ជាតិ
សភា​បន្ថែម​ខ្លឹមសារ​ថ្មី​៣​ចំណុច​ទៀត ដែល​ហាម​អ្នកទោស​ធ្វើ​សកម្មភាព​ជាមួយ​បក្សនយោបាយ​
06, Jul 2017 , 10:59 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៦ កក្កដា​នេះ គណកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានសម្រេច​ទទួលយក​សំណើរ​បន្ថែម​ខ្លឹមសារ​ថ្មី​ចូលទៅក្នុង​ច្បាប់ ស្តីពី​គណបក្សនយោបាយ របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពេញ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​លើ​ខ្លឹមសារ​ច្បាប់​នេះ នៅ​ថ្ងៃទី​១០ កក្កដា​។​



​ខ្លឹមសារ​ថ្មី ដែល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ស្នើសុំ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ មាន​បន្ថែម​៣​ចំណុច​ទៀត ត្រង់​មាត្រា​៦ ដែលមាន​ចំណុច​៥​ហើយ​នោះ រួមមាន​៖ ទី​១ គណបក្សនយោបាយ​មិនត្រូវ​ធ្វើ​សកម្មភាព​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ស​ម្រា​ប់​គណបក្ស​របស់ខ្លួន ។ ទី​២ មិនត្រូវ​យល់ព្រម​ដោយ​ចំហរ ឬ​ដោយ​តី​ណ្ហ​ភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​មជ្ឈិម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​ស​ម្រា​ប់​គណបក្ស​របស់ខ្លួន និង​ទី​៣ មិនត្រូវ​គាំទ្រ ឬ​រៀបចំ​ផែនការ ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង​និង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មានចែង​ពី​ចំនុច​ទី​១ ដល់​ចំណុច​ទី​៥​ខាងលើ​ឡើយ​។

​សម្រាប់​ទោសទណ្ឌ​ដល់​គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ ត្រូវ​បានចែង​នៅក្នុង​មាត្រា​៤៤​ថ្មី (​ពីរ​) ចែងថា ដោយ​មិនទាន់​គិតពី​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦​ថ្មី (​ពីរ​)​នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តុលាការ​អាច​សម្រេច ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ មិន​លើសពី​៥​ឆ្នាំ ឫ​អាចរំលាយ​គណបក្ស​នោះ​។​

​ត្រង់ចំណុច​នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​គាំទ្រ​ចំពោះ​ខ្លឹមសារ​ថ្មី​បន្ថែម​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះឡើយ ដោយ​ពួកគេ​ចាត់ទុកថា​ខ្លឹមសារ​ថ្មី​នេះ រឹតតែ​ដាក់​កំហិត​រិត​ត្បិត​សិទ្ធិសេរីភាព​គណបក្សនយោបាយ​។​

​សូមបញ្ជាក់ថា នៅ​ដើមឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​រដ្ឋសភា កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ម្តង​រួចទៅហើយ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកទោស ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្នុង​គណបក្ស​ណាមួយ​៕


Tag:
 ​រដ្ឋសភា​
  CPP
 ​ ច្បាប់​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com