ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​អ្វី​ទៅជា​បន្ទប់​ស្ថានការណ៍​?
28, Jun 2017 , 8:32 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទប់​ស្ថានការណ៍​ដែលជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​៤០ បាន​ចេញមុខ​ពន្យល់​សាធារណជន​អំពី​គោលបំណង និង​សកម្មភាព​របស់ខ្លួន បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួងមហាផ្ទៃ ពិនិត្យ​ផ្លូវច្បាប់​លើ​សកម្មភាព​របស់​ពួកគេ​។

 
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​បន្ទប់​ស្ថានការណ៍ បាន​ឲ្យ​ដឹងថា បន្ទប់​ស្ថានការណ៍ គឺជា​វេទិកា​អ​ព្យា​ក្រឹត្យ​ឥត​លំអៀង ដែល​រៀបចំ និង​ចាត់ចែង​ដោយ គណៈកម្មាធិការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ ខុមហ្វ្រែល និង​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និ​ច​ហ្វិ​ច ដែលមាន​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​អង្គការ​សមាគម​ចំនួន​៤០​ទៀត​។ 
 
​បន្ទប់ស្ថានការណ៍​បាន​បញ្ជាក់ថា គោលបំណង​សហការ​​រួមគ្នា​នេះ ដើម្បី​ប្រមូល​ធនធាន បង្កើន​សមត្ថភាព និង​រួមចំណែក​សហការ​ជាមួយ​មូលនិធិ​ឬ​គាំទ្រ ដល់​ដំណើរ​ផែនការ​ដាក់ពង្រាយ​អ្នកសង្កេតការណ៍​ក្នុងស្រុក ក្នុង​ថ្ងៃ​បោះឆ្នោត ដើម្បី​ចែករំលែក និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ទាក់ទង​ការបោះឆ្នោត ដោយមាន​ការវាយតម្លៃ​និង​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​ប៉ុណ្ណោះ​។ 
 
​បន្ថែម​ពីនេះ​អង្គការ​ខុមហ្វ្រែល និង​និ​ច​ហ្វិ​ច បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍ នៅក្នុង​ថ្ងៃ​បោះឆ្នោត ដោយមាន​ការទទួលស្គាល់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​(​គ​.​ជ​.​ប​)​។ នេះ​បើតាម​សេចក្តីប្រកាស​ដដែល​។​
 
​ការចេញលិខិត​បកស្រាយ​របស់​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​នេះ ធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ត្រួតពិនិត្យ​តាមផ្លូវ​ច្បាប់​ទៅលើ​ស្ថាប័ន​មួយ​នេះ ដែល​បាន​វាយតម្លៃ​លើ​ការបោះឆ្នោត​កន្លងមក​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ការវាយតម្លៃ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ជាការ​បង្ក​ឲ្យ​មាន​ភាព​អាប់អួរ​ក្នុង​ដំណើរការ​បោះឆ្នោត​៕
 
 

Tag:
 ​បន្ទប់​ស្ថានការណ៍​
 ​សង្គម​ស៊ីវិល​
© រក្សាសិទ្ធិដោយ thmeythmey.com