កីឡាជាតិ
ជាតិ
AFF U15៖ សៀង ច​ន្ធា រកបាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៤-០ របស់​កម្ពុជា​លើ​ហ្វីលីពីន​
12, Jul 2017 , 8:13 pm        
រូបភាព
សៀង ចន្ធា រកបាន​បីគ្រាប់តែម្នាក់ឯង
សៀង ចន្ធា រកបាន​បីគ្រាប់តែម្នាក់ឯង
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ AFF U15 CHAMPIONSHIP 2017 បាន​យកឈ្នះ U15 ហ្វីលីពីន ៤-០ នា​ការប្រកួត​ក្នុង​ពូ​ល B នៅ​កីឡដ្ឋាន​ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ជ័យជម្នះ​នេះ បាន​ស្តារ​ការខកចិត្ត​ក្រោយ​ចាញ់ U15 វៀតណាម ២-១ នា​ការប្រកួត​បើកឆាក​។



​ខ្សែប្រយុទ្ធ សៀង ច​ន្ធា បាន​ស៊ុត​បាល់​បញ្ចូល​ទី​តែម្នាក់ឯង ៣​គ្រាប់ ដោយ​ពីរ​គ្រាប់​គេ​ធ្វើបាន​សម្រេច​នៅ​វគ្គ​ទី​១ ហើយ​១​គ្រាប់​ទៀត​រកបាន​នៅ​វគ្គ​ទី​២ ។ ជាមួយគ្នានេះ ខ្សែបម្រើ រស់ ដា​រ៉ា​ពេជ្រ ក៏បាន​រួមចំណែក​១​គ្រាប់​ផងដែរ​នៅ​វគ្គ​ទី​១ ។​

​ការប្រកួត​នេះ​រៀបចំ​ផ្សាយ​ដោយ​លោក ង៉ែត វុទ្ធី អ្នកយកព័ត៌មាន​កីឡា​របស់​ទូរទស្សន៍ BTV ហើយ​ត្រូវបាន​យកទៅ​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​សម្រាប់​ការប្រកួត​គូ​ផ្សេងទៀត​នៅក្នុង​ពូ​ល B នេះ ម៉ាឡេស៊ី​ឈ្នះ​ទី​ម័​រ​ខាងកើត ២-០ ខណៈ​វៀតណាម​ឈ្នះ​ព្រុយ​ណេ ២-១ ។ ម៉ាឡេស៊ី និង​វៀតណាម ឈ្នះ​ទាំងពីរ​ប្រកួត​ដោយមាន​៦​ពិន្ទុ​ដូចគ្នា តែ​ម៉ាឡេស៊ី​លើស​ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ហើយ​កម្ពុជា​ឡើងទៅ​ចំណាត់ថ្នាក់​លេខ​៣​ដោយមាន​៣​ពិន្ទុ​។ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ មាន​១​ពិន្ទុ ខណៈ​ហ្វីលីពីន មិនទាន់មាន​ពិន្ទុ​រាប់​ឡើយ​។​

​នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែកក្កដា កម្ពុជា ប៉ះ ទី​ម័​រ​ខាងកើត វៀតណាម ជួប ហ្វីលីពីន រីឯ​ព្រុយ​ណេ ត្រូវ​តទល់​ជាមួយ​ម៉ាឡេស៊ី​។​

​នៅក្នុង​ពូ​ល A ម្ចាស់ផ្ទះ​ថៃ​កំពុង​នាំមុខគេ​លើ​តារាង ដោយ​ឈ្នះ​២​ប្រកួត​ជាប់ៗ​គ្នា មី​យ៉ាន់​ម៉ា ឈរ​លេខ​២​ដោយមាន​៤​ពិន្ទុ អូស្ត្រាលី និង​ឡាវ មាន​៣​ពិន្ទុ ឥណ្ឌូណេស៊ី មាន​១​ពិន្ទុ ខណៈ​សិង្ហ​បុរី ចាញ់​ទាំង​២​ប្រកួត​លើ​ដំបូង​៕



Tag:
 AFF U15
© រក្សាសិទ្ធិដោយ thmeythmey.com