ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ថា ការបោះឆ្នោត​ប្រសើរ​ជាង​មុន តែមាន​ភាពមិនប្រក្រតី ដែល​គ​.​ជ​.​ប ត្រូវ​កែលម្អ​
26, Jun 2017 , 10:24 pm        
រូបភាព
ភ្នំពេញ​៖ ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ជុំវិញ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ នោះ គណបក្សនយោបាយ​នីមួយៗ បានចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ វាយតម្លៃ​ពី​ដំណើការ​បោះឆ្នោត​នេះ​។​



បន្ទាប់​មកនេះ​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ដំណើរការ​បោះឆ្នោត​មាន​ភាពប្រសើរឡើង​ជាង​មុន តែ​នៅមាន​ហេតុការណ៍​សំខាន់ៗ​មួយចំនួនទៀត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត​។ អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជា​បញ្ហា​ដែល​បង្ក​ឲ្យ​មាន​បរិយាកាស​មិនល្អ​សម្រាប់​ការបោះឆ្នោត​នោះ គឺ​ការហាម​មេដឹកនាំ​គណបក្ស​ខ្លួន​ចូល​ស្រុក​វិញ​, ការឃុំខ្លួន និង​បំភិតបំភ័យ​អ្នកនយោបាយ ប្រជាពលរដ្ឋ ជាដើម មុន​ការបោះឆ្នោត​។​

ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​២៦ មិថុនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានកត់សម្គាល់​ឃើញថា អំឡុងពេល​រាប់​សន្លឹកឆ្នោត មាន​ភាពមិនប្រក្រតី​មួយចំនួន ដោយ​នៅតាម​ការិយាល័យ​ខ្លះ មាន​បិទទ្វា​បង្អួត​បន្ទប់ និង​ហាម​មិន​ឲ្យ​ភ្នាក់ងារ​អង្កេត​ការណ៍​ការបោះឆ្នោត និង​ពលរដ្ឋ​ចូល​តាមដាន​ការរាប់​សន្លឹក​ទៀតផង​។ បើតាម​គណបក្ស​សង្គ្រោះ​ជាតិ ប្រធានការិយាល័យ​រាប់​សន្លឹកឆ្នោត​មួយចំនួន រាប់​សន្លឹកឆ្នោត​លឿន ហើយ​ផ្ដល់​សុពលភាព​គំនូស​គាំទ្រ​គណបក្សនយោបាយ​មាន​ភាពលម្អៀង​ផងដែរ​…​។​

តាមរយៈ​សេចក្ដីថ្លែងការណ៍​ចំនួន​៣​ទំព័រ ដែល​បាន​រៀបរាប់​ពី​បញ្ហា​ភាពមិនប្រក្រតី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) អាជ្ញាធរ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ កែលម្អ​ភាពមិនប្រក្រតី ដែលមាន​នៅក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ សម្រាប់​រៀបចំ​ដំណើការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​៕


Tag:
 CNRP
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com