អន្តរជាតិ
ត្រាំ តែងតាំង​មន្ត្រី​ទូត​ដែល​លោក​ធ្លាប់​ចោទថា​លក់ខ្លួន​ឲ្យ​ចិន ជា​ទូត​អាមេរិក​ថ្មី​ប្រចាំ​រុស្ស៊ី​
19, Jul 2017 , 9:39 pm        
រូបភាព
​អតីត​អភិបាលរដ្ឋ Utah លោក Jon Huntsman ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជ្រើសរើស​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​រុស្ស៊ី ដើម្បី​ស្ដារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ​។ នេះ​បើតាម​ការប្រកាស​របស់​សេត​វិមាន​នៅ​ថ្ងៃទី​១៨ ខែកក្កដា ដែល​បាន​បញ្ជាក់ថា លោក Huntsman ជា​មនុស្ស​សក្តិសម​នឹង​តំណែង​នេះ ព្រោះ​លោក​ធ្លាប់​ធ្វើជា​ទូត​នៅ​ប្រទេស​ជាច្រើន​ស្រាប់​។ បន្ទាប់​ពីនេះ ព្រឹទ្ធសភា​អាមេរិក​នឹង​ពិនិត្យមើល​បេក្ខភាព​លោក Huntsman មុននឹង​អនុម័ត​ចុងក្រោយ​។​



​ក្នុង​គោលដៅ​ស្ដារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ឡើងវិញ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានជ្រើសរើស​អតីតមន្ត្រី​ទូត​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​រុស្ស៊ី​។ សេត​វិមាន​ប្រកាសថា លោក Jon Huntsman ត្រូវបាន​លោក ត្រាំ ជ្រើសរើស​ជា​តំណាង​ថ្មី​ប្រចាំ​រុស្ស៊ី ដែល​ត្រូវ​បំពេញការងារ​ធ្ងន់ធ្ងរ​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ទំនាក់ទំនង​ដែល​ធ្លាក់ចុះ​ដោយសារ​ការចោទប្រកាន់​ថា​រុស្ស៊ី​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​នោះ​។​

​ព្រឹទ្ធសភា​អាមេរិក នឹង​បើក​កិច្ចប្រជុំ​អនុម័ត​ការសម្រេចចិត្ត​តែងតាំង​របស់លោក ត្រាំ ។ ក្នុងករណី​ព្រឹទ្ធសភា​យល់ព្រម​មែន នោះ​លោក Huntsman ត្រូវ​ហោះហើរ​ទៅកាន់​រដ្ឋធានី​មូ​ស្គូ ស្របពេល​ដែល​សភា និង​ក្រុម​ស៊ើបអង្កេត​ពិសេស កំពុងតែ​ស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​ឆ្នាំ​២០១៦ និង​ការចោទប្រកាន់ថា​ក្រុម​ឃោសនា​របស់លោក ត្រាំ មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ប៉ុន្តែ​រាល់​ការប្រកាន់​ទាំងអស់ ត្រូវបាន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ត្រាំ ទាត់ចោល​ដូចគ្នា​។​

​លោក Huntsman គឺជា​អតីត​ទូត​អាមេរិក​នៅ​ចិន​នៅ​សម័យ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​នៅ​សិង្ហ​បុរី​ផងដែរ​។ លោក​ក៏​ធ្លាប់​ធ្វើការ​នៅក្រោម​អតីត​ប្រធានាធិបតី​ចំនួន​៥​នាក់ និង​ធ្លាប់​ចូលរួម​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ឆ្នាំ​២០១២ សម្រាប់​បក្ស​សាធារណរដ្ឋ​ផងដែរ​។ ប៉ុន្តែ​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺជា​លោក​ធ្លាប់មាន​ទំនាក់ទំនង​ជូរចត់​ជាមួយ​លោក ត្រាំ ពេល​លោក​កំពុង​ប្រជែង​កៅអី​បេក្ខភាព​បក្ស​សាធារណរដ្ឋ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១២ លោក ត្រាំ បាន​លើក​រឿង​លោក Huntsman កាន់តំណែង​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ចិន ដើម្បី​វាយប្រហារ​លោក​។ លោក ត្រាំ បាន​សរសេរ​លើ Twitter របស់លោក​ថា​៖ «Jon Huntsman ចង់​ជួប​ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ឆ្លើយថា ទេ​! ព្រោះ​គាត់​លក់​ប្រទេសជាតិ​ទៅ​ឲ្យ​ចិន​។​»  



​យ៉ាងណាមិញ ទំនាក់ទំនង​រវាង​លោក ត្រាំ និង​លោក Huntsman បាន​ប្រសើរ​ឡើងវិញ ហើយ​លោក Huntsman ក៏បាន​គាំទ្រ​លោក ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ដែរ​។ ដោយសារតែ​បទពិសោធ​ច្រើន​លើ​ផ្នែក​ការទូត ទើប​លោក ត្រាំ បំភ្លេច​រឿង​ចាស់ រួច​ជ្រើសរើស​ជា​ទូត​នៅ​រុស្ស៊ី ដើម្បី​ផ្សះផ្សា​ទំនាក់ទំនង​ប្រេះស្រាំ​ជាមួយ​រុស្ស៊ី​ឡើងវិញ ខណៈដែល​រឿងរ៉ាវ​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​អាមេរិក​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​៕     


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com