កីឡាជាតិ
ជាតិ
AFF U15៖ ក្រោយឈ្នះហ្វីលីពីន តើកម្ពុជាអាចបន្តឈ្នះទីម័រខាងកើតបានដែរឬទេ? U15 កម្ពុជា ក្រោយជ័យជម្នះ ៤-០ លើហ្វីលីពីន។ រូបថត៖ លោក ង៉ែត វុទ្ធី
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាត្រូវបន្តបេសកកម្មក្នុងពូល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 ដោយប៉ះជាមួយ U15 ទីម័រខាងកើតនាវេលាម៉ោង៤រសៀលថ្ងៃសុក្រ នេះ នៅកីឡដ្ឋាន Chonburi Campus Stadium 2 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ កាលពីឆ្នាំ២០១៦ កម្ពុជា បានយកឈ្នះទីម័រខាងកើត ៣-០ នៅពហុកីឡដ្ឋានជាតិ។ តើកម្ពុជាអាចរក្សាកំណត់ត្រាឈ្នះទីម័រខាងកើតបានឬយ៉ាងណានៅយប់នេះ?
ក្រុម U15 កម្ពុជារបស់គ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon ត្រូវបើកយុទ្ធនាការរក្សាកំណត់ត្រាឈ្នះលើក្រុមទីម័រខាងកើត ដែលខ្លួនធ្លាប់លត់ ៣-0 នៅហពុកីឡដ្ឋានជាតិកាលពីឆ្នាំ២០១៦។ កាលណោះក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន លោកInoue Kazunori ជ័យជម្នះនេះសម្រេចដោយប្រធានក្រុម យី សាហ្វី មួយគ្រាប់ក្នុងវគ្គទី១ មុនកីឡាករ ម៉ៅ ពិសិដ្ឋ ថែមពីរគ្រាប់នៅវគ្គទី២។
U15 កម្ពុជាត្រូវជួបប្រកួតលើកទី៣ក្នុងពូល B នៃព្រឹ្តត្តិការណ៍ AFF U15 Championship 2017 ជាមួយ U15 ទីម័រខាងកើត នាវេលាម៉ោង៤រសៀលនេះនៅកីឡដ្ឋាន Chonburi Campus Stadium 2 ខណៈវៀតណាមប៉ះហ្វីលីពីននៅកីឡដ្ឋាន Chonburi Campus Stadium 1។ ការប្រកួតទាំងពីរនេះធ្វើឡើងបន្ទាប់ពីក្រុម U15 ព្រុយណេ តទល់ជាមួយ U15 ម៉ាឡេស៊ីនាវេលាម៉ោង៥រសៀលនៅកីឡដ្ឋាន Chonburi Campus Stadium 1។
នាប្រកួតក្នុងពូល B ពីរលើកកន្លងមកក្រុម U15 កម្ពុជាបានយកឈ្នះក្រុមហ្វីលីពីន ៤-០ និងចាញ់ក្រុមវៀតណាត ២-១ ខណៈ U15 ទីម័រខាងកើតស្មើ ០-០ ជាមួយព្រុយណេ និងចាញ់ម៉ាឡេស៊ី ២-០។ បើតាមប្រវត្តិតាំងពីបង្កើតព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាននៅឆ្នាំ២០០២ ក្រុមទាំងពីរមិនធ្លាប់ទទួលបានជើងឯកនោះទេ ពោលគឺកម្ពុជាធ្លាប់បានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ២០១៦ ខណៈទីម័រខាងកើតធ្លាប់បានចំណាត់ថ្នាក់លេខ៣ម្តងនៅឆ្នាំ២០១០៕
Tag:
AFF U15 Championship 2017
ទីម័រខាងកើត
U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com