ជាតិ
សង្គមជាតិ
កូនប្រុស​បណ្ឌិត ច័ន្ទ សំណព្វ ជាប់​អាហារូបករណ៍​អនុបណ្ឌិត​ច្បាប់​១០០% នៅ​អាមេរិក​
13, Jul 2017 , 9:39 am        
រូបភាព
រូបលោក ច័ន្ទ យុត្ត​រាជ ពីហ្វេសប៊ុកលោក ច័ន្ទ សំណព្វ
រូបលោក ច័ន្ទ យុត្ត​រាជ ពីហ្វេសប៊ុកលោក ច័ន្ទ សំណព្វ
ដោយ:
​ភ្នំពេញ​៖ លោក ច័ន្ទ យុត្ត​រាជ កូនប្រុស​របស់លោក​ប​ណ្ឌិ​ត ច័ន្ទ សំណព្វ ទើបតែ​ឡើង​យន្តហោះ​ទៅ​បន្ត​ការសិក្សា​នៅ​ទឹកដី​អាមេរិក ដោយ​ទទួល​អាហារូបករណ៍​ផ្នែក​ច្បាប់​១០០​ភាគរយ​ពី​សាកលវិទ្យាល័យ​អា​រី​សូ​ណា​។


     
​លោក​បណ្ឌិត ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ និងជាអនុប្រធាន​រាជ​បណ្ឌិត្យសភាកម្ពុជានៃទីស្តីការគណៈ​រដ្ឋមន្ត្រី  បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា កូនប្រុស​របស់លោក ទទួលបាន​អាហារូបករណ៍​អនុបណ្ឌិត​ច្បាប់​១០០​ភាគរយ​ពី​សាកលវិទ្យាល័យ​អា​រី​សូ​ណា​នៃ​សហរដ្ឋអាមេរិក​។  

លោក​បញ្ជាក់ថា​៖ «​មាន​និស្សិត​កម្ពុជា​២​នាក់ បាន​ជាប់​អាហារូបករណ៍​នេះ កូន​ខ្ញុំ​ជាប់​១០០​ភាគរយ ចំណែក​និស្សិត​ម្នាក់ទៀត បាន​ជាប់​៥០​ភាគរយ​។ អាហារូបករណ៍​នេះ គេ​ផ្តល់​ទាំង​ថ្លៃ​សាលា និង​ថវិកា​សម្រាប់​ការរស់នៅ​»​។ 
 
 លោក​បណ្ឌិត ច័ន្ទ សំណព្វ មានកូន​២​នាក់ គឺ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​គាត់ ដោយ​បន្តថា កន្លងមក កូនប្រុស​ច្បង​វ័យ​២១​ឆ្នាំ​របស់លោក បាន​រៀន​បរិញ្ញាបត្រ​ជំនាញ​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​អា​មេ​រិច​កាំ​ង​ភ្នំពេញ​(AUPP)​។ ក្រោយ​បញ្ចប់​បរិញ្ញាបត្រ កូន​របស់លោក​ក៏​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ​ទៅ​សិក្សា​យក​អនុបណ្ឌិត​ច្បាប់​នៅ​អាមេរិក​។   
 
​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​រូបនេះ បានផ្តល់​សិទ្ធិ​ឲ្យ​កូន​ជ្រើសរើស​មុខវិជ្ជា​ដែល​ពួកគេ​ពេញចិត្ត ដោយ​មិន​បង្ខំ​កូន​ឲ្យ​រៀន​តាម​ឪពុកម្តាយ​ឡើយ​។ ម្យ៉ាង​លោក​ថា កូនប្រុស​របស់លោក​រៀ​ន​ពូកែ​ផ្នែក​ច្បាប់​នេះ តាំងពី​តូច​មកម្ល៉េះ​។  
 
​លោក​និយាយថា​៖«​ខ្ញុំ​មិនដែល​បង្ខំ​កូន​ទេ គេ​ពេញចិត្ត​អី ឲ្យ​គេ​រៀន​ជំនាញ​ហ្នឹង​ទៅ ខ្ញុំ​គ្រាន់តែ​ជួយ ឲ្យ​យោបល់ និង​តម្រង់ទិស​ប៉ុណ្ណោះ​»៕

Tag:
 ច័ន្ទ សំណព្វ​
 ​អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com