ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​នៅ​ឃុំ​ត្បែង​ខេត្តសៀមរាប ចាក​ផុតពី​ជំងឺ​ដោយសារ​ស្ថានីយ​ចម្រោះ​ទឹកស្អាត​របស់​អង្គការ​ភ្លែ​ន
15, Jul 2017 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលរដ្ឋ​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញ​អារម្មណ៍​រីករាយ​ចំពោះ​ស្ថានីយ៍​ចម្រោះ​ទឹកស្អាត​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ពួកគេ ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ក្នុងតម្លៃ​ទាប និង​គុណ​ភាពល្អ​។ គម្រោង​នេះ ក៏បាន​ជួយ​យុវជន​៣​នាក់​នៅក្នុង​ឃុំ​ដាច់ស្រយាល​មួយ​នេះ ឲ្យ​មាន​ការងារ​ធ្វើ​ផងដែរ​។



​ស្ថានីយ​ផលិត​ទឹកស្អាត​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ត្រូវបាន​សាងសង់ឡើង​អស់​ទឹកប្រាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ស្ថិតនៅក្នុង​ទីធ្លា​នៃ​មណ្ឌល​សុខភាព​ត្បែង ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​២៥​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ ស្ថានីយ​ទឹកស្អាត​ត្រូវបាន​ពលរដ្ឋ​អបអរសាទរ និង​គាំទ្រ​យ៉ាងច្រើន​។​

​ឧបករណ៍​ចម្រោះ​ទឹកស្អាត​ដ៏​ទំនើប ត្រូវបាន​បំពាក់ ដើម្បី​ផលិត​ទឹកបរិសុទ្ធ​ដែលមាន​គុណភាព​ល្អ លក់​ជូន​ពលរដ្ឋ​ក្នុងតម្លៃ​ទាប ពោល គឺមាន​តម្លៃ​ពី​១,៣០០​រៀល​ដល់ ១,៥០០​រៀល ក្នុង​មួយ​ធុង​ចំណុះ​២០​លីត្រ​។​

​ពួកគេ​ទិញ​ទឹក​ក្នុងតម្លៃ​១,៣០០​រៀល​ក្នុង​មួយ​ធុង​សម្រាប់​ការ​មក​ដឹក​ដល់​ស្ថានីយ​ផ្ទាល់ ប៉ុន្តែ តម្លៃនឹង​កើនឡើង​ត្រឹម​១,៥០០​រៀល ប្រសិនបើ​រ៉ឺម៉ក​កង់​បី​របស់​ស្ថានីយ​នេះ​ដឹក​ជូន​ដល់ផ្ទះ​។

​លោក តាន់ បរិ​យា អាយុ​២៧​ឆ្នាំ ដែលជា​អ្នកភូមិ​វត្ត​ត្បែង បាន​ប្រើប្រាស់​ទឹកស្អាត ចាប់តាំងពី​ស្ថានីយ​ចម្រុះ​ទឹក​នេះ បានដាក់​ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១៥​មក​។ គ្រូពេទ្យ​ផ្នែក​ពិគ្រោះ​នៅ​មណ្ឌល​សុខភាព​ត្បែង​រូបនេះ អះអាងថា ក្រៅពី​ភាពងាយស្រួល លោក​ទុកចិត្ត​ចំពោះ​ទឹកស្អាត​នេះ ពីព្រោះ វា​មាន​ប្រព័ន្ធ​ចម្រោះ​ទំនើប និង​ការ​ច្រកចូល​ធុង​យ៉ាង​មាន​អនាម័យ​ទៀតផង​។    



​លោក​និយាយថា​៖«​កាលពី​យើង​មិនទាន់មាន​ទឹកស្អាត យើង​សប់ទឹក​ចេញពី​អណ្តូង យើង​បូម និង​ទុក​វា​កុំ​ឲ្យ​ធុំក្លិន ហើយ​យកទៅ​ដាំ ទើប​យើង​អាច​ប្រើ​បាន​។ ប៉ុន្តែ​ពេល​ប្រើ​ទឹក O-We គឺ​យើង​មាន​ភាពងាយស្រួល ដោយ​ប្រើ​តែម្តង អត់​ចាំបាច់​ដុត​ភ្លើង​ផ្សែង​ចូល​ភ្នែក​នោះទេ​»​។ 

​អ្នកស្រី ផ​ម ស្រី​ឡែ​ន អាយុ​៣០​ឆ្នាំ បាន​និយាយថា ដំបូង​ឡើយ អ្នកភូមិ​បាន​ប្រើប្រាស់​ទឹក​អណ្តូង ទឹកស្រះ និង​បឹង ដែល​ធ្វើ​ឲ្យ​ខាតបង់​ឬ​ខ្លះទៀត ហូប​ទឹក​ឆៅ​ដែល​ធ្វើ​មាន​ជំងឺ​ជាដើម​។



​អ្នកស្រី​រៀបរាប់ថា​៖«​ដំបូង អ្នកភូមិ​មិនសូវ​ទិញ​ទឹក​នេះ​ទេ ដោយសារ មាន​រស​ជាត​ភ្លាវ ប៉ុន្តែ ក្រោយមក ក៏មាន​អ្នកភូមិ​ច្រើន បាន​ងាក​មកប្រើប្រាស់​ទឹក​នេះ​វិញ ព្រោះតែ​វា​មាន​អនាម័យ និង​ងាយស្រួល​»​។    កញ្ញា ឡ​ម ស្រី​កា ទទួលបាន​ការងារ​ជា​បេឡា ដែល​ទទួលបាន​បៀវត្ស ៣៥​ម៉ឺន​ក្នុង​មួយខែ​និង​ប្រាក់ ឧបត្ថម្ភ​២០០​រៀល​ក្នុង​មួយ​ធុង បានបង្ហាញ​អារម្មណ៍​រីករាយ ក៏​ព្រោះតែ​នាង​មិនចាំបាច់​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ ខណៈដែល​អ្នក​ភូមិភាគ​ច្រើន បាន​ទៅធ្វើ​ការងារ​នៅ​ក្រុង​សៀមរាប ភ្នំពេញ ឬ​ចាក​ចេញទៅ​ក្រៅប្រទេស​។ 

​ជា​អតីត​អ្នក​ដាំ​បន្លែ​លក្ខណៈ​គ្រួសារ ក្នុង​ទឹកមុខ​រួសរាយ​រាក់ទាក់ ស្រី​កា​បាន​និយាយថា​៖«​ខ្ញុំ​សប្បាយចិត្ត ព្រោះ​ខ្ញុំ​អាចជួយ​ពលរដ្ឋ​ឲ្យ​មាន​ទឹកស្អាត​ប្រើប្រាស់ ដើម្បី​ការពារ​សុខភាព​ពួកគាត់​។ ម្យ៉ាងទៀត ខ្ញុំ​មានការ​ងារ​ធ្វើ​នៅ​ភូមិ និង​បាន​ចែក​ទឹកស្អាត​ដល់​សាលារៀន និង​គ្រួសារ​ក្រីក្រ​ផងដែរ​»​។     

​លោក ទឹម ពេទ្យ អាយុ​២៨​ឆ្នាំ ជា​យុវជន​ម្នាក់ទៀត ដែល​ទទួលបាន​ការងា​រ​ពី​គម្រោង​នេះដែរ ក៏មាន​អារម្មណ៍​រីករាយ ពីព្រោះ ឃើញ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន បាន​ប្រើប្រាស់​ទឹកស្អាត​ច្រើនឡើងៗ​។ លោក​បញ្ជាក់ថា​៖«​ខ្ញុំ​ធ្លាក់​បាក់​ឌុប ហើយ​មិន​ធ្លាប់​គិតថា បានការ​ងារ​ធ្វើ​នោះទេ ព្រោះ​កន្លងមក ខ្ញុំ​ធ្វើ​តែ​ស្រែ​។ ខ្ញុំ​ចង់ឃើញ​ពលរដ្ឋ​មានទឹក​សុវត្ថិភាព​ប្រើប្រាស់ ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ចូលធ្វើ​ការងារ​នេះ​»​។  



​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ អ្នកស្រី ហាក់ សុំ ក្រុមប្រឹក្សាឃុំ​ត្បែង បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​ទឹកស្អាត​ទាំងអស់គ្នា ដើម្បី​សុវត្ថិភាព និង​សុខភាព​។   អ្នកស្រី​បញ្ជាក់ថា​៖«​កាល​មិនទាន់មាន​ទឹកស្អាត ពលរដ្ឋ​មាន​ជំងឺ​ច្រើន​ដែរ ព្រោះ​ពួកគេ​ហូប​ទឹក​អណ្តូង និង​ទឹកស្រះ​។ តែ​ក្រោយ​មាន​ទឹកស្អាត ពួកគេ​កាត់បន្ថយ​ជំងឺ​បាន​ច្រើន​ដែរ ព្រោះ​ទឹក​នេះ គេ​ដាក់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ទឹក​»​។  



​ក្នុង​វ័យ​៦៧​ឆ្នាំ អ្នកស្រី​បាន​អះអាងថា អ្នកស្រី​សប្បាយចិត្ត និង​បាន​ប្តេជ្ញា​ជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅក្នុង​ឃុំ​របស់​អ្នកស្រី ឲ្យ​ទិញ​ទឹកស្អាត​យកទៅ​ប្រើប្រាស់ ដើម្បី​ចៀសវាង​ជំងឺ​ដែល​កើតចេញពី​ទឹក​មិន​ស្អាត​ដែល​ពួកគេ​ប្រើ​កន្លងមក​។  

​ជុំវិញ​ការបង្កើត​ស្ថានីយ​ចម្រោះ​ទឹក​នេះដែរ លោក អ៊ឹម ចាន់​សុភាព មន្ត្រី​ផ្នែក​ទឹក និង​អនាម័យ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ប្រចាំខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា មាន​គម្រោង​ទឹកស្អាត​នេះ តាំងពី​ឆ្នាំ​២០០២ ប៉ុន្តែ​សម្រាប់​ស្ថានីយ​ក្នុង​ឃុំ​ត្បែង​នេះ គឺ​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ដើមឆ្នាំ​២០១៥​មក​។  លោក​បញ្ជាក់ថា​៖«​គម្រោង​នេះ អនុវត្តន៍​ដោយ​ភូមិ​ឃុំ​ផ្ទាល់ ឯ​យើង​គ្រាន់តែ​ជួយ​ផ្នែក​បច្ចេកទេស​។ មួយវិញទៀត យើង​ចង់​កាត់បន្ថយ​ជំងឺ​ដែល​កើត​ពី​ទឹក​មិន​ស្អាត តាមរយៈ​ការផ្តល់​ទឹកស្អាត និង​មានតម្លៃ​ទាប​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​»​។ 



​គម្រោង​នេះ ក៏បាន​ជួយផ្តល់​ការងារ​ជូន​យុវជន​៣​នាក់​ផងដែរ​។  លោក ចាន់​សុភាព​អះអាងថា ក្នុង​មួយខែ ស្ថានីយ​នេះ អា​ចលក់ទឹក​ចន្លោះ​ពី​៦០០​ធុង ទៅ​១​ពាន់ ដោយ​ថវិកា​ដែល​បាន​ពី​ការលក់​ទឹក ត្រូវបាន​ផ្តល់​ជា​ប្រាក់បៀវត្ស​ឲ្យ​បុគ្គលិក​៣​នាក់ ផ្តល់​ដល់​ឃុំ​ដើម្បី​អភិវឌ្ឍន៍​ឃុំ ចែកជូន​បន្តិចបន្តួច​ដល់​គណៈកម្មការ​ដែល​បាន​ជួយ​ផ្សព្វផ្សាយ និង​មួយចំនួនទៀត ផ្តល់ជូន​អង្គការ​១០០១ ជា​អង្គការ​ដៃគូ ដែល​បាន​ចុះមក​ត្រួតពិនិត្យ​គុណភាព​ទឹក​រៀងរាល់ខែ​។ 

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា នឹង​ពង្រីក​គម្រោង​ស្ថានីយ​ចម្រោះ​ទឹក នៅក្នុង​ឃុំ​ស្រែ​ខ្វាវ​ក្នុងស្រុក​អង្គរជុំ​ខេត្តសៀមរាប ដើម្បី​ផ្តល់​ទឹកស្អាត ដែលមាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​នៅ​តំបន់​ខ្វះ​ទឹកស្អាត​បន្ថែមទៀត​៕


























Tag:
 អ៊ឹម ចាន់​សុភាព​
  អង្គការ​ភ្លែ​ន​
 ​ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com