ជាតិ
សេដ្ឋកិច្ច
CMA គ្រោង​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​ចុង​ឆ្នាំនេះ​
06, Jul 2017 , 4:25 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើតាម​ការ​ថ្លែង​របស់​ថ្នាក់ដឹកនាំ CMA នៅក្នុង​សន្និសីទកាសែត​ជុំវិញ​ស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​៥​ខែកក្កដា​។​



​លោក ប៊ុន មុនី ទីប្រឹក្សា​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិថី បាន​ឲ្យ​ដឹងថា CMA កំពុង​កៀងគរ​អ្នក​វិនិយោគិន ដែលជា​សមាជិក CMA ជា​អាទិភាព ដើម្បី​បង្កើត​វិទ្យាស្ថាន​បំពាក់បំប៉ន​សមត្ថភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​គ្រោង​ចាប់ផ្ដើម​វិនិយោគ​នៅមុន​បំណាច់​ឆ្នាំ​២០១៧​នេះ​។

​លោក ប៊ុន មុនី បញ្ជាក់ថា វិទ្យាស្ថាន​នេះ​នឹង​បើក​បង្រៀន​ដល់​អ្នក​ដែល​បានបញ្ចប់​ថ្នាក់​បរិ​ញ្ញ​ប​ត្រ ដើម្បី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​អ្នក​ទាំងនោះ​លើ​វិស័យ​ហិរញ្ញវត្ថុ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​អ្នក​ចូលរៀន​ទាំងនោះ​ភាគច្រើន គឺ​បញ្ចប់​មហាវិទ្យាល័យ ហើយ​ពួកគាត់​មក​បំពេញបន្ថែម​នៅ​វិទ្យាស្ថាន​នេះ ៣​ខែ ឬ​៦​ខែ​ជាដើម ដេ​ល​ធ្វើ​ឲ្យ​គាត់​យល់​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​អាចធ្វើ​កិច្ចការ​ក្នុង​វិស័យនេះ​បាន​»​។​

​ការបង្កើត​វិទ្យាស្ថាន​នេះ ត្រូវការ​ដើមទុន​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​ក្នុង​ជំហាន​ដំបូង ប៉ុន្តែ​បើ​ត្រូវមាន​អគារ​ផ្ទាល់ខ្លួន​នោះ​ដើមទុន​នឹង​ឡើងដល់​ពីរ​បី​លាន​ដុល្លារ​។ នេះ​បើតាម លោក ប៊ុន មុនី ។​

​លោក ប៊ុន មុនី បាន​បញ្ជាក់ថា CMA បាន​គិតគូរ​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយៗ​ថ្មីៗ​នេះ CMA បាន​ជួល​អ្នកជំនាញ​ពី​ប្រទេស​ឥណ្ឌា​ឲ្យ​សិក្សា​វាយតម្លៃ​គម្រោង​មួយ​នេះ​។ លោក ប៊ុន មុនី បន្ថែមថា អ្នកជំនាញ​បាន​វាយតម្លៃ​ជា​វិជ្ជមាន​លើ​គម្រោង​នេះ ដែល​នឹង​ឆ្លើយ​តម្រូវការ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​លើ​ទីផ្សារ​កម្ពុជា​៕


Tag:
 មីក្រូហិរញ្ញវត្ថុ​
  ប៊ុន មុនី​
  CMA
© រក្សាសិទ្ធិដោយ thmeythmey.com