ជាតិ
សេដ្ឋកិច្ច
វិនិយោគិន​ជប៉ុន​មួយក្រុម ចង់​បើក​រោងចក្រ​កែច្នៃ​ឈើ​នៅ​កម្ពុជា​
08, Jul 2017 , 8:30 am        
រូបភាព
លោកប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយប្រភិភូចិន និងជប៉ុន (រូបភាពពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
លោកប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយប្រភិភូចិន និងជប៉ុន (រូបភាពពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
ដោយ: ថ្មីៗ
 
​វិនិយោគិន​ជប៉ុន​មួយក្រុម គ្រោង​បើក​រោងចក្រ​កែច្នៃ​ឈើ​នៅ​កម្ពុជា ដោយ​ប្រើ​វត្ថុធាតុដើម​ពី​កំទិច​ឈើ សំបក​ដូងប្រេង និង​រុក្ខជាតិ​ដទៃទៀត​។ បើតាម​ក្រុម​អ្នកវិនិយោគ​ជប៉ុន ពួកគេ កំពុង​សិក្សា​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ និង​គ្រោង​សាងសង់​នៅពេល​ខាងមុខ​។  


​វិនិយោគិន​ជប៉ុន​មួយក្រុម មានបំណង​បើក​រោងចក្រ​កែឆ្នៃ​ឈើ ដោយ​ប្រើ​វត្ថុធាតុដើម​ពី​កំទិច​ឈើ សំបក​ដូងប្រេង និង​រុក្ខជាតិ​ដទៃទៀត ដើម្បី​នាំចេញ​ទៅ​ជប៉ុន សម្រាប់​ដុត​នៅក្នុង​រោងចក្រ​អគ្គិសនី Biomass​។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម បំណង​នេះ ត្រូវបាន​បញ្ជាក់​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​វិនិយោគ រវាង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជាមួយ​ប្រតិភូ​ចិន និង​ជប៉ុន ដែល​ដឹកនាំ​ដោយ លោក ហ្ចា​ក់​គី សែ​ចិន កាលពី​ថ្ងៃទី​៥ ខែកក្កដា​កន្លងទៅ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។ ក្នុងជំនួប​នោះ​វិនិយោគិន​ជប៉ុន បញ្ជាក់ថា​ក្រុម​ខ្លួន​កំពុង​សិក្សា​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ ហើយនឹង​ចាប់ផ្ដើម​សាងសង់​នៅពេល​ខាងមុខ​។  
 
​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​គម្រោង​បើក​រោងចក្រ​កែ​ច្នេះ​ឈើ​នេះ​។ លោក ប៉ាន សូរ​ស័ក្តិ បញ្ជាក់ថា​នេះ​ជា​គំនិត​ដ៏​ល្អ​មួយ ខណៈ​កម្ពុ​ជាមាន​កំទិច​ឈើ និង​កំទិច​រុក្ខជាតិ​ដទៃទៀត​ជាច្រើន ដែល​មិនបាន​យកមកប្រើ​ឲ្យ​មាន​ប្រយោជន៍​។ លោក ប៉ាន សូរ​ស័​ក្ត បាន​ណែនាំ​ឲ្យ​វិនិយោគិន​ជប៉ុន​សិក្សា​ពី​ការដាំ​ចម្ការ​ដើមឈើ​ដែរ ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​របស់​រោងចក្រ​ប្រកបដោយ​ចីរភាព​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​ដដែល​។​
 
​ក្នុងជំនួប​នេះ លោក ហ្ចា​ក់​គី សែ​ចិន ដែល​ដឹកនាំ​ប្រតិភូ​ចិន និង​ជប៉ុន​នោះ ក៏បាន​ប្រាប់​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដែរ​ថា មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ស៊ី​អាន​(Xi’an) ខេត្ត​សាន​ស៊ី (Shaanxi) ប្រទេស​ចិន កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាងសកម្ម ពិសេស​ការដាក់​តាំង​លក់​ផលិតផល​កម្ពុជា ដល់​អតិថិជន​ចិន​។ បើតាម លោក ហ្ចា​ក់​គី សែ​ចិន មជ្ឈមណ្ឌល​បាន​វេច​ខ្ចប់​អង្ករ​ចំនួន​៥​ពាន់​តោន ដែល​ទិញ​ពី​កម្ពុជា ដោយ​មិន​បង់ពន្ធ​នោះ ទៅជា​កញ្ចប់​តូចៗ ដាក់​លក់រាយ នៅ​តំបន់​ពាណិជ្ជកម្ម​សេរី​នៅ​ខេត្ត​សាន​ស៊ី​។ ជាមួយគ្នានេះ ថ្មីៗ​នេះ កម្ពុជា និង​ខេត្ត​សាន​ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី​ទិញ​កៅស៊ូ​កម្ពុជា​ចំនួន​៣០​ម៉ឺន​តោន ដែល​រំពឹងថា​នឹង​ចាប់ផ្ដើម​នាំចូល​លើកដំបូង​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​៕
 
 
 
 
 

Tag:
 រោងចក្រ​ច្នៃ​ឈើ​
 ​វិនិយោគិន​ជប៉ុន​
 ​ ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com