ជាតិ
អាជ្ញាធរសៀមរាប ថា គណៈកម្មការទ្រទ្រង់សាលាជាអ្នកផ្តើមឲ្យដូរឈ្មោះវិទ្យាល័យអង្គរ
× សៀមរាប៖ សំណើសុំដូរឈ្មោះ ឬបន្ថែមឈ្មោះវិទ្យាល័យអង្គរ ទៅជាវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ របស់រដ្ឋបាលខេត្តសៀមរាប ធ្វើឲ្យមានការជជែកច្រើននៅតាមបណ្តាញសង្គម ក្នុងរយៈពេលចុងក្រោយនេះ។ គ្រូបង្រៀន និងសិស្សានុសិស្ស នៃវិទ្យាល័យអង្គរមួយចំនួន បានបង្ហាញពីសារមិនពេញចិត្តនៅតាមបណ្តាញសង្គម ចំពោះសំណើសុំដូរឈ្មោះនេះ ដោយពួកគេលើកឡើងថា ធ្វើឲ្យបាត់បង់ប្រវត្តិសាស្ត្រនៃសាលាមួយនេះ។
ឆ្លើយតបនឹងការចោទប្រកាន់របស់មហាជន ដែលថា រដ្ឋបាលខេត្តសៀមរាប ជាអ្នកផ្តួចផ្តើម សុំទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដូរឈ្មោះសាលានោះ អភិបាលរងខេត្តសៀមរាប និងជាអ្នកនាំពាក្យ លោក លី សំរិទ្ធិ ថា សំណើនេះផ្តើមឡើងពីគណៈកម្មការទ្រទ្រង់វិទ្យាល័យអង្គរ។ លោកបញ្ជាក់ប្រាប់សារព័តមានថ្មីៗនៅព្រឹកថ្ងៃទី១៤ កក្កដា នេះថា គណៈកម្មការទ្រទ្រង់សាលា ចង់បង្ហាញពីការដឹងគុណរបស់សម្តេច ហ៊ុន សែន ទើបដាក់សំណើទៅកាន់មន្ទីរអប់រំ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីដាក់សំណើបន្តទៅក្រសួងអប់រំ ចង់ដូរឈ្មោះពី «វិទ្យាល័យអង្គរ» ទៅជា «វិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ»។
លោក លី សំរិទ្ធិ បន្ថែមថា រឿងដូរ ឬមិនដូរ គឺជាការសម្រេចពីរដ្ឋមន្ត្រីក្រសួងអប់រំ។
យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២០ មិថុនា ដែលដាក់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ អំពីសំណើសុំប្តូរឈ្មោះវិទ្យាល័យអង្គរ ទៅវិទ្យាល័យ តេជោ ហ៊ុន សែន អង្គរ គឺធ្វើឡើងទៅតាមសំណើរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យមួយនេះ។ លិខិតនោះបញ្ជាក់ថា ការប្តូរនេះ គឺដើម្បីដឹងគុណសម្តេច ហ៊ុន សែន ក្រោយសម្តេច បានផ្តល់អគារសិក្សាចំនួន ៣ខ្នង កំពស់ ៤ជាន់ ស្មើនឹង ១២០បន្ទប់ និងអគារអន្តេវាសិកដ្ឋានសិស្សស្រីចំនួន ១អាគារ កំពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ដល់វិទ្យាល័យអង្គរ។
សូមស្តាប់ការបកស្រាយរបស់លោក លី សំរិទ្ធិ
យ៉ាងណា ក្នុងហេ្វសប៊ុក ដែលដាក់ឈ្មោះថា «វិទ្យាល័យអង្គរ» ដែលគេជឿថា ទំនងគ្រប់គ្រង ដោយសាលានេះ បានសរសេរនៅថ្ងៃទី១២ កក្កដា ដោយបញ្ជាក់ថា «វិទ្យាល័យអង្គរនឹងមិនមានការប្ដូរឈ្មោះ ឬបន្ថែមឈ្មោះថ្មីទេ គឺនៅតែរក្សាឈ្មោះជា វិទ្យាល័យអង្គរ ដដែល»៕
Tag:
វិទ្យាល័យអង្គរ
លី សំរិទ្ធិ
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com