កីឡាជាតិ
ជាតិ
AFF U15៖ កម្ពុជាត្រូវឈ្នះម៉ាឡេស៊ីចាប់ពី២គ្រាប់ទើបអាចឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ
× ក្រុមកីឡាជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវជួបប្រកួតចុងក្រោយជាមួយក្រុមម៉ាឡេស៊ី នាវគ្គជម្រុះពូល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃអង្គារ នេះ នៅកីឡដ្ឋាន Chonburi Campus Stadium 1 ក្នុងខេត្តឈុនបុរី ប្រទេសថៃ។ U15 កម្ពុជាទាមទារយកឈ្នះម៉ាឡេស៊ីដាច់ខាតលើសពី២គ្រាប់ ដើម្បីទៅវគ្គបន្ត។
ក្រោយបរាជ័យក្រោមថ្វីជើងក្រុមព្រុយណេ ២-០ កាលពីថ្ងៃអាទិត្យសបា្តហ៍មុន បានជំរុញឲ្យ U15 កម្ពុជាត្រូវធ្វើការធ្ងន់ជាងរៀងរាល់ដង សម្រាប់ការប៉ះជាមួយក្រុមអតីតម្ចាស់ជើងឯកឆ្នាំ២០១៣ ម៉ាឡេស៊ី នាជំនួបចុងក្រោយក្នុងពូល B នៃព្រឹត្តិការណ៍ AFF U15 Championship 2017 នាវេលាម៉ោង៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋាន Chonburi Campus Stadium 1។ ពោលគឺទាមទារឲ្យ U15 កម្ពុជាយកឈ្នះ U15 ម៉ាឡេស៊ីលើសពី២គ្រាប់ដាច់ខាតនៅល្ងាចនេះ ដើម្បីបន្តឱកាសនៅវគ្គបន្ត។
បើតាមប្រវត្តិតាំងពីឆ្នាំ២០០២ ក្រុមទាំងពីរធ្លាប់ជួបគ្នាពីរលើករួចមកហើយ ដោយកម្ពុជាបានចាញ់ម៉ាឡេស៊ី ៥-០ នៅលើទឹកដីប្រទេសថៃនៅឆ្នាំ២០០៥ មុនស្មើ ៣-៣ នៅលើទឹកដីកម្ពុជាកាលពីឆ្នាំ២០០៧។ ម៉ាឡេស៊ី ជាម្ចាស់ជើងឯកឆ្នាំ២០១៣ នៅលើទឹកដីមីយ៉ាន់ម៉ា និងធ្លាប់ឡើងដល់វគ្គពាក់កណ្តាលចំនួន៣លើកនៅឆ្នាំ២០០២, ២០០៥ និង២០០៨ ខណៈកម្ពុជាធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងនៅឆ្នាំ២០១៦ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បច្ចុប្បន្ន U15 កម្ពុជាកំពុងឈរលេងរៀងទី៣ក្នុងពូល B ដោយមាន៦ពិន្ទុក្រោយឈ្នះពីរ និងចាញ់ពីរប្រកួត ខណៈម៉ាឡេស៊ីឈរលេងរៀងទី២ដោយមាន៩ពិន្ទុ បន្ទាប់ពីឈ្នះ៣ និងចាញ់១។ ចំណែកវៀតណាមឈរកំពូលតារាងដោយមាន១២ពិន្ទុក្រោយមិនដែលស្គាល់ពាក្យថាចាញ់សម្រាប់៤ប្រកួតកន្លងមកនេះ។
ក្នុងពូល B នេះដែរ U15 វៀតណាមត្រូវជួបប្រកួតបង្គ្រប់កិច្ចឲ្យទីម័រខាងកើតនាវេលម៉ោង៤រសៀលនៅកីឡដ្ឋាន Chonburi Campus Stadium 1 ខណៈហ្វីលីពីនប៉ះព្រុយណេបង្គ្រប់កិច្ចនៅកីឡដ្ឋាន Chonburi Campus Stadium ២។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតពូល A កាលពីម្សិលមិញ ក្រុមអូស្ត្រាលីបានយកឈ្នះឡាវ ក្នុងលទ្ធផល ៣-១ ខណៈឥណ្ឌូនេស៊ីយកឈ្នះសិង្ហបុរី ២-០ មុនម្ចាស់ផ្ទះថៃយកឈ្នះមីយ៉ាន់ម៉ា ១-០។ តាមរយៈលទ្ធផលនេះ ថៃ និងអូស្ត្រាលីបានដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតំណាងឲ្យពូល A៕
Tag:
AFF U15 Championship 2017
U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com