ជាតិ
សម្តេច ហ៊ុន សែន ស្នើ​បន្ថែម​ច្បាប់​មិន​ឲ្យ​អ្នកទោស​ភ្ជាប់​សកម្មភាព​ជាមួយ​បក្សនយោបាយ​
28, Jun 2017 , 4:39 pm        
រូបភាព
​សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋសភា ធ្វើ​វិ​សោធ​កម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ជាថ្មី​ម្តងទៀត​។ គំនិត ក្នុង​ការធ្វើ​វិសោធនកម្ម​លើក​នេះ គឺ​ដើម្បី​ទប់ស្កាត់​អ្នកទោស​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជាមួយ​គណបក្ស​នយោបាយ​។  អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មិន​គាំទ្រ​ការផ្តួចផ្តើម​នេះឡើយ​។​



​សម្តេច ហ៊ុន សែន បាន​យក​វេទិកា​នៃ​ការ​ប្រារព្ធ​ខួប​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ថ្លែង​សារ​នយោបាយ​ធ្ងន់​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​គឺ​ទៅ​លោក សម រង្ស៊ី​។ ឈរ​ពីលើ​វេទិកា នៅ​ចំពោះមុខ​អ្នកគាំទ្រ សកម្មជន និង​សមាជិក​ជាន់ខ្ពស់​ជាច្រើន​ពាន់​នាក់ សម្តេច ហ៊ុន សែន ចង់​ឲ្យ​រដ្ឋសភា​បន្ថែម​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​ការមិន​អនុញ្ញាត​ឲ្យ​អ្នកទោស ឬ​ទណ្ឌិត អាចធ្វើ​សកម្មភាព​នយោបាយ​តាមរយៈ​គណបក្សនយោបាយ​មួយណា​ឡើយ​។

​ប្រធាន​គណបក្សកាន់អំណាច បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​តើ​អ្នកទោស មាន​សិទ្ធិ ដើម្បី​ផ្សារភ្ជាប់​ខ្លួន ជាមួយ​គណបក្សនយោបាយ​ឬទេ​? ខ្ញុំ​ស្នើ​ឲ្យ​សមាជិក​-​សមាជិកា​រដ្ឋសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិ​សោធក​ម្ម លើ​ច្បាប់​ស្តី​គណបក្ស [​ដើម្បី​] កុំ​ឲ្យ​អ្នកទោស ធ្វើ​សកម្មភាព​តាមរបៀប​នេះ​។  យើង មិន​ខ្លាច​អ្នក​ទេ​។ ក៏ប៉ុន្តែ យើង មិន​ចង់​ឲ្យ​អ្នក មក​ច្របូកច្របល់​ជាមួយនឹង​អ្វី ដែលជា​សមិទ្ធផល​រប​ស់​ប្រទេសជាតិ​»​។​

​សារ​នយោបាយ​នេះ​ត្រូវបាន​សម្តេច ហ៊ុន សែន លើកឡើង​នៅក្រោយពី​សម្តេច​អាន​សុន្ទរកថា​កម្រាស់​៧​ទំព័រ​ដែល​រំលេច​ពី​ការកកើត និង​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើលមិនឃើញ​ពី​គុណសម្បត្តិ​ដែល​អាច​លេច​ចេញពី​គំនិត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​តាម​ការស្នើ​របស់​ប្រមុខ​រដ្ឋាភិបាល​នោះឡើយ​។ សម្រាប់​លោក ចន្ថា ប្រសិនបើ​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ ត្រូវបាន​តាក់តែង​មែន​នោះ វា​គឺជា​រឿង​គ្រោះថ្នាក់​សម្រាប់​អ្នកនយោបាយ​នៅ​កម្ពុជា​។ លោក និយាយ​ដូច្នេះ​ថា​៖«​យើង​ដឹង​ហើយ​ថា តុលាការ​នៅ​កម្ពុជា មិនទាន់​ឯករាជ្យ​ពេញលេញ​ទេ​។ ដូច្នេះ អ្នកនយោបាយ ងាយ​នឹងរង​ការចោទប្រកាន់​ពី​តុលាការ​ណាស់​»​។

​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​រូបនេះ យល់ថា គោលបំណង​នៃ​ការបង្កើត​ច្បាប់​នេះ ប្រហែលជា​ចង់​ទប់ស្កាត់​លោក សម រង្ស៊ី ក្នុង​ការធ្វើសកម្មភាព​ផ្នែក​នយោបាយ ដែល​នាំ​ឲ្យ​មាន​ផលចំណេញ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក សង្កត់ធ្ងន់ថា ទោះ​មានឈ្មោះ​ជា​អ្នកទោស ហើយ​ស្ថិត​នៅឯ​ក្រៅប្រទេស​ក៏ពិតមែន តែ​សកម្មភាព​របស់លោក សម រង្ស៊ី តាម​រូបភាព​ណាមួយ ដូចជា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាដើម នៅតែមាន​ឥទ្ធិពល​មកលើ​ឆាកនយោបាយ​នៅ​កម្ពុជា និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋសភា កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ហើយ​គេ ក៏​អាច​មើលឃើញ​ដែរ​ថា លោក សម រង្ស៊ី គឺជា​ដើមហេតុ ដែល​នាំ​ឲ្យ​សម្តេច ហ៊ុន សែន ប្រកាសកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទាំងពីរ​លើក​នេះ​។ លើកទីមួយ ក្រោយ​លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កាត់ទោស ការតាក់តែង​ច្បាប់ ដែល​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត ក្លាយជា​ប្រធាន​គណបក្ស ឬក៏​ក្លាយជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ណាមួយ ក៏បាន​កើតឡើង កាលពីដើមឆ្នាំ​២0១៧​។​

​ថ្វីបើ​ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​ក៏ដោយ តែ​លោក សម រង្ស៊ី ពិតជា​ទៅណា​មិន​ឆ្ងាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ នោះទេ​។ លោក បាន​បង្ហោះ​វីដេអូ​ឃ្លី​ប និង​សារ​ជាច្រើន លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​សុំ​ឲ្យ​ប្រជាពលរដ្ឋ បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​អំឡុង​នៃ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ ដែល​ទើបនឹង​បញ្ចប់​ក្នុងពេល​ថ្មីៗ​នេះ​។ 

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​ជា​ឧបករណ៍ ដែល​លោក សម រង្ស៊ី ប្រើប្រាស់ ដើម្បី​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ម្តង​ម្តា​ល​ដែរ​។ ការវាយប្រហារ​របស់​លោក សម រង្ស៊ី តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ចេញមុខ​ប្រតិកម្ម​ជា​ញឹកញាប់​៕


Tag:
 ច្បាប់​នយោបាយ​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com