ជាតិ
នយោបាយជាតិ
គ.ជ.ប៖ គ្មានការបោះឆ្នោតណាមួយ ដែលរៀបចំល្អឥតខ្ចោះ ១០០ភាគរយនោះទេ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
× ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ បានបញ្ចប់ទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាត់ទុកថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន សុខសន្តិភាព និងមានភាពល្អប្រសើរជាងមុន។ ទន្ទឹមនឹងនេះ គជប យល់ឃើញថា គ្មានការបោះឆ្នោតណាមួយ ដែលរៀបចំល្អឥតខ្ចោះ ១០០ភាគរយនោះទេ ទោះបីក្នុងប្រទេសអភិវឌ្ឍ ឬអារ្យប្រទេសក៏ដោយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន សុខសន្តិភាព និងមានភាពល្អប្រសើរជាងការបោះឆ្នោតមុនៗ។ ទោះបីជា គ.ជ.ប ចាត់ទុកការបោះឆ្នោតនេះ មានភាពរលូនយ៉ាងណាក៏ដោយ ប៉ុន្តែនៅក្រោយថ្ងៃដែល គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ មានមតិមួយចំនួនវាយតម្លៃអវិជ្ជមានពីដំណើរការរៀបចំការបោះឆ្នោត។
បើតាមសេចក្ដីថ្លែងការណ៍ គ.ជ.ប មានការសោកស្ដាយ ចំពោះការវាយតម្លៃ ដែលគ្មានព្រឹត្តិការណ៍ជាក់ស្ដែងមកឆ្លុះបញ្ចាំងការពិតលើទិដ្ឋភាពបច្ចេកទេស។ ការវាយតម្លៃគ្មានព្រឹត្តិការណ៍ជាក់ស្ដែងនេះ អាចធ្វើឲ្យសាធារណជនមានការយល់ច្រឡំលើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។
ជាមួយគ្នានេះ គ.ជ.ប បញ្ជាក់ថា៖ «គ្មានការបោះឆ្នោតណាមួយ ដែលរៀបចំល្អឥតខ្ចោះ ១០០ភាគរយនោះទេ ទោះបីក្នុងប្រទេសអភិវឌ្ឍ ឬអារ្យប្រទេសក៏ដោយ»។ ម្យ៉ាងទៀត គ.ជ.ប ចាត់ទុកចំណុចខ្វះខាត ដែលនៅសល់តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ ដើម្បីដោះស្រាយ និងកែលម្អ ឲ្យបានប្រសើរថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។
ទន្ទឹមនឹងនេះ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង រួមទាំងការដោះស្រាយបណ្ដឹង ទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញរបស់គណបក្សនយោបាយមួយចំនួន គ.ជ.ប អះអាងថា បានអនុវត្តត្រឹមត្រូវ តាមច្បាប់ និងនីតិវិធីបោះឆ្នោត។ គ.ជ.ប បន្ថែមថា នៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោតពុំមានពាក្យបណ្ដឹងពាក់ព័ន្ធ នឹងភាពមិនប្រក្រតីធ្ងន់ធ្ងរនៅការិយាល័យបោះឆ្នោតនោះទេ៕
Tag:
គ.ជ.ប
បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com