ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​សមាគម និង​NGOs ផ្តល់​របាយការណ៍​ហិរញ្ញវត្ថុ​មក​ក្រសួង មុន​ដំណាច់​ខែកញ្ញា
12, Jul 2017 , 7:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បាន​បង្គាប់​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវ​ផ្ញើ​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៦ មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បាន​មុន​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រសួងមហាផ្ទៃ បាន​ព្រមាន​ថា ករណី​ដែល​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ណា​មិន​ធ្វើតាម នឹង​ចាត់វិធានការ​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។


  
​បន្ទាប់ពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​២០១៥ ក្រសួងមហាផ្ទៃ តែងតែ​សេចក្តីជូនដំណឹង ដើម្បី​ដាស់តឿន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឲ្យ​ប្រញាប់​យក​របាយការណ៍​សក​ម្ម​ភាព និង​ហិរញ្ញវត្ថុ​របស់ខ្លួន ជូន​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ត្រួតពិនិត្យ​តាមច្បាប់​ខាងលើ​។ 
 
​ការ​ដាស់តឿន​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​បានកត់សម្គាល់​ឃើញថា សមាគម និង​អង្គការ​ក្នុងស្រុក​មួយចំនួន ដែល​បាន​ចុះបញ្ជី និង​ត​ម្គ​ល់ប​ញ្ជី​នៅ​ក្រសួង បាន​យកចិត្តទុកដាក់​អនុវត្ត​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ប៉ុន្តែ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ដ​ទៃទៀត មិនបាន​យកចិត្តទុកដាក់​លើ​មាត្រា​ច្បាប់​ខាងលើនេះ​នៅឡើយ​ទេ​។​
 
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​៤ ខែកក្កដា ដែល​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ក៏បាន​បង្គាប់​ឲ្យ​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ត្រូវ​ផ្ញើ​របាយការណ៍​សកម្មភាព និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​២០១៦ មក​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្របតាម​មាត្រា​១០ ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឲ្យ​បាន​មុន​ដំណាច់​ខែកញ្ញា​ឆ្នាំ​២០១៧ ដោយ​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ករណី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​ណាមួយ មិន​គោរព​តាមច្បាប់​ខាងលើនេះ​។      
 
​គួររម្លឹកថា កន្លងមក សមាគម និង​អង្គការក្រៅរដ្ឋាភិបាល បាន​តវ៉ា​ប្រឆាំង​ច្បាប់​នេះ ដោយ​ពួកគេ​អះអាងថា ច្បាប់​នេះ នឹង​រឹតត្បិត​សិទ្ធិសេរីភាព​របស់​សមា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​៕      

Tag:
 NGOs
 ​ហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com