ជាតិ
សេដ្ឋកិច្ច
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសង់នៅចុងឆ្នាំនេះ ផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ
× ភ្នំពេញ៖ ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គ្រោងផ្តើមសង់នៅអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០១៧នេះ បន្ទាប់ពីផ្តល់សំណងរួចរាល់ដល់ពលរដ្ឋដែលប៉ះពាល់។ បើតាម លោក វ៉ា ស៊ឹមសុរិយា ផ្លូវល្បឿនលឿននេះ ជាផ្លូវបង់ប្រាក់ ដែលនឹងស្ថាបនាឡើងស្របតាមស្តង់ដារខ្ពស់ ដោយមានរបងព័ទ្ធជុំវិញផង។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅកាន់ ខេត្តព្រះសីហនុ ប្រវែងប្រមាណ១៩០គីឡូម៉ែត្រ បានសិក្សាចប់រួចរាល់ហើយ និងគ្រោងចាប់ផ្តើមសាងសង់ នៅអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០១៧នេះ។ នេះបើតាមទីភ្នាក់សារព័ត៌មានកម្ពុជា (AKP) ចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ដែលបានស្រង់សម្តីលោក លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
តាម AKP លោក វ៉ា ស៊ឹមសុរិយា បានបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុនវិនិយោគចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងការដ្ឋានតាមផែនការនៅរង្វង់ខែវិច្ឆិកា ចុងឆ្នាំ២០១៧នេះ បន្ទាប់ពីពិភាក្សា ពីការផ្តល់សំណងដល់ប្រជាពលរដ្ឋ រួចរាល់»។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវល្បឿនលឿននេះ ជាផ្លូវបង់ប្រាក់ ដែលនឹងស្ថាបនាឡើងស្របតាមស្តង់ដារខ្ពស់ ដោយមានរបងព័ទ្ធជុំវិញផង។ ផ្លូវនេះ អាចចេញដំណើរពីតំបន់ចោមចៅ ឬតំបន់ផ្លូវទំនប់កប់ស្រូវ ដោយស្របជាមួយផ្លូវជាតិលេខ៤ ហើយផ្នែកខ្លះ គងពីលើផ្លូវជាតិ លេខ៤ ឬតំបន់ទីប្រជុំជនមួយចំនួនផង។ លោក ស៊ឹមសុរិយា ថ្លែងយ៉ាងនេះថា៖«ផ្លូវនេះ នឹងស្ថាបនាឡើងស្របតាមបច្ចេកទេស ស្តង់ដារខ្ពស់ ដោយមានរបងព័ទ្ធជុំវិញ ពុំអនុញ្ញាតឲ្យមនុស្ស សត្វ និងមធ្យោបាយ ដឹកជញ្ជូនផ្សេងទៀតឆ្លងកាត់ឡើយ ព្រោះវាជាផ្លូវបង់លុយ»។
សម្រាប់អ្នកនាំពាក្យក្រសួងសាធារណការ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ដែលនឹងសង់ដោយក្រុមហ៊ុនចិន នេះមិនត្រឹមតែចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងចំណេញពេលវេលាធ្វើដំណើរ ឬដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ប៉ុន្ដែនឹងធ្វើឲ្យការដឹកជញ្ជូនកាន់តែសុវត្ថិភាព៕
Tag:
លោក វ៉ា ស៊ឹមសុរិយា
ផ្លូវល្បឿនលឿន
ភ្នំពេញ
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com