ជាតិ
នយោបាយជាតិ
ទោះមើលឃើញបញ្ហាខ្លះ តែ ស.ស.យ.ក ទទួលស្គាល់លទ្ធផលបោះឆ្នោតឃុំសង្កាត់
× សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានធ្វើសេចក្តីថ្លែងការណ៍សាទរគាំទ្រការប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចុះថ្ងៃទី២៧ខែមិថុនានេះ ស.ស.យ.ក ក៏សង្កតឃើញភាពមិនប្រក្រតីមួយចំនួនដែរ ដែលកើតឡើងនៅក្នុងដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ។ ប៉ុន្តែសម្រាប់ ស.ស.យ.ក «បញ្ហាមិនប្រក្រតីទាំងនោះ មិនបានជះឥទ្ធិពលលើដំណើរការបោះឆ្នោតជារួមនោះទេ»។ ផ្ទុយទៅវិញ ស.ស.យ.ក ដែលបានដាក់អ្នកសង្កេតការណ៍ជាង៣ម៉ឺននាក់បានកត់សម្គាល់ថា រាល់បញ្ហាត្រូវបានដោះស្រាយដោយយកទុកដាក់ តាមច្បាប់ និងនីតិវិធី។
សេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរយ៉ាងដូច្នេះថា៖«ស.ស.យ.ក សូមប្រកាសគាំទ្រថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ពិតជាបានកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
គួររម្លឹកផងដែរថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីដែលកើតចេញពីការចរចានយោបាយនៃគណបក្សនៅក្នុងរដ្ឋសភាសព្វថ្ងៃ និងដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងប្រទេសជប៉ុន។
ស្ថាប័នសង្កេតការណ៍របោះឆ្នោតជាតិ និងអន្តរជាតិជាច្រើនបានវាយតម្លៃជាវិជ្ជាមាន និងថាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នេះ មានតម្លាភាពជាងលើកមុនៗ បើទោះជានៅមានបញ្ហាមួយចំនួនក៏ដោយ៕
Tag:
បោះឆ្នោតឃុំសង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com