អន្តរជាតិ
ប្រា​យុទ្ធ បញ្ជា​ឲ្យ​កែ​បញ្ញត្តិ​គ្រប់គ្រង​ពលករ​បរទេស​វិញ ព្រោះ​ខ្លាច​បាត់បង់​កម្លាំង​ពលកម្ម​
30, Jun 2017 , 9:39 pm        
រូបភាព
ពលករបរទេសដែលត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួន (រូបភាព The Nation)
ពលករបរទេសដែលត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួន (រូបភាព The Nation)
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ​ពិនិត្យ​ក្រឹត្យ​រដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​ពលករ​បរទេស​ឡើងវិញ បន្ទាប់ពី​លោក​រកឃើញថា​បញ្ញត្តិ​ថ្មី​នេះ​មាន​លក្ខណៈ​តឹងតែង​ពេក ដែល​បង្ក​ការលំបាក​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​។ ក្រឹត្យ​ថ្មី​នេះ ដែល​ចូល​ធរមាន​តាំងពី​ថ្ងៃទី ២៣ ខែមិថុនា បានចែង​ពី​ការដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទាំង​ពលករ​បរទេស​ខុសច្បាប់ និង​ម្ចាស់​ក្រុមហ៊ុន​ថៃ ពេល​ប្រព្រឹត្ត​ខុស​។ ក្រុម​និយោជក​ថៃ​ខ្លះទៀត​ក៏​រិះគន់ថា បញ្ញត្តិ​ថ្មី​នេះ​ត្រូវ​រដ្ឋាភិបាល​អនុវត្ត​លឿន​ពេក​។​



​បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស​នៅ​ថៃ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​ការអនុវត្ត​ក្រឹត្យ​របស់​រដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​ពលករ​បរទេស ដែលមាន​គោលដៅ​រឹតបន្តឹង​ការជួល​ពលករ​បរទេស​ឲ្យ​បំពេញការងារ​ផ្សេងៗ ហើយ​ពួកគេ​ព្រួយបារម្ភ​ថា​បញ្ហា​កង្វះ​ពលករ​នឹង​កើតឡើង​មិន​ខាន​។ ទំនង​ដោយសារ​ហេតុនេះ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បង្គាប់​ឲ្យ​ក្រសួង​ការងារ​ចាត់វិធានការ​បន្ទាន់​ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​កើតចេញពី​ការអនុវត្ត​បញ្ញត្តិ​ថ្មី​នេះ​។​

​លោក Varanon Peetiwan មន្ត្រី​នៅ​ក្រសួង​ការងារ​និយាយថា លោក ប្រា​យុទ្ធ បាន​ប្រាប់​ឲ្យ​ក្រសួង​រក​វិធីសាស្ត្រ​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​បញ្ញត្តិ​ហាក់ដូចជា​តឹងតែង​ពេក​សម្រាប់​ការអនុវត្ត​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ ក៏បាន​ព្រមាន​មន្ត្រី​អនុវត្ត​ច្បាប់​មិន​ឲ្យ​កេងចំណេញ​លើ​ច្បាប់​ថ្មី​ឡើយ ហើយក៏​មិនត្រូវ​ស្វែងរក​ផលប្រយោជន៍​ពី​ការអនុវត្ត​ប​ញ្ញ​តិ​នេះ​ទេ ព្រោះ​ពួកគេ​នឹងត្រូវ​រង​ពិន័យ​ធ្ងន់ធ្ងរ ។

​ក្រឹត្យ​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹង​រ៉ឺ​ង ដែល​ចូល​ជាធរ​មាននៅ​សប្ដាហ៍​មុន មាន​គោលដៅ​ត្រួតពិនិត្យ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ក៏ដូចជា​ពលករ​បរ​ទេស​ដែល​កំពុងធ្វើការ​ខុសច្បាប់​នៅ​ថៃ​ដែរ​។ បញ្ញត្តិ​ថ្មី​នេះ​ចែងថា​ជនជាតិ​ថៃ​ដែល​ជួល​ពលករ​បរទេស​ខុសច្បាប់ ត្រូវ​រង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​សម្រាប់​ពលករ​បរ​ទេស​ម្នាក់ ចំណែក​ជនបរទេស​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អាច​រង​ពិន័យ​ដល់​ទៅជិត​៣​ពាន់​ដុល្លារ និង​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ​។​

​យ៉ាងណាក្ដី អំឡុងពេល​បី​បួន​ខែ​ដំបូង​នៃ​ការអនុវត្ត​ក្រឹត្យ​នេះ អាជ្ញាធរ​ថៃ​នឹង​អនុញ្ញាត​ឲ្យ​ពលករ​បរទេស​ខុសច្បាប់​ទាំងអស់​បំពេញ​ឯកសារ​ផ្លូវច្បាប់​សិន​។ បើតាម​លោក Varanon និយោជក​ថៃ​ត្រូវ​អនុញ្ញាត​កម្មករ​របស់​ខ្លួន​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​ដើម្បី​យក​លិខិតឆ្លងដែន ទិដ្ឋាការ និង​ចុះឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​សុំច្បាប់​អនុញ្ញាត​ស្វែងរក​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​។ ថៃ មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា ក៏បាន​កិច្ចព្រមព្រៀង​លើ​ដំណើរការ​ចុះឈ្មោះ​នេះ​រួចហើយ​។​

​អំឡុង​ពេលនេះ ក្រុមហ៊ុន​ថៃ ដែលមាន​បញ្ហា​កង្វះ​ពលករ អាច​ជួល​ជនជាតិ​ថៃ​ជំនួស​ពលករ​ដែល​ត្រូវ​ត្រឡប់​ទៅ​ស្រុកកំណើត​បាន​។ បើតាម​របាយការណ៍​ក្រសួង​ការងារ​ថៃ មាន​ជនជាតិ​ថៃ​ចន្លោះ​ពី​៦​ពាន់​នាក់ ទៅ​៧​ពាន់​នាក់ បានដាក់​ពាក្យ​ស្វែងរក​ការងារ​។ ដូច្នេះ ក្រុមហ៊ុន ឬ​សហគ្រាស​ទាំងឡាយ​អាច​ជួល​ពួកគេ​បាន ទោះជា​ការងារ​ទាំងនោះ​មិនមែន​ទុក​សម្រាប់​ជនជាតិ​ថៃ​ក៏ដោយចុះ​។ បច្ចុប្បន្ននេះ ជនបរទេស​ជាង​មួយ​លាន​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើការ​បណ្ដោះអាសន្ន​នៅលើ​ទឹកដី​ថៃ តែ​ពួកគេ​ត្រូវ​ចុះឈ្មោះ​ដើម្បី​សុំ​ការអនុញ្ញាត​ដើម្បី​អាចធ្វើ​ការងារ​ដោយ​ស្របច្បាប់​៕   


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com