កីឡាជាតិ
ជាតិ
លោក Leonardo Vitorino៖ ការប្តូរ​កីឡាករ​ម្តង​១០​នាក់​គឺ​ដើម្បី​កែប្រែ​ស្ថានការណ៍​អាក្រក់​
17, Jul 2017 , 11:57 am         4433
រូបភាព
​គ្រូបង្វឹក​ក្រុម Cambodia All Star លោក Leonardo Vitorino បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ពាក់ព័ន្ធ​ការដោះដូរ​កីឡាករ​១០​នាក់​ត្រឹម​វគ្គ​ទី​១ នា​ជំនួប​ជាមួយ​ក្រុម Muangthong United កាលពី​យប់មិញ​។ ការផ្លាស់ប្តូរ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ គឺ​ដើម្បី​កែប្រែ​ស្ថានការណ៍​អាក្រក់​ដែល​កីឡាករ​ជម្រើស​១១​នាក់​ដំបូង​ធ្វេសប្រហែស​ឲ្យ​ដៃគូ​ទាត់​បាល់​បញ្ចូល​ទី​បាន​៣​គ្រាប់​ត្រឹម​រយៈពេល​២៥​នាទី​ដំបូង​។


​លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម Cambodia All Star បានសម្រេច​ផ្លាស់ប្តូរ​កីឡាករ​ទ្រង់ទ្រាយ​ធំ​ម្តង​១០​នាក់​ក្នុងពេល​តែមួយ ក្រោយ​ការប្រកួត​ដំណើរ​បាន​ប្រមាណ​ជាជាង​៣០​នាទី​ក្នុង​វគ្គ​ទី​១​។ ការដោះដូរ​កីឡាករ​ព្រមៗ​គ្នា​នេះ បន្ទាប់ពី​ក្រុម Cambodia All Star បាត់បង់​៣​គ្រាប់​ឲ្យ​ក្រុម Muangthong United ត្រឹម​រយៈពេល​២៥​នាទី​ដំបូង​។   

​ជុំវិញ​ការដោះដូរ​កីឡាករ​ទុក​តែ​ចាំទី ស៊ូ យ៉ា​ទី លោក Leonardo Vitorino បាន​បញ្ជាក់ថា គឺ​ដើម្បី​កែប្រែ​ស្ថានការណ៍​ដ៏​អាក្រក់​មួយ​នេះ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ព្រោះ លោក សង្កេតឃើញ​ទម្រង់​លេង​របស់​កីឡាករ​ជម្រើស​ដំបូង​គ្មាន​ការសហការ​ល្អ​ដោយសារ​កីឡាករ​ម្នាក់ៗ​មាន​កម្រិត​សមត្ថភាព​ខុសគ្នា​។ ម្យ៉ាងទៀត ដើម្បី​ផ្តល់ឱកាស​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ដែល​ត្រៀម​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Championship បាន​ដកស្រង់​បច្ចេកទេស​ជាមួយ​ក្រុម​មាន​សមត្ថភាព​ខ្លាំង​។

​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចាញ់​ក្រុម Muangthong United ៤-០ កាលពី​យប់មិញ លោក Leonardo Vitorino បាន​បកស្រាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្កេតឃើញថា សមត្ថភាព​របស់​ក្រុម​ជម្រើស​ដំបូង​មាន​កម្រិត​ខុសគ្នា ជាពិសេស​ខ្ញុំ​ឃើញ​កីឡាករ​បរទេស​ខ្លះ​មាន​កម្រិត​ខ្ពស់ ជាហេតុ​ធ្វើ​ឲ្យ​ការលេង​មិនសូវ​បានល្អ​។ បញ្ហា​នេះ ខ្ញុំ​បាន​ព្យាយាម​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព​ប្រហាក់ប្រហែលគ្នា​ឲ្យ​ចូល​លេង ដើម្បី​កែប្រែ​ស្ថានការណ៍​អាក្រក់​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ​»​។

​ក្រោយ​លោក Leonardo Vitorino ផ្លាស់ប្តូរ​ជម្រើស​ថ្មី​ទាំងស្រុង​ដែល​សុទ្ធសឹង​ជា​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ គេ​សង្កេតឃើញថា ស្ថានការណ៍​មាន​លក្ខណ​ល្អប្រសើរ​ជាង​មុន​ពោលគឺ​ពួកគេ​បានដាក់​សម្ពាធ និង​បង្កើត​ឱកាស​យ៉ាងច្រើន​លើ​ក្រុម Muangthong United​។

​ទោះបី​ជម្រើស​ថ្មី​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​បាន​បាត់បង់​១​គ្រាប់​ទៀត​នៅ​នាទី​៨០​ក៏ដោយ ប៉ុន្តែ​ពួកគេ​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់ លោក Leonardo Vitorino និង​គ្រូបង្វឹក​ក្រុម Muangthong United លោក Totchtawan Sripan ថា ជា​ក្រុម​ដែលមាន​ទម្រង់​លេង​ល្អ និង​មានការ​សហការ​ពោរពេញ​ដោយ​កម្លាំង​ប្រយុទ្ធ​៕ 

Tag:
 Leonardo Vitorino
  Cambodai All Star
  Muangthong United
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1617next