ជាតិ
សេដ្ឋកិច្ច
Air Asia នឹង​បើក​ជើងហោះហើរ​មកកាន់​ខេត្ត​ព្រះសីហនុ នៅ​ខែ​ក្រោយនេះ​
17, Jul 2017 , 3:45 pm         1629
រូបភាព
លោកស្រី Aireen Omar ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Air Asia
លោកស្រី Aireen Omar ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Air Asia
​ម៉ាឡេស៊ី​៖ បន្ទាប់ពី​មាន​ប្រតិបត្តិការ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រុមហ៊ុន​អាកាសចរ Air Asia នឹង​បើក​ជើងហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ​។


​លោកស្រី Aireen Omar ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Air Asia មានប្រសាសន៍ថា Air Asia នឹង​បើក​ជើងហោះហើរ​របស់ខ្លួន​នៅ​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​នៃ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​។ លោកស្រី Aireen Omar បាន​ថ្លែង​ដូចនេះ​ប្រាប់​ក្រុម​អ្នកការ​សែត និង​អ្នកបង្កើត​ប្លុក ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៤​ខែកក្កដា ក្នុង​កម្មវិធី Asean Media Bloggers Tourism Hunt ២០១៧ ។​

«​យើង​មើលឃើញថា ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល និង​មាន​តម្រូវការ​ពី​អ្នកធ្វើដំណើរ​ជុំវិញ​ខេត្ត​នេះ​។ ហើយ​ប្រជាជន​កម្ពុជា​ជាច្រើន​បានធ្វើ​ដំណើរ​កម្សាន្ត​មក​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​អាស៊ាន​ផ្សេងទៀត​»​។ នេះ​ជា​គូស​បញ្ចាក់​របស់លោក​ស្រី Aireen Omar អំពី​ការសម្រេចចិត្ត​ពង្រីក​ប្រតិបត្តិការ​មកកាន់​ខេត្ត​ព្រះសីហនុ​របស់​ក្រុមហ៊ុន Air Asia ។​
​បើតាម​លោកស្រី Aireen Omar ក្រុមហ៊ុន Air Asia ក្នុង​ជំហាន​ដំបូង​របស់ខ្លួន នឹង​បើក​ជើងហោះហើរ ៤​ដង​ក្នុង​មួយ​សប្ដាហ៍​នៅ​ខេត្ត​ព្រះសីហនុ​៕

Tag:
 អាកាសចរ​
  Air Asia
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង