ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
យានយន្តត្រូវចៀសគ្នាដូចម្តេច នៅលើផ្លូវ ឬស្ពានតូចចង្អៀត?
× នៅលើផ្លូវតូចចង្អៀត អ្នកបញ្ជាយានយន្ដគ្រប់ប្រភេទត្រូវចៀសគ្នាដោយប្រកាន់ស្ដាំរៀងៗខ្លួន។ នៅលើផ្លូវតូចដែលមានតែយានមួយអាចបើកបរបាន និងមានកន្លែងចៀសគ្នាតែមួយ យានណាដែលមកដល់កន្លែងចៀសនោះមុន ត្រូវឈប់ចាំនៅកន្លែងចៀសនោះ ទុកឲ្យយានផ្សេងទៀតទៅមុន។ ចំពោះយានប្រភេទខុសគ្នា យានយន្តតូច ត្រូវថយក្រោយ ទុកឲ្យយានយន្តធំទៅមុន។ ក្នុងករណីចៀសគ្នានៅផ្លូវតូចចង្អៀត រវាងយានដឹកអ្នកដំណើរ និងយានដឹកទំនិញ យានដឹកទំនិញត្រូវថយក្រោយ ទុកឲ្យយានដឹកអ្នកដំណើរទៅមុន។ នៅលើស្ពានតូចចង្អៀត យានធំ ត្រូវទុកសិទ្ធិឲ្យយានធុនស្រាលទៅមុន។
មាត្រា២០ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីចែងថា អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាប្រកាន់ស្ដាំដៃរៀងៗខ្លួន។ ពេលជៀសគ្នានៅលើផ្លូវចង្អៀត ឬនៅលើផ្លូវដែលមានគ្រោះថ្នាក់ អ្នកបើកបរត្រូវបន្ថយល្បឿនរៀងៗខ្លួន ហើយក្នុងករណីចាំបាច់ យានទាំងពីរត្រូវឈប់។
បើយានយន្តប្រភេទដូចគ្នា យានមួយណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវ ដោយលើកដៃ ឬស៊ីផ្លេ(ពេលថ្ងៃ) ឬប្រើភ្លើងហ្វាកូត(ពេលយប់) ហើយរង់ចាំយានជំនិះពីមុខ បញ្ចេញសញ្ញាយល់ព្រមឲ្យទៅមុន ទើបធ្វើដំណើរទៅបាន។
ពេលចៀសគ្នានៅលើផ្លូវតូចដែលយានតែមួយអាចបើកបរបាន និងមានកន្លែងតែមួយដែលអាចចៀសគ្នាបាន យានជំនិះដែលមកដល់កន្លែងចៀសនោះមុន ត្រូវឈប់រងចាំកន្លែងចៀសនោះសិន ទុកឲ្យយានជំនិះមួយទៀតចៀសស្រួល។
មាត្រាដដែល បញ្ជាក់ទៀតថា ក្នុងករណីទ្រូងផ្លូវចង្អៀត មិនអាចជៀសគ្នាបាន ចាំបាច់ត្រូវមានយានជំនិះណាមួយថយក្រោយ។ ចំពោះយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវ និងត្រូវមានសញ្ញាយល់ព្រមពីយានមួយទៀត។ យានមានសណ្ដោង និងយានធុនធ្ងន់ មានអាទិភាពលើផ្លូវតូចចង្អៀត ពោលយានគ្មានសណ្ដោង និងយានធុនស្រាន ត្រូវថយក្រោយ ពេលជួបប្រសព្វគ្នានៅលើផ្លូវ ឬស្ពានតូចចង្អៀត។
ក្នុងករណីចៀសគ្នាលើផ្លូវចោទ ហើយចង្អៀត យានជំនិះចុះចំណោតត្រូវឈប់ ទុកឲ្យយានជំនិះឡើងចំណោតទៅមុន ហើយក្នុងការចៀសគ្នានេះដែរ យានជំនិះណាមើលឃើញថាចំណែកផ្លូវរបស់ខ្លួនមាន ឧសគ្គ ដូចជាផ្លូវខូច ឬយានជំនិះឈប់ស្ងៀម យានជំនិះនោះត្រូវឈប់ ទុកឲ្យយានមួយទៀតទៅមុន។
នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្ដមួយគ្រឿង យានយន្ដធុនធំ ត្រូវទុកសិទ្ធិឲ្យយានធុនស្រាលទៅមុន។ មុនពេលចៀសគ្នានៅពេលយប់ក្រៅទីប្រជុំជន ហើយគ្មានចង្អៀងអគ្គិសនី យានជំនិះទាំងពីរត្រូវបិទភ្លើងហ្វា រួចបើកភ្លើងកូតវិញ៕
Tag:
ច្បាប់ចរាចរណ៍
ផ្លូវតូចចង្អៀត
© រក្សាសិទ្ធិដោយ thmeythmey.com