កីឡាជាតិ
ជាតិ
លោក នាង ស៊ី​វុត្ថា ប្តេជ្ញា​បណ្តេញ​កីឡាករ​ចេញពី​សង្វៀន​បើ​វាយ​មិន​អស់ពី​សមត្ថភាព​
12, Jul 2017 , 9:53 am        
រូបភាព
ដោយ:
​អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​របស់​ស្ថានីយទូរទស្សន៍​បា​យ័យ​លោក នាង ស៊ី​វុត្ថា បាន​អះអាងថា នឹង​បណ្តេញ​កីឡាករ​ចេញ​សង្វៀន​ប្រកួត​បើ​រកឃើញ​វាយ​មិន​អស់ពី​សមត្ថភាព​។ ការប្រកាស​បែបនេះ ធ្វើឡើង​នា​សន្និសីទ​សារព័ត៌មាន​បើក​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​ទម្ងន់​៦៣.៥​គីឡូ​កាម​រដូវ​កាល​ទី​៦​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៧​។



​លោក នាង ស៊ី​វុត្ថា ប្រធាន​គ្រប់​គ្រង់​កម្មវិធី​កីឡា​របស់​ស្ថានីយទូរទស្សន៍​បា​យ័យ​បាន​ប្តេជ្ញា​ថា នឹងមិន​អនុញ្ញាត​ឲ្យ​កីឡាករ​ដែល​វាយ​មិន​អស់ពី​សមត្ថភាព​មាន​វត្តមាន​នៅលើ​សង្វៀន​ប្រដាល់​របស់​បាយ័ន​នោះឡើយ​។ លោក បាន​អះអាងថា ប្រសិនបើ​មាន​បញ្ហា​អសកម្ម ឬ​ភាពមិនប្រក្រតី​កើតឡើង​ក្នុងអំឡុងពេល​ប្រកួត​នឹង​បណ្តេញ​ចុះ​ពីស​ង្វៀន​ប្រកួត​តែម្តង​។​

​ការប្រកាស​បែបនេះ​ដោយសារ លោក មិន​ចង់​ឲ្យ​មានការ​រិះគន់​ពី​មហាជន​មកលើ​កម្មវិធី​ប្រដាល់​របស់លោក​ពាក់ព័ន្ធ​នឹង​ការ​វាយ​មិន​អស់ពី​សមត្ថភាព​នេះ ព្រោះ​កន្លងមក​មានការ​រិះគន់​ពី​មហាជន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ ម្យ៉ាងទៀត ដើម្បី​បំពេញ​ទឹកចិត្ត​របស់​អ្នកគាំទ្រ​ដែល​បាន​ចំណាយពេល​វេលា​មក​ទស្ស​នា​ការប្រកួត​ផ្ទាល់​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោរ​។

​ជាមួយគ្នានេះ លោក នាង ស៊ី​វុត្ថា បាន​ជំរុញ​ឲ្យ​កីឡា​ករទាំង​៨​រូប​ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង​ដណ្តើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​រដូវ​កាល​ទី​៦​វាយ​ឲ្យ​អស់ពី​សមត្ថភាព​ទោះបី​ជួប​ជាមួយ​កីឡាករ​រួម​ជាតិ​ក៏ដោយ​។ លោក​ថា ការ​វាយ​ឲ្យ​អស់ពី​សមត្ថភាព​វា​ជាការ​ឲ្យ​តម្លៃ​សម្រាប់​ខ្លួនឯង​មួយ​ដ៏​ប្រសើរ​ក្នុងនាម​ជា​អ្នក​ហាត់​ក្បាច់គុន ហើយ​មហាជន​ក៏​ឲ្យ​តម្លៃ​ទៅតាម​នឹង​ដែរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក នាង ស៊ី​វុត្ថា បានស្នើ​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​កីឡាករ ចៅក្រម អាជ្ញាកណ្តាល​ដែល​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​នេះ​ឡើង​។ ជាមួយគ្នានេះ លោក តែម ម៉ឺន ក៏បាន​ជំរុញ​ឲ្យ​កីឡាករ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ជាពិសេស​ជំរុញ​ឲ្យ​អាជ្ញាកណ្តាល ចៅក្រម កាត់ក្តី​ដោយ​ប្រកាន់​គោលការណ៍​ត្រឹមត្រូវ និង​យុត្តិធម៌​មិនត្រូវ​លម្អៀង​ទៅរក​ភាគី​ណាមួយ​នោះឡើយ​។

​កីឡាករ​ទាំង​៨​ដាក់​ឲ្យ​ចូលរួម​ប្រកួតប្រជែង​លើក​នេះ​រួមមាន​កីឡាករ ចាន់ រតនា​, ឆៃ សា​រ៉ា​, មុត ខ្លឹម​ខ្មៅ​, សេក គឹម​រួន​, Kaophong Chaiphum(​ថៃ​), Wifi Lukmuengpetch(​ថៃ​), Namphol Petchchinda(​ឡាវ​) និង​កីឡាករ Farsang Site Arthapi(​ឡាវ​)​។

​នា​ការប្រកួត​បើកឆាក​ពី​ល្ងាច​ថ្ងៃទី​៩ កក្កដា កីឡាករ មុត ខ្លឹម​ខ្មៅ បាន​ផ្តូ​ល​កីឡាករ​ថៃ Kaophong Chaiphum ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ ខណៈ​កីឡាករ ចាន់ រតនា បាន​ប្រើ​ក្បាច់​នាគ​វ័ដ​កន្ទុយ​ផ្តួល​កីឡាករ​ថៃ វៃ ហ្វៃ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ រីឯ​កីឡាករ សេក គឹម​រួន បាន​ផ្តួល​កីឡាករ​ឡាវ Farsang Site Arthapi ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។ ចំណែក​កីឡាករ ឆៃ សា​រ៉ា បាន​ប្រកួត​ចាញ់​កីឡាករ​ឡាវ Namphol Petchchinda ដោយ​ពិន្ទុ​៕


Tag:
 ប្រដាល់​
  នាង ស៊ី​វុត្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com