ជាតិ
អាជ្ញាធរ​សៀមរាប​ចេញ​វិធានការ​ថ្មី​រំដោះ​ចិញ្ចើមផ្លូវ និង​រៀប​សណ្តាប់ធ្នាប់​នៅ​ផ្លូវ​ផាប់​ស្ទ្រី​ត​
07, Jul 2017 , 2:12 pm        
រូបភាព
ចរាចរណ៍នៅផ្លូវផាប់ស្រ្ទីត ក្រុងសៀមរាប។ រូបថត អ៊ីសា រ៉ហានី
ចរាចរណ៍នៅផ្លូវផាប់ស្រ្ទីត ក្រុងសៀមរាប។ រូបថត អ៊ីសា រ៉ហានី
​សៀមរាប​៖ អាជ្ញាធរ​ខេត្តសៀមរាប បានចេញ​នូវ​វិធានការ​ថ្មី​ច្រើន​ចំណុច ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ និង​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​តំបន់​ផ្លូវ​ផាប់​ស្ទ្រី​ត​។ តំបន់​ផាប់​ស្ទ្រី​ត ជាទី​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដើរ​កម្សាន្ត​នាពេល​រាត្រី និង​តែងមាន​ចរាចរណ៍​ចង្អៀត ពិសេស​ពេល​មានបុណ្យ​ទាន​ធំៗ ដូចជា​ចូលឆ្នាំ អុំទូក និង​ឆ្លង​ឆ្នាំ​សកល​ជាដើម​។​



​តាម​សេចក្តីណែនាំ ស្តីពី​«​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​សុវត្ថិភាព នៅ​តំបន់​ផាប់​ស្ទ្រី​ត​» រដ្ឋបាល​ខេត្តសៀមរាប​បានដាក់​វិធានការ​សំខាន់ៗ​មួយចំនួន ដែល​រួមមាន ទី​១ ការចត​យានយន្ត​គ្រប់​ប្រភេទ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គំនូស​សញ្ញា​ចរាចរណ៍​លើផ្លូវ​ផ្លាកសញ្ញា​ចរាចរណ៍ និង​ការចង្អុលបង្ហាញ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បានកំណត់​។ ទី​២ ម្ចាស់​អាជីវកម្ម និង​បុគ្គលិក ត្រូវ​ដាក់លក់​របស់រ​បរ និង​ចត​យានយន្ត​នៅ​ទីតាំង​កម្មសិទ្ធិ​ផ្ទាល់ខ្លួន មិនត្រូវ​រំលោភ ឬ​ប្រើប្រាស់​ចំណីផ្លូវ​រដ្ឋ​ឡើយ​។ ទី​៣ បិទ​ចរាចរណ៍​លើផ្លូវ​លេខ​៧ ដល់​លេខ​១១ និង​កំណាត់​ផ្លូវ​លេខ​៨ ចាប់ពី​ម៉ោង ៦​ល្ងាច ដល់​ម៉ោង​១១​យប់ ដើម្បី​ទុក​ផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​។​

​ទី កម្លាំង​សមត្ថកិច្ច​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ក្រុង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ឈរជើង​ប្រចាំការ និង​ស​ម្រូ​ល​ចរាចរណ៍ និង​រៀបចំ​ផ្លូវ​ថ្មើ​ជើង​។​ល​។ ទី​៥ អង្គភាព​អគ្គិសនី​សៀមរាប ត្រូវ​ចាត់​មន្ត្រី​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ និង​រៀបចំ​ប្រព័ន្ធ​បណ្តាញ​ខ្សែភ្លើង​ឡើងវិញ​។ ទី​៦ រដ្ឋបាល​ក្រុង សហការ​ជាមួយ​មន្ទីរជំនាញ ត្រូវ​រៀបចំ និង​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​ការលើក​ស្លាក​យីហោ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​គុណភាព​ចំណីអាហារ​។​

​ចំណុច​ទី​៧ មន្ទីរ​បរិស្ថាន និង​មន្ទីរ​សាធារណការ ត្រូវ​សហការគ្នា​គ្រប់គ្រង​កាកសំណល់​រាវ និង​រឹង​ឲ្យ​បានល្អ​ប្រសើរ​។ ទី​៨ ការ​បំពង​សម្លេង ត្រូវ​អនុវត្តតាម​ស្តង់ដា​បច្ចេកទេស​របស់​ក្រសួងបរិស្ថាន​។ និង​ទី​៩ ក្នុងករណី​អសកម្ម និង​មាន​ការទារ​កំរៃ​ក្រៅ​សេវា​ពី​ម្ចាស់​អាជីវកម្ម​ដោយ​មិន​ស្របច្បាប់ .​ល​. ត្រូវ​ទាក់ទង​ទៅខាង​សេនាធិការ ស្នងការ​នគរបាល​ខេត្ត តាមរយៈ​លេខ​ទូរ​សព្ទ ០៩៥ ៤៤ ៤៤ ១៥ នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត ០១១ ៨៧ ៦៣ ៩៣ ឬ​តាម​ហ្វេ​ស​ប៊ុ​ក​អភិបាលខេត្ត លោក ឃឹម ប៊ុន​សុង  «Khim Bunsong, Siem Reap Governor» និង​ផេ​ករ​បស់ រដ្ឋបាលខេត្ត «Siem Reap Provincial Hall» ឬ​តាម​ប្រអប់​គណនេយ្យភាព​នានា​។​

​លិខិត​ចុះ​ថ្ងៃទី​៣ ខែកក្កដា ច របស់​រដ្ឋបាល​ខេត្តសៀមរាប​នេះ​ធ្វើឡើង ដោយសារ​កន្លងមក អាជ្ញាធរ​បាន​សង្កេតឃើញ​ថា មាន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និង​អ្នកបើកបរ​ខ្លះ បាន​រំលោភ​លើ​ចំណីផ្លូវ និង​ចិញ្ចើមផ្លូវ សាធារណៈ និង​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ករណី​ទាំងនោះ រួមមាន ធ្វើជា​ចំណត​យានយន្ត បើកបរ​បញ្ច្រាសទិស បង្កើត​ទីតាំង​លក់ដូរ ឬ​ជួល លើក​ស្លាក​យីហោ ឬ​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ត​បណ្តាញ​អគ្គិសនី​ចេញពី​ទីតាំង អាជីវកម្ម​គ្មា​បច្ចេកទេស​ត្រឹមត្រូវ​ជាដើម​។​ល​៕


Tag:
 ​សៀមរាប​
  ផាប់​ស្ទ្រី​ត
© រក្សាសិទ្ធិដោយ thmeythmey.com