អត្ថបទពាណិជ្ជកម្ម
កីឡាករ​ថៃ​-​ស្វី​ស Charyl Chappuis ត្រៀម​បង្ហាញ​ភាពខ្លាំង​ដាក់ Cambodia All Star
14, Jul 2017 , 5:57 pm        
រូបភាព
​ខ្សែបម្រើ​ក្រុម SCG Muangthang United របស់​ថៃ​កីឡាករ Charyl Chappuis បាន​ទាត់​ទុក​ការ​ប៉ះ​ជាមួយ​ក្រុម K Cement Cambodia All Star ក្នុងជំនួប​មិត្តភាព​នា​ល្ងាច​ថ្ងៃទី​១៦ កក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​ឱកាស​ដែល​ខ្លួន​ទន្ទឹងរង់ចាំ​។ លើសពីនេះ រូបគេ​បានចាត់ទុក​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​កម្ពុជា​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​គេ​ផងដែរ​។

​ការវិល​មកជួប​គ្នារ​វាង​ក្រុម K Cement Cambodia All Star ជាមួយ​ក្រុម SCG Muangthang United ត្រូវបាន​ខ្សែបម្រើ​កូនកាត់​ស្វី​ស Charyl Chappuis របស់​ថៃ​ចាត់ទុកជា​ពេលវេលា​ដែល​រូបគេ​បាន​ទន្ទឹងរង់ចាំ​ជា​យូរណាស់​មកហើយ​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​មិត្ត​រួម​ក្រុម​បាន​ប្រាប់​ពី​បរាជ័យ​របស់ Muangthang ក្រោម​ថ្វី​ជើង Cambodia All Star កាលពី​កន្លង​ទៅដល់​រូបគេ​។



​អតីត​កីឡាករ​ជម្រើស​អាយុ​ក្រោម​២០​ឆ្នាំ​ស្វី​សរូប​នេះ​បានបង្ហាញ​ពី​មោទកភាព​ថា រូបគេ​មាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​។ ហើយ រូបគេ បានចាត់ទុក​ការបង្ហាញ​វត្តមាន​ជា​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា​ជា​ឱកាស​ដកស្រង់​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​ខ្លួន​។ ខ្សែបម្រើ​វ័យ​២៥​ឆ្នាំ​រូបនេះ ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​លើ​ក្រុម K Cement Cambodia All Star ដើម្បី​ជម្រះបញ្ជី​ចាស់​។

​ជាមួយគ្នានេះ កីឡាករ ស៊ូ យ៉ា​ទី បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស​ដែល​បាន​ចូលរួម​ក្នុង​ក្រុម K Cement Cambodia All Star ជា​លើក​ទី​២ ពួកយើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ប្រកួត ទោះបី​ក្រុម SCG Muangthang United ជា​ជើងឯក​នៅ​ថៃ​ក៏ដោយ​។ កម្ពុជា​យើង​ក៏​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​ល្អៗ​មិន​ចាញ់​ក្រុម​នេះ​នោះទេ​»​។



​ទាំង​គ្រូបង្វឹក​ក្រុម K Cement Cambodia All Star លោក Leonardo Vitorino និង​គ្រូបង្វឹក​ថៃ លោក Totchtawan Sripan សុទ្ធតែ​បាន​អះអាងថា នឹងដាក់​កីឡាករ​ជើង​ខ្លាំង និង​កំពុង​ល្បីល្បាញ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម K Cement Cambodia All Star ជាមួយ​ក្រុម SCG Muangthang United នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

​ទន្ទឹមនឹងនេះ លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹងថា ថវិកា​ដែល​បានមកពី​ការលក់​សំបុត្រ​នា​ជំនួប​រវាង​ក្រុម K Cement Cambodia All Star ជាមួយ SCG Muangthang United នៅថ្ងៃនោះ នឹង​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​អភិវឌ្ឍន៍​បាល់ទាត់​ទូទាំង​២៥​ខេត្ត​-​ក្រុង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​៕   








Tag:
 បាល់ទាត់​
  Cambodia All Star
  Charyl Chappuis
© រក្សាសិទ្ធិដោយ thmeythmey.com