ជាតិ
មន្ត្រី​អាដហុក​បួនរូប​ដែល​ទើប​ចេញពី​ពន្ធនាគារ មិនទាន់​អាចធ្វើ​ការ​បានទេ ព្រោះ​បញ្ហា​សុខភាព​
03, Jul 2017 , 2:18 pm        
រូបភាព
ពីឆ្វេងទៅ​ស្តាំ៖ លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និងអ្នក​ស្រី លឹម មុនី
ពីឆ្វេងទៅ​ស្តាំ៖ លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និងអ្នក​ស្រី លឹម មុនី
​ភ្នំពេញ​៖ មន្ត្រី​សមាគម​អាដហុក​ទាំង​បួនរូប ដែល​ទើប​រួច​ផុតពី​ការឃុំ​ឃាំង​អស់​រយៈពេល​ជាង​មួយឆ្នាំ ដោយសារតែ​រឿងអាស្រូវ​ស្រីមុំ មិនទាន់​អាច​ចូល​បំពេញការងារ​ក្នុង​ស្ថាប័ន​ខ្លួន​វិញ​នោះទេ​។ នេះ​ជាការ​អះអាង​របស់លោក សំ ច័ន្ទ​គា អ្នកនាំពាក្យ​សមាគម​អាដហុក​។



​តាមរយៈ​ប្រព័ន្ធ​ទូរ​សព្ទ លោក សំ ច័ន្ទ​គា បាន​និយាយថា មូលហេតុ​តែមួយគត់ ដែល​អ្នក​ទាំង​បួន នៅ​មិនទាន់​អាច​ចូល​បំពេញការងារ គឺ​បញ្ហា​សុខភាព​។ លោក និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ពួកគាត់ សុទ្ធ​តែមាន​បញ្ហា​សុខភាព​។ ដូច្នេះ ពួកគាត់ មិនទាន់​អាច​ចូលធ្វើការ​ជាធម្មតា​ទេ​។ សមាគម​អាដហុក ឲ្យ​ពួកគាត់​ទៅពិនិត្យ​សុខភាព​សិន​។ បើ​ពេទ្យ ឲ្យ​ពួកគាត់ ត្រូវ​សម្រាក​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ចូលធ្វើការ​វិញ​នៅពេលណា សមាគម​នឹងធ្វើ​តាម​បញ្ជា​របស់​ពេទ្យ​»​។​

​លោក សំ ច័ន្ទ​គា បាន​បន្តថា ថ្វី​ដ្បិត​មិនទាន់​អាច​ចូល​បំពេញការងារ​ជា​ផ្លូវការ​ក្តី តែ​ក្រោយ​រួច​ផុតពី​ការឃុំ​ឃាំង អ្នក​ទាំង​បួន ឧស្សាហ៍​មាន​វត្ត​មាននៅ​សមាគម​អាដហុក ដើម្បី​ជួប​ប្រជាពលរដ្ឋ ពី​សហគមន៍​នានា នៅតាម​បណ្តា​ខេត្ត ដែល​ទៅ​សួរ​ទុក្ខ​ពួកគាត់​។ ក្រោយពី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រួចហើយ អ្នក​ទាំង​បួន ក៏​ត្រឡប់​ទៅ​ថែទាំ​សុខភាព​វិញ​។

​លោក នី សុខា មន្ត្រី​អាដហុក​មួយរូប ដែល​បាន​ជាប់ឃុំ​ព្រោះ​រឿងអាស្រូវ​ស្រីមុំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រសិនបើ​សុខភាព មាន​ភាពល្អប្រសើរ  លោក អាច​នឹង​ចូលធ្វើការ​វិញ នៅ​សប្តាហ៍​ក្រោយ​។ លោក នី សុខា ប្រាប់ថា លោក​មាន​បញ្ហា​សុខភាព​ជាច្រើន​ផ្នែក ដែល​ត្រូវ​ព្យាបាល ដូចជា​ខ្វះ​ជាតិ​ស្ករ ខ្វះ​ឈាម និង​រលាក​តម្រង់​នោម ជាដើម​។ មន្ត្រី​អាដហុក​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ត្រូវ​ពិនិត្យ​សុខភាព​សិន​។ បើ​ពេទ្យ ថា​អាច​ចូលធ្វើការ​បាន​នៅពេលណា ខ្ញុំ​នឹង​ចូលធ្វើការ​នៅពេលនោះ​»​។​

​មន្ត្រី​អាដហុក​បី​រូប​ទៀត ដែល​បាន​ជាប់ឃុំ​ព្រោះ​រឿងអាស្រូវ​ស្រីមុំ ដែរនោះ គឺ​លោក យី សុខសាន្ត លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី​។ នៅមាន​លោក នី ចរិយា មួយរូប​ទៀត ដែលជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏បាន​ជាប់ឃុំ ជាមួយ​មន្ត្រី​អាដហុក​ទាំង​៤​រូប នៅក្នុង​សំណុំរឿង នេះ​ផងដែរ​។​

​ក្រោយ​រួច​ផុតពី​ការឃុំ​ឃាំង រហូតមកដល់​ពេលនេះ លោក នី ចរិយា ក៏​មិនទាន់​បញ្ជាក់​បានដែរ​ថា លោក នឹង​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​គ​.​ជ​.​ប វិញ នៅពេលណា​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក នី ចរិយា បាន​ប្រាប់​តាម​ទូរ​សព្ទ​យ៉ាងខ្លី លោក កំពុងតែ​ស្ថិតក្នុង​កិច្ចប្រជុំ​មួយ ដូច្នេះ​មិនអាច​និយាយ​អ្វី​បានឡើយ​។

​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២0១៧ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ដំណោះស្រាយ ដើម្បី​ឲ្យ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប រស់នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ អ្នក​ទាំង​ប្រាំ បាន​ជាប់ឃុំ តាំងពី​ចុងខែ​មេសា ឆ្នាំ​២0១៦​មកម្ល៉េះ​។

​តាម​ការរកឃើញ​រប​ស់​តុលាការ​កន្លងមក អ្នក​ខាងលើ បាន​ជាប់​ពាក់ព័ន្ធ​ការ​សូកប៉ាន់​ប្រា​ក់ជាង​២00​ដុល្លារ ដល់​នារី​ម្នាក់ ឈ្មោះ​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។ នៅក្នុង​សំណុំ​រង​នេះ មន្ត្រី​អាដហុក​ទាំង​បួនរូប ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​អគ្គលេខាធិការរង​រប​ស់គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»៕
 

Tag:
 អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com