អន្តរជាតិ
ម៉ា​ក្រុង យល់ស្រប​ថា រុស្ស៊ី​និង​ចិន​មាន​តួនាទី​សំខាន់​ក្នុងការ​បញ្ចប់សង្គ្រាម​ស៊ី​រី
18, Jul 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ប្រធានាធិបតី​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ទទួលស្គាល់ថា មហាអំណាច​ពិភពលោក​ដូចជា​រុស្ស៊ី និង​ចិន​អាចមាន​លទ្ធភាព​ច្រើន​ក្នុង​ការជួយ​បញ្ចប់សង្គ្រាម​និង​នាំ​សន្តិភាព​ដល់​ស៊ី​រី​។ កន្លងមក​លោក​ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​បារាំង​ផងដែរ​ថា បារាំង​មិន​យល់ថា ការទម្លាក់​ប្រធានាធិបតី​ស៊ី​រី​ជា​ដំណោះស្រាយ​ឡើយ​។​



​មេដឹកនាំ​បារាំង​ថ្មី​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ផ្លាស់ប្តូរ​គោលនយោបាយ​បារាំង​ចំពោះ​ជម្លោះ​ស៊ី​រី ដោយ​មហាអំណាច​នេះ​មើលឃើញ​ពី​សារសំខាន់​នៃ​មហាអំណាច​រុស្ស៊ី និង​ចិន​ក្នុង​ការជួយ​បញ្ចប់សង្គ្រាម​ស៊ីវិល​ស៊ី​រី​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សប្តាហ៍​មុន លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្នុងនាម​ជា​មេដឹកនាំ​បារាំង​លោក​មើលមិនឃើញ​ថា ការចុះ​ចេញពី​តំណែង​របស់លោក បា​សា អាល់​អាសាដ ជា​ដំណោះស្រាយ​សម្រាប់​ជម្លោះ​ស៊ី​រី​ឡើយ​។

​លោក ម៉ា​ក្រុង ក៏បាន​បន្ថែមថា បារាំង​ចង់​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​បណ្តា​ក្រុម​ប្រទេស​មហាអំណាច​ទាំង​ប្រាំ​ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ផងដែរ​ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​ស៊ី​រី​ផង​។​

​ការលើកឡើង​របស់លោក ម៉ា​ក្រុង នេះ​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ពី​ការប្រែប្រួល​នៃ​គោលនយោបាយ​របស់​ប្រទេស​លោកខាងលិច​ដូចជា​បារាំង ហើយ​វា​ក៏​អាចជួយ​ឲ្យ​ការស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​កាន់តែ​រហ័ស​ផងដែរ​។​

​អតីត​អ្នកការទូត​កាណាដា Patrick Armstrong យល់ឃើញថា វា​ជាស​ញ្ញា​វិជ្ជមាន​មួយ​ព្រោះ​កន្លងមក​លោកខាងលិច​ចង់​សម្រេចចិត្ត និង​ដោះស្រាយ​បញ្ហា​ស៊ី​រី​ផ្តាច់មុខ​ម្នាក់ឯង ដោយ​មិន​ឲ្យ រុស្ស៊ី ឬ​ចិន និង​សូម្បីតែ​ប្រជាជន​ស៊ី​រី​ខ្លួនឯង​ចូលរួម​នោះឡើយ​។ វា​ជា​កំហុសឆ្គង​មួយ​ធំ ហើយ​វា​ក៏​មិន​អាចជួយ​បញ្ចប់​ជម្លោះ​បាន​នោះដែរ​។​

​លោក​បាន​ថ្លែងប្រាប់​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik ថា ៖«​វា​ជា​ក្តីសង្ឃឹម​ថ្មី​មួយ​ដែលថា ការស្វែងរក​ដំណោះស្រាយ​បញ្ចប់​គ្រោះមហន្តរាយ​នេះ​អាចទៅរួច​។ វា​ជា​ការពិត​ដែល​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ស៊ី​រី​ត្រូវ​សម្រេច​ដោយ​ភាគី​ពាក់ព័ន្ធ មិនមែន​ដោយ​ក្រុង​វ៉ាស៊ីនតោន​និង​បក្ស​ពួកគេ​ឡើយ​»​។​

​គោលជំហរ​របស់​បារាំង​បច្ចុប្បន្ន​មិន​ខុសគ្នា​ពី​គោលជំហរ​របស់​រុស្ស៊ី​ឡើយ​។ តាំងពីដើម​មក របប​ដឹកនាំ​ក្រេ​ម​ឡាំង​បាន​រក្សា​ជំហរ​មួយ​ក្នុងការ​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​ចូលរួម​ជាពិសេស​អង្គការសហប្រជាជាតិ​តែម្តង​។ ហើយ​រុស្ស៊ី​បាន​ប្រឹងប្រែង​ដុតដៃដុតជើង​ជួយ​ការពារ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស រហូតដល់​រដ្ឋាភិបាល​នេះ​រឹង​ដៃ​រឹង​ជើង​ដូច​សព្វ​ថ្ងៃនោះ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ស៊ី​រី​
 ​ រុស្ស៊ី​
  ​ដូ​ណា​ល់ ត្រាំ​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com