បទយកការណ៍ / បទសម្ភាសន៍
ទីផ្សារការងារ​សម្រាប់​អ្នកចេះ​ជប៉ុន​សម្បូរ កម្រៃ​ក៏​អាច​លើស​អ្នកចេះ​អង់គ្លេស​ផងដែរ​
08, Jul 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Creative Diamond Links Human Resources (CDL HR) បាន​បញ្ជាក់ថា ទីផ្សារការងារ​សម្រាប់​អ្នក​ដែល​ចេះ​ភាសា​ជប៉ុន​សម្បូរ​ខ្លាំង ហើយក៏​អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស​ផង​។ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ជ្រើសរើស​ធនធានមនុស្ស​ដែល​អាច​ប្រើ​ភាសា​ជប៉ុន​រូបនេះ ជា​សាក្សី​មួយរូប​ពី​ទីផ្សារការងារ​សម្រាប់​អ្នកចេះ​ភាសា​ជប៉ុន​នេះ ហើយ​អ្នកស្រី ក៏មាន​ពិសោធន៍​ការងារ​ច្រើន​ជាមួយ​ជប៉ុន​ដែរ​។  ក្រៅពី​បញ្ជាក់​ពី​វិសាលភាព​ការងារ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកស្រី​ក៏​ឆ្លៀត​ចែករំលែក​បទពិសោធន៍ រៀន​ភាសា​ជប៉ុន​។ សម្រាប់​អ្នកគ្រប់គ្រង​រូបនេះ​បញ្ជាក់ថា រៀន​ភាសា​ជប៉ុន មិន​ខុសពី​ការរៀន​ភាសា​ផ្សេ​ទៀត​ដែរ សំខាន់​គឺ​ការតាំង​ចិត្ត និង​ការអនុវត្តន៍​។​


​សូម​អញ្ជើញ ស្តាប់ និង​អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន CDL HR ដូចតទៅ​៖ 



​លោក ទីន សុខ​លីម​៖ ហេតុអ្វី​បានជា​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ រៀន​ភាសា​ជប៉ុន​? 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ ដំបូង​ឡើយ ខ្ញុំ​ចង់​និយាយ​ពាក្យ «​អរគុណ​» ទៅកាន់​ជនជាតិ​ជប៉ុន​ម្នាក់​។ អីចឹង​ខ្ញុំ​ចាប់ផ្តើម​រៀន​ភាសា​ជប៉ុន មិន​គិតថា​ដើម្បី​ស្វែងរក​ការងារ មាន​ប្រាក់ខែ​ច្រើន ដូច​អ្នករៀន​បច្ចុប្បន្ន​ទេ​។ បច្ចុប្បន្ន អ្នក​ដែល​ចេះ​ភាសា​ជប៉ុន អាច​ទទួលបាន​ការងា​រ និង​ប្រាក់ខែ​ខ្ពស់ បើ​ធៀប​នឹង​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស ក្នុង​ជំនាញ​តែមួយ គឺ​បាន​ប្រាក់ខែ​ខ្ពស់ ជាង​អ្នកចេះ​ភាសា​អង់គ្លេស គុណ​នឹង​២  ឬ​គុណ​៣ ក៏មានដែរ​។ នេះ​បើតាម​បទពិសោធន៍​ប្រឹក្សា​ការងារ​នៅ​ក្រុមហ៊ុន​ជប៉ុន CDL HR នេះ​។ មូលហេតុ​ដំបូង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​អាច​ប្រើ​ភាសា​ជប៉ុន​បាន​ដូច​ពេលនេះ ហើយក៏​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ដែរ  ដោយសារ​បច្ចុប្បន្ន​មាន​តម្រូវការ​ការងារ​ខ្ពស់ សម្រាប់​អ្នក​ដែល​ចេះ​ភាសា​ជប៉ុន​។​

​លោក ទីន សុខ​លីម​៖ តើ​រៀន​ភាសា​ជប៉ុន​មាន​សារៈសំខាន់​អ្វីខ្លះ​? 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ ដូចដែល​នាង​ខ្ញុំ លើកឡើង​មុននេះ ទទួលបាន​ប្រាក់ខែ​ខ្ពស់ ជា​អត្ថប្រយោជន៍​មួយ​ហើយ ក្នុង​ការរៀន​ភាសា​ជប៉ុន​។ មួយទៀត នៅ​កម្ពុជា អ្នកចេះ​ភាសា​ជប៉ុន មិនទាន់មាន​ច្រើន​ទេ​។​សម្រាប់​ខ្ញុំ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែល​រៀន មិនថាតែ​រៀន​ភាសា​ជប៉ុន​ទេ រៀន​ភាសា​អ្វី​ក៏ដោយ សំខាន់​គឺ​ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់ រៀន​កុំ​ឲ្យ​ឆៅ​។ បើ​រៀន​ហើយ​ប្រើការ​មិនកើត នាង​ខ្ញុំ​គិតថា​គួរតែបញ្ឈប់​។ បើ​តាំងចិត្ត​រៀន​អ្វី ត្រូវ​រៀន​ឲ្យ​ចេះ ប្រើ​បានជា​ប្រយោជន៍ ដូច​សុភាសិត​ខ្មែរ​យើង​និយាយថា «​ចេះ​ប្រាកដ​ប្រាក់​រត់តាម​ហៅ​»​។ ទោះជា​ចេះ​អ្វី​ក៏ដោយ​។  
 
​លោក ទីន សុខ​លីម​៖ អ្នកស្រី​អាច​បញ្ជាក់​បានទេ តើ​ទីផ្សារការងារ​សម្រាប់​អ្នកចេះ​ភាសា​ជប៉ុន សម្បូរ​កម្រិតណា​? 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ នាង​ខ្ញុំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក CDL HR នេះ បាន​ជួប​ជាមួយ ប្រធាន​ក្រុមហ៊ុន​ជប៉ុន និង​អ្នកវិនិយោគ​ជប៉ុន​ច្រើន ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ពួកគាត់​ចូលមក​វិនិយោគ​ច្រើន ដោយសារតែ​បានដឹង​ពី​ស្ថានភាព​ប្រទេស​កម្ពុជា​។ វិនិយោគិន​ទាំងនោះ មិន​ចង់​ប្រជាជន​ជប៉ុន​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ទេ ព្រោះ​កម្លាំង​ពលកម្ម​ថ្លៃ គាត់​សុខចិត្ត​យក​ប្រជាជន​ខ្មែរ​ធ្វើការ​តែម្តង​។ ខ្មែរ​យើង​ជា​ម្ចាស់​ស្រុក​ស្រាប់ ដឹង​ច្បាស់​ពី​សង្គម​កម្ពុជា​យ៉ាងម៉េច​។ មួយទៀត​ជនជាតិ​ជប៉ុន​គាត់​ភាគច្រើន មិនសូវ​ចេះ​ភាសា​អង់គ្លេស​ទេ អីចឹង ចាំបាច់​ណាស់ គាត់​ត្រូវការ​អ្នកចេះ​ភាសា​ជប៉ុន​។ ខុសពី​អឺរ៉ុប​ដែល​ចូលមក​ស្រុក​ខ្មែរ​។ ខ្មែរ​យើង​ចេះ​អង់គ្លេស​ច្រើន​។  ជា​ពិសោធន៍​រវាង​អ្នកចេះ​ភាសា​អង់គ្លេស​ដែលមាន​ជំនាញ និង​អ្នកចេះ​ភាសា​ជប៉ុន​ដែល​គ្មាន​ជំនាញ វិនិយោគិន​ជប៉ុន សុខចិត្ត​ជ្រើស​រើសយក​អ្នក​ដែល​ចេះ​ភាសា​ជប៉ុន បើទោះជា​គ្មាន​ជំនាញ​សម្រាប់​តំណែង​នោះ​ក៏ដោយ ព្រោះ​ស្រួល​ទំនាក់ទំនង​គ្នា​។ និយាយ​រួម បច្ចុប្បន្ន​ទីផ្សារការងា​រ​សម្រាប់​អ្នកចេះ​ភាសា​ជប៉ុន មាន​ច្រើន​។ 
 
​លោក ទីន សុខ​លីម​៖ អ្នកស្រី​អាច​ចែករំលែក​បានទេ តើ​រៀន​ជប៉ុន​បែបណា​ទើប​ឆាប់​ចេះ​?  
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ និយាយ​ទៅ​ខ្ញុំ​មិនមែនជា​សិស្ស​ពូកែ​ភាសា​ជប៉ុន​អ្វី​ទេ ឬ​អាច​និយាយ​ភាសា​ជប៉ុន​ខ្លាំង​នោះទេ គ្រាន់តែ​ថា អាច​ប្រើ​ក្នុង​ទំនាក់ទំនង​ការងារ ជាមួយ​ជនជាតិ​ជប៉ុន​បាន​។ ក្រុមហ៊ុន​ដែល​ខ្ញុំ​ធ្វើការ​នេះ ម្ចាស់​ជា​ជនជាតិ​ជប៉ុន ហើយ​ខ្ញុំ​មានឱកាស​ធ្វើការ​ជាមួយ​អ្នកវិនិយោគ​ជនជាតិ​ជប៉ុន​ផ្សេងទៀត មកដល់​បច្ចុប្បន្ន​។ ដោយសារ​គុណ​ភាសា​ជប៉ុន នាង​ខ្ញុំ​អាចធ្វើ​ការងារ និង​មាន​ថ្ងៃនេះ​។ 
​ដំបូង​ឡើយ​ផ្តើម​ពី​ការស្រលាញ់ ធម្មតា​អ្វី​គ្រប់យ៉ាង យើង​ស្រលាញ់ មានចិត្ត​ចង់ គឺ​យើង​ដាក់ចិត្ត​ដាក់​កាយ​ទៅលើ​វា​តែម្តង​។ រៀន​ក៏​អីចឹង​ដែរ យើង​រៀន​នៅ​សាលា​ហើយ ស្វ័យ​សិក្សា​ខ្លួនឯង និង​ស្រាវជ្រាវ​តាម YouTube ភាពយន្ត និង​អាន​សៀវភៅ​។ ឃើញ​គេ​និយាយ​យ៉ាងម៉េច យើង​ព្យាយាម​ពុត​បែប​ហ្នឹង​ដូច​គេ ហើយ​ទន្ទេញ​ពាក្យ​ឲ្យ​បាន​ច្រើន ព្រោះ​ពាក្យ​នេះ សំខាន់​ក្នុង​ការរៀន​ភាសា នៅពេល​យើង​ចេះ​ពាក្យ​កាន់តែច្រើន យើង​អាចនិយាយបាន ទោះ​ខុស​វេយ្យាករណ៍ ក៏​មិន​អី​ដែរ​។ ភាសា​ជប៉ុន មាន​ភាសា​មួយទៀត គឺ​អក្សរ​«​កាន់​ជិ​» ស្រដៀង​អក្សរ​ចិន​។ អីចឹង ជនជាតិ​ចិន រៀន​ជប៉ុន​ឆាប់​ចេះ ជប៉ុន​ក៏​រៀន​ចិន ឆាប់​ចេះ​ដែរ ដូច​ខ្មែរ រៀន​ភាសា​ថ្ងៃ​ឆាប់​ចេះ​អីចឹង​។  សម្រាប់​អ្នក​ដែល​មិនចេះ​ចិន រៀនអក្សរ​«​កាន់​ជិ​» គឺ​ពិបាក​ណាស់ ខ្ញុំ​រៀន​ឡើង​យំ ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ទេ​។ មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការរៀន សំខាន់​យើង​ធ្វើ ឬ​មិន​ធ្វើ​ប៉ុណ្ណោះ​។ 

 
​លោក ទីន សុខ​លីម​៖ តើ​រៀន​ភាសា​ជប៉ុន​បែបណា​ទើប​ឆាប់​ចេះ​និយាយ​? និង​ត្រូវការ​ពេល​ប៉ុណ្ណា​? 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ ដំបូង​នាង​ខ្ញុំ​រៀន​ភាសា​ជប៉ុន នៅ​សាលា​ឯកជន​មួយ​ប្រហែល​១​ឆ្នាំកន្លះ តែ​និយាយ​មិនដឹង​ស្អី​ទេ បន្ទាប់មក​ខ្ញុំ​ចូលរៀន​នៅ​សាលា «​តា​យ៉ាម៉ា​» ពេលនោះ​ក៏​មិនទាន់​ដឹង​ចេះ​អ្វី​ដែរ ប៉ុន្តែ​ខ្ញុំ​មានឱកាស​ចុះ​កម្មសិក្សា​នៅ​ប្រទេស​ជប៉ុន​។ នៅពេល​ទៅ​ជប៉ុន ឃើញ​សង្គម​គេ និង​បាន​ជជែក​ជាមួយ​ជនជាតិ​ជប៉ុន​ផ្ទាល់ ហើយ​គ្រាន់​តែមួយ​សប្តាហ៍​ដំបូង មាន​អារ​ម្មរណ៍​ថា​ប្លែក​។ បន្ទាប់មកទៀត ខ្ញុំ​មានឱកាស​ទៅទៀត ភាសា​ជប៉ុន ក៏ដូចជា​ចេះ​និយាយ​លឿន​។ អីចឹង​មានន័យថា ដើម្បី​ឆាប់​ចេះ​និយាយ​ភាសា គួរ​ចំណាយពេល​និយាយ​ជាមួយ​ជនជាតិដើម នៃ​ភាសា​នោះ ហើយ​ស្វែងរក​ឱកាស​ទៅ​ប្រទេស​នោះ​។ 
 
​លោក ទីន សុខ​លីម​៖ លោកស្រី​បាន​បញ្ជាក់ថា​អនុវត្តន៍​ជាមួយ​ជនជាតិ​ជប៉ុន​ផ្ទាល់​ទើប​ឆាប់​ចេះ ចុះ​សម្រាប់​អ្នក​ដែល​មិនមាន​ជនជាតិ​ជប៉ុន អនុវត្តន៍​ជាមួយ​?  
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ ឥឡូវនេះ​អ៊ីនធឺណិត​ទូលំទូលាយ​ណាស់​។ យើង​មើល YouTube និង​សាច់រឿង​ភាសា​ជប៉ុន​ខ្លីៗ​។ កាលនោះ​ខ្ញុំ​រៀន​តាម​តុក្កតា​ជប៉ុន វា​និយាយ​អ្វី​? ជួនកាល​សំឡេង​ក្មេង​ស្រួល​ស្តាប់ គឺ​ស្តាប់ទៅ​ពិ​រោះ​ណាស់​។ ផ្តើម​ពី​ការចូល​ចិត្ត នៅពេលដែល​យើង​ស្តាប់ ចង់​និយាយ​តាម បទ​បែន​តាម​សំឡេង​របស់​វា អីចឹង​ទៅ​។ អីចឹង​អាច​មើល​រឿង​តុក្កតា​ភាសា​ជប៉ុន ឬ​អាច​អាន​សៀវភៅ​បង្កើន​អក្ស ឬ​ពាក្យពេចន៍  ប៉ុន្តែ​បើ​ចង់​ឆាប់​ចេះ​និយាយ គឺ​មើល​ភាពយន្ត​ជា​ភាសា​ជប៉ុន​។​
 
​លោក ទីន សុខ​លីម​៖ តើ​អ្នកស្រី​រៀន​ភាសា​ជប៉ុន​ជួប​ការលំបាក​អ្វីខ្លះ រហូត​អាច​ប្រើការ​បាន​ដូច​សព្វថ្ងៃ​? 
​អ្នកស្រី ណា​រិ​ទ្ធ ណា​រឺ​មិ​៖ ភាសា​ជប៉ុន​ពិបាក​ខ្លាំងណាស់ អ្នកចេះ​ជប៉ុន​គាត់​ដឹង គឺមាន​អក្សរ​វា​ធម្មតា ហើយ​មាន​អក្សរ​«​កាន់​ជិ​» អក្សរ​បែប​ចិន​។ ជាទូទៅ​អក្សរ​លើ​កាសែត សរសេរ​ជា​ផ្លូវការ គឺ​គេ​សរសេរ​អក្សរ​ចិន   ច្រើន​។ បើ​អ្នកចេះ​ចិន អាច​និយាយបានថា ជួនកាល​គាត់​មិនចេះ​អាន​អក្សរ​នេះ​ទេ ប៉ុន្តែ​គាត់​យល់​អត្ថន័យ​នេះ​។ អក្សរ​«​កាន់​ជិ​»​នេះ មាន​អត្ថន័យ​គឺ​ស្រដៀង​គ្នា ស្ទើរតែ​៨០​ភាគរយ​ទៅហើយ​។ ប៉ុន្តែ​អ្វី​ដែលជា​ផល​លំបាក​វា​មាន​ច្រើនតង់ អីចឹង យើង​ត្រូវ​រៀន​ច្រើនតង់ ចេះអក្សរ​នេះហើយ ត្រូវ​ចេះអក្សរ​ផ្សេងទៀត​។  អីចឹង​ទាមទារ​ឲ្យ​យើង​ដាក់ចិត្ត ដាក់​កាយ ទន្ទេញ​វា​ឲ្យ​ចាំ​របៀប​សរសេរ​។ អ្វីដែល​ពិបាក​មួយទៀត គឺ​វេ​យ្យក​រណ៍​៕ 
 
 
 

 

 

Tag:
 ណា​រិ​ទ្ធ ណា​រឺ​មិ​
 ​ ភាសា​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com