ជាតិ
សង្គមជាតិ
ព្រះបាទ​ជ័យវរ្ម័ន​ទី​៧៖«​ទុក្ខ​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​របស់​ព្រះអង្គ​»
16, Jul 2017 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បានប្រសូត​នៅ​នគរ​កម្ពុជា​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១២ ក្នុង​រាជ្យ​នៃ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ (១១១៣-១១៥០)​។ បន្ទាប់ពី​បាន​កម្ចាត់​ពួក​ចាម​ដែល​បាន​រាតត្បាត​ព្រះ​នគរ និង​ចូល​កាន់កាប់​ក្រុង​នគរ​នា​ឆ្នាំ​១១៧៧ ព្រះអង្គ​បានទទួល​រាជាភិសេក​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ឆ្នាំ​១១៨២​។



​ទ្រង់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ គឺជា​មហាក្សត្រ​កាន់​ពុទ្ធសាសនា​ទី​១​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ទ្រង់​គ្រប់គ្រង​ព្រះ​នគរ​មួយ​ដ៏​ធំធេង​៖ កម្ពុជា​សព្វថ្ងៃ មួយ​ភាគ​ធំ​នៃ​ប្រទេស​ថៃ ភាគ​កណ្តាល និង​ខាងត្បូង​នៃ​ប្រទេស​វៀតណាម និង​ភាគខាងត្បូង​នៃ​ប្រទេស​ឡាវ​បច្ចុប្បន្ន​។

​ក្នុងការ​ដឹកនាំ​ប្រទេស ព្រះអង្គ​គោរព​គោលការណ៍​ព្រះពុទ្ធសាសនា​មហាយាន ហើយ​ជា​អ្នកការពារ​ប្រជារាស្ត្រ​ដោយ​ទឹក​ចិត្តល្អ ស្រឡាញ់ និង​មេត្តាករុណា​។ ព្រះអង្គ​ប្រកាន់​ទស្សនៈ​ថា​៖ «​ទុក្ខ​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​របស់​ព្រះអង្គ​»​។ ដូច្នេះ ព្រះអង្គ​ឲ្យ​គេ​សាងសង់​មន្ទី​ពេទ្យ វត្ត​អារាម ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ព្រះ​នគរ​ដែល​ធានា​ការពង្រីក​អំណាច​សេដ្ឋកិច្ច និង​នយោបាយ​របស់​ប្រទេសជាតិ​។

​ក្រៅពីនេះ ព្រះអង្គ​ក៏បាន​កសាង​ព្រះ​ប្រាសាទ​ជាច្រើន​ដែលមាន​រចនាបថ និង​សិល្បៈ​រីកចម្រើន ដោយ​ទទួលបាន​នូវ​ការកោតសរសើរ​ពី​ពិភពលោក​ទាំងមូល​។
​សព្វថ្ងៃនេះ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ត្រូវបាន​គេ​ចាត់ទុកថា ជា​ដំណាក់កាល​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​សម័យអង្គរ​៕

(​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ទទួលបាន​សិទ្ធិ​ដកស្រង់ និង​ផ្សព្វផ្សាយ​បន្ត​ពី​អង្គការ​ស៊ី​ប៉ា​ដែលមាន​ចំណងជើង​ថា​៖​ខ្ញុំ​ចង់ដឹង​ជីវិត​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ សូម​ចូលរួម​ជួយ​ជាវ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​អង្គការ​ស៊ី​ប៉ា​។ អង្គការ​ស៊ី​ប៉ា គឺជា​អង្គ​ការជួយ​ជំរុញ​ការអាន​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​)​។​


© រក្សាសិទ្ធិដោយ thmeythmey.com