក លី សុ​ផា​ណា បញ្ជាក់ថា ចៅក្រម​ស៊ើ​សួរ បាន​ទម្លាក់​សំណុំរឿង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ទៅ​ឲ្យ​ព្រះរាជអាជ្ញា​ហើយ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។ ក្រុម​មេធា​មេ​វី ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ក៏បាន​ទទួលដំណឹង​នេះដែរ​។ ប៉ុន្តែ​ក្រុម​មេធាវី​ទាំងនោះ មិនទាន់​ដឹង​នៅឡើយ​ទេ ថា​ព្រះរាជអាជ្ញា នឹង​សម្រេច​យ៉ាងណា ចំពោះ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​នេះ​។

​លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បានស្នើ​ឲ្យ​ចៅក្រម​ស៊ើ​សួរ ធ្វើ​សេចក្តីសម្រេច​ឲ្យ​បាន​លឿន ថា​ត្រូវ​ទម្លាក់​ការចោទប្រកាន់​លើ​កូនក្តី​របស់លោក ឬក៏​ត្រូវបញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ នៅពេលដែល​បានទទួល​សេចក្តីសន្និដ្ឋាន​ស្ថាពរ​ពី​ព្រះរាជអាជ្ញា​រួចហើយ​។ លោក មិន​ចង់​ឲ្យ​ចៅក្រម​ស៊ើ​សួរ ពន្យារពេល​ក្នុងការ​ដោះស្រាយ​សំណុំរឿង​ខាងលើ បន្តទៀត​នោះទេ​។

​លោក​មេធាវី​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាង​ដូច្នេះ​៖«​ពួកគាត់ បាន​ជាប់ឃុំ​អស់​រយៈពេល​យូរ​មកហើយ ដូច្នេះ​គួរតែ​ត្រូវបាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់ៗ​។ មិន​ថា ដោះលែង​ឬ​បញ្ជូនទៅ​ជុំនុំជម្រះ​ទេ ខ្ញុំ សុំ​ឲ្យ​ចៅក្រម​ស៊ើ​សួរ សម្រេច​ឲ្យ​បាន​លឿន​។ បើកាលណា នៅតែ​ឃុំ​ពួកគាត់​ទៀត គឺ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគាត់​»​។

​លោក សំ សុ​គង់ ពន្យល់ថា ជាធម្មតា ព្រះរាជអាជ្ញា មាន​ពេល​យ៉ាងយូរ​កន្លះ​ខែ ដើម្បី​ពិចារណា​ក្នុង​ការធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់ខ្លួន ហើយ​ត្រូវ​បញ្ចូនទៅ​ឲ្យ​ចៅក្រម​ស៊ើ​សួរ​វិញ​។ លោក បន្តថា សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់​ព្រះរាជអាជ្ញា តែងតែមាន​ខ្លឹមសារ​ពីរ​យ៉ាង គឺ​ស្នើ​ឲ្យ​ចៅក្រម​ស៊ើ​សួរ ទម្លាក់​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ បើ​មិនមាន​ភស្តុតាង​គ្រប់គ្រាន់ ឬក៏​ស្នើ​ឲ្យ​ប​ញ្ចូ​ន​សំណុំរឿង​ទៅ​ជំនុំជម្រះ បើ​មាន​ភស្តុតាង​គ្រប់គ្រាន់​។​

​បើ​គិត​រហូតមក​ដល់ពេលនេះ មន្ត្រី​អាដហុក​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ​ហើយ​។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​ប្រាំ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សប្រឆាំង​៕


Tag:
 អាដហុក​
  គជប​
  មេធាវី​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com