អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍​៖​សត្វ​ដ​រី​ដែល​ថៃ ចាប់​មក​ប្រើ​ក្នុង​វិស័យ​ទេសចរណ៍​ច្រើនជាង​ដំរី​កំពុង​រស់ក្នុង​ព្រៃ​
08, Jul 2017 , 7:59 pm        
រូបភាព
រូបភាព៖ World Animal Protection
រូបភាព៖ World Animal Protection
ដោយ:
 
​ថៃ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ប្រើ​សត្វ​ដំរី​ច្រើនជាងគេ​នៅ​តំបន់​អាស៊ី​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​។​ចំនួន​ដំរី​ដែល​បម្រើ​វិស័យ​ទេសចរណ៍​ថៃ ស្មើ​ពីរដង​នៃ​ចំនួន​សត្វ​ដំរី​នៅ​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​ដែល​ត្រូវគេ​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​រួមបញ្ចូល​គ្នា​។ រឿង​ដែល​គួរ​ឲ្យ​បារម្ភ​នោះ ដំរី​មួយ​ភាគ​ធំ​មិន​បានទទួល​ការថែទាំ​ដិតដល់ ហើយ​ត្រូវ​ចងទុក​នៅ​កន្លែង​ដែល​គ្មាន​ផាសុខភាព​ទៀត​។​



​ដំរី​ចំនួន​២១៩៨ ក្បាល​ត្រូវបាន​ថៃ​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​របស់ខ្លួន ហើយ​ថៃ​ក៏​អាច​រកចំណូលបាន​ចន្លោះ​ពី ពីរ​ទៅ​បី​លាន​ដុល្លារ​ដែរ​ដោយ​ប្រើ​ដំរី​សម្រាប់​សម្ដែង​និង​ដឹក​ភ្ញៀវ​ទេសចរណ៍​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ ថៃ​មិនបាន​យកចិត្តទុកដាក់​សុខុមាលភាព​សត្វ​ដំរី​ទាំងនេះ​ទេ​។​
 
​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​AFP ដំរី​ដែល​ថៃ​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍ ភាគច្រើន​មិន​ទទួលបាន​របប​អាហារ​គ្រប់គ្រាន់ និង​ការថែទាំ​ត្រឹមត្រូវ​ឡើយ​។ ឧទាហរណ៍ ប្រសិនជា​មិន​សម្ដែង​ឬ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទេនោះ ពួកគេ​នឹងត្រូវ​ចង​ឲ្យ​នៅ​មួយកន្លែង​ដែល​ធុញថប់​ពេញ​មួយថ្ងៃ​។​
 
​យោងតាម​របាយការណ៍​ស្ទង់​មតិ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ពិភពលោក កន្លែង​ចិញ្ចឹម​ដំរី ២២០ កន្លែង​ទូទាំង​តំបន់​អាស៊ី​ដែល​អាច​រកបាន​ចំណូល​យ៉ាងច្រើន ប៉ុន្តែ​វា​មិនមាន​ការថែទាំ​ដំរី​ត្រឹមត្រូវ​ឡើយ​។​ចំណែកឯ​នៅ​ថៃ​វិញ ក្នុងចំណោម​កន្លែង​ចិញ្ចឹម​ដំរី ១១៤​កន្លែង មានតែ ប្រាំបី​កន្លែង​ប៉ុណ្ណោះ​ដែលមាន​ការថែទាំ​ដំរី​បានល្អ​។​
 
​របាយការណ៍​ខាងលើ​ក៏​បង្ហាញ​ក្តីបារម្ភ​ពី​ដំរី​ដំរី​សម្តែង​សៀក​ដែល​ពួកគេ​ត្រូវ​សម្ដែង​សម្មភាព​គ្រោះថ្នាក់​និង​ពិបាកៗ​ដូចជា​ជិះ​កង់ ដើរ​លើ​ខ្សែពួរ និង​លេង​បាល់​ជាដើម​។​
 
​របាយការណ៍​នេះ​បាន​អះអាង​ទៀតថា ៣០​ភាគរយ​នៃ​ចំនួន​ដំរី​ក្នុងប្រទេស​ថៃ​កើនឡើង​ចាប់ពី​ឆ្នាំ​២០១០ សុទ្ធតែ​ចិញ្ចឹម​នៅ​កន្លែង​ដែល​គ្មាន​ការថែទាំ​ល្អ​។ ការកើនឡើង​នៃ​ចំនួន​សត្វ​ដំរី​ដែល​ត្រូវគេ​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​បណ្តាលមកពី​ការហាមឃាត់​ការប្រើប្រាស់​សត្វ​ដំរី​ក្នុង​អាជីវកម្ម​ឈើ​ខុសច្បាប់​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០​។ ម្ចាស់​ដំរី​យល់ថា ការយក​សត្វ​ចិញ្ចឹម​ខ្លួន​មកប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​ជា​ប្រភព​ចំណូល​ថ្មី​មួយ​។​
 
​ថ្វីបើ​ដំរី​ដែល​សល់​ពី​ជំនាន់​ភាគច្រើន​ផុត​ពូជ​ហើយ​ក្តី ការជួញដូរ​ដំរី​នៅតែ​កើនឡើង ហើយ​នៅ​ថៃ​ចំនួន​ដំរី​ត្រូវគេ​ចាប់​យកមកប្រើ​ក្នុង​វិស័យ​ទេសចរណ៍​ច្រើនជាង​ចំនួន​ដំរី​រស់ក្នុង​ព្រៃ​ទៅទៀត​។​
 
​គួរ​បញ្ជាក់ដែរថា ដំរី​បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​តំបន់​អាហ្វ្រិក និង​អាស៊ី​កើនឡើង​។​ប៉ុន្តែ​ដំរី​មួយចំនួន​ក្នុង​តំបន់​អាហ្វ្រិក​ត្រូវបាន​រក្សាទុក​ក្នុង​តំបន់​អភិរក្ស​ធម្មជាតិ​បាន​យ៉ាង​ល្អ ខុសពី​សត្វ​ដំរី​មួយចំនួនធំ​ក្នុង​តំបន់​អាស៊ី​ដែល​ត្រូវ​ចងទុក​ក្នុង​កន្លែង​ដែល​គ្មាន​ផាសុខភាព និង​គ្មាន​ការយកចិត្តទុកដាក់​ថែទាំ​គ្រប់គ្រាន់​៕

Tag:
 ដំរី​
 ​ថៃ​
  World Animal Protection
  ឧស្សាហកម្ម​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com