ជាតិ
អាជ្ញាធរ​បង្ហាញ​ជំហរ​លែង​អនុគ្រោះ​ដល់​ម្ចាស់​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ​
12, Jul 2017 , 8:19 pm        
រូបភាព
«គណៈកម្មការចម្រុះចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ នាពិធីសន្និសីទកាសែត នៅអាជ្ញាធរជាតិអប្សរា ថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧។ រូបថត៖ អ៊ីសា រ៉ហានី
«គណៈកម្មការចម្រុះចុះរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ នាពិធីសន្និសីទកាសែត នៅអាជ្ញាធរជាតិអប្សរា ថ្ងៃទី១២ កក្កដា ឆ្នាំ២០១៧។ រូបថត៖ អ៊ីសា រ៉ហានី
​សៀមរាប​៖ គណៈកម្មការ​ចម្រុះ​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ ត្រូវបាន​បង្កើតឡើង​ដោយមាន​សមាសភាព​ចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប​។ ក្នុង​សន្និសីទ​រួមគ្នា ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១២ កក្កដា នៅ​អាជ្ញាធរ​ជាតិ​អប្សរា គណៈកម្មការ​ចូលរួម បានបង្ហាញ​គោលជំហរ​ច្បាស់លាស់ ក្នុងការ​អនុវត្ត​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ទាំងឡាយណា ដែល​ត្រូវបាន​សាងសង់​អំឡុង​ពេលមុន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​អាណត្តិ​ទី​៤​។



​ទាំង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​អភិបាលរង​ខេត្តសៀមរាប បានបង្ហាញ​ជំហរ​ដ៏​ច្បាស់លាស់​មួយ ក្នុងការ​ទប់ស្កាត់ និង​រុះរើ​រាល់​សំណង់​ខុសច្បាប់​ទាំង​ជាង ៥០០​កន្លែង តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្នុងនោះ ការត្រៀម​បង្ក្រាប​រាល់​បាតុកម្ម ប្រឆាំងនឹង​ការអនុវត្ត​ចុះ​រុះរើ​សំណង់ ក៏បាន​ត្រៀម​រួចរាល់​ហើយ​ដែរ គឺ​កម្លាំង​ទាំងអស់ នឹង​បង្ក្រាប​រាល់​សកម្មភាព​ណា ដែល​រារាំង​ក្នុងការ​អនុវត្ត​នេះ​។​

​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែទ​ថា ប្រជាពលរដ្ឋ មិនគួរ​ការពារ​អ្នកប្រព្រឹត្តិ​ខុសច្បាប់ (​ម្ចាស់​សំណង់​ខុសច្បាប់​) ទៀត​ទេ​។ លោក​ចាត់ទុក​បាតុកម្ម​ប្រឆាំង​ការចុះ​រុះរើ​នាពេល​កន្លងមក ថា​មាន​មេខ្លោង​នៅ​ពីក្រោយ ហើយ​រូបភាព​នោះ​សោត បង្ហាញថា មាន​បុគ្គលិក ឬ​ក្រុម​ណាមួយ​នៅ​ពីក្រោយ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផងដែរ​។

​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា លោក​គាំទ្រ និង​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​បំបែក​ក្រុម​ដែល​លោក​ចាត់ទុកថា ជា​អ្នក​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​នេះ ឲ្យ​បានជា​ដាច់ខាត​។​


                «លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ រូបថត៖ អ៊ីសា រ៉ហានី

​សូម​ស្តាប់​សំឡេង​លោក ស៊ុំ ម៉ាប់ ក្នុង​សន្និសីទកាសែត​




​ដោយឡែក​ខាង​រដ្ឋបាល​ខេត្តសៀមរាប ក៏​បង្ហាញ​គោលជំហរ​ច្បាស់លាស់ ក្នុងការ​បង្ក្រាប​ក្រុម​បាតុកម្ម ប្រឆាំងនឹង​ការចុះ​អនុវត្តន៍​ការរុះរើ​សំណង់​ខុសច្បាប់​នេះ​ផងដែរ​។ លោក លី សំ​រិ​ទ្ធិ អភិបាលរង​ខេត្តសៀមរាប បញ្ជាក់ថា អាជ្ញាធរ​លែង​អនុគ្រោះ​ដល់​បុគ្គល ឬ​ក្រុម​ដែល​ចូលរួម​បំផ្លាញ​សង្គម​។ លោក​ថា ការអនុវត្ត​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ ហើយ​ក្រុម​ដែល​បាតុកម្ម ជា​អ្នកបង្កើត​រឿង​ខុសច្បាប់ និង​បង្កើត​ចលាចល​ក្នុងសង្គម​...​។

«​កាលពីមុន យើង​នេះ​អនុគ្រោះ​ទៅ ដោយសារ​មើលទៅ​យើង​អត់​ទាន់​បាន​ចាត់ចែង​ត្រឹមត្រូវ ធ្វើ​ដោយ​តក់ក្រហល់ នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បុគ្គល​...​គ្មាន​កម្លាំងប្រដាប់អាវុធ​ណា ចង់ទៅ​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួនឯង​ទេ​...​ការងារ​នេះ​ត្រូវការ​ចូលរួម​ទាំងអស់​គ្នា ខំ​ធ្វើយ៉ាងណា យក​ភាព​ទន់​ជាន់​ចំបង ខ្ញុំ​បន់ស្រន់​កុំ​ឲ្យ​មាន​ហេតុការណ៍ (​បង្ក្រាប​) កើតឡើង ហើយ​បន់ស្រន់​ធ្វើ​ម៉េច​ឲ្យ​បងប្អូន​យល់ ហើយ​ចូលរួម​ទាំងអស់គ្នា​»​។

​លោក លី សំ​រិ​ទ្ធិ ក៏​មើលឃើញ​រូបភាព​នៃ​ម្ចាស់​សំណង់​ខុសច្បាប់ ថា​មិនមែន​អ្នកស្រុក​ដើម​ដែរ លោក​ថា អ្នក​ទាំងនោះ​ភាគច្រើន​ជា​អាជីវករ​មកពី​ខាងក្រៅ និង​បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​សាងសង់​សំណង់​ខុសច្បាប់​ទាំងនោះ​។ លោក លី សំ​រិ​ទ្ធិ ទ​ទួ​ច​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម និង​សហការ ការចុះអនុវត្ត​ច្បាប់​រុះរើ​សំណង់ បើ​មិន​ដូច្នោះ​ទេ ការប៉ះទង្គិច​គ្នា​នឹងមាន​ចៀស​មិនបាន​។​


                «លោក លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប។ រូបថត៖ អ៊ីសា រ៉ហានី

​សូម​ស្តាប់​សំឡេង​លោក លី សំ​រិ​ទ្ធិ ក្នុង​សន្និសីទកាសែត​




​លោក ស៊ុំ ម៉ាប់ ក៏បាន​ពន្យល់​ពី​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​កើត​សំណង់​ខុសច្បាប់​អំឡុងពេល​បោះឆ្នោត​ផងដែរ​។ លោក​ថា មិនមែន​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោយ​ទេ តែ​នេះ​ជាការ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត ដែល​អំពាវនាវ​ឲ្យ​រក្សា​សណ្តាប់ធ្នាប់ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​បានដាក់​គោលការណ៍​មួយ ជៀសវាង​ឲ្យ​មាន​បាតុកម្ម​ពាក់ព័ន្ធ​នឹង​ការឃាត់​ការសាងសង់ ដកហូត​។ លោក ស៊ុំ ម៉ាប់​បន្ថែម​៖« ការណ៍​នេះ បានត្រឹមតែ​អាជ្ញាធរ ចុះ​ណែនាំ​មិន​ឲ្យ​សាងសង់ តែ​ពួកគេ​មិន​ស្តាប់ និង​បន្ត​សាងសង់​។ គាត់​យល់ថា សង់​ហើយ​មាន​មនុស្ស​នៅ មាន​ចានឆ្នាំង​ហើយ​នោះ គេ​មិន​រើ​ទេ នេះ​សុទ្ធតែ​ចាញ់​នូវ​ការ​ភូតកុហក ពី​មជ្ឈដ្ឋាន​មួយចំនួន ហើយ​អ្នក​មួយចំនួន​នោះ សុទ្ធតែ​អាជីវករ​...»​។​

​គួរ​បញ្ជាក់ថា គណៈកម្មការ​ចម្រុះ ដែល​ចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប នឹង​ចាប់ផ្តើម​អនុវត្ត​គោលការណ៍​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ ចាប់ពី​សប្តាហ៍​ទី​៣ នៃ​ខែកក្កដា​នេះ​តទៅ​៕

Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
  លី សំ​រិ​ទ្ធិ​
  ស៊ុំ ម៉ាប់
© រក្សាសិទ្ធិដោយ thmeythmey.com