ជាតិ
សង្គម​ស៊ីវិល បន្ត​ទាមទារ​ឲ្យ​ពលករ​នៅក្រៅ​ប្រទេស បាន​ចុះឈ្មោះ​បោះឆ្នោត​
20, Jul 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​សង្គម​ស៊ីវិល នៅតែ​ចង់​ឲ្យ គ​.​ជ​.​ប និង​រដ្ឋាភិបាល ធ្វើយ៉ាងណា ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​កំពុងធ្វើការ និង​រស់​នៅឯ​បរទេស បាន​ចុះឈ្មោះ​និង​បោះឆ្នោត ដូច​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងប្រទេស​កម្ពុជា​ដែរ​។ ជាការ​ឆ្លើយតប គ​.​ជ​.​ប នឹង​យក​សំណើ​នេះ​ទៅ​ពិចារណា​។



​ក្រុម​សង្គម​ស៊ីវិល បានរៀបចំ​កិច្ចពិភាក្សា​តុមូល​ស្តីពី «​អនុសាសន៍​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២0១៧» នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២0១៨​។ ក្រៅពី​សង្គម​ស៊ីវិល តំណាង​គណបក្សនយោបាយ​នានា និង​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោ​យ​ត (​គ​.​ជ​.​ប​) ក៏បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះដែរ​។

​នៅក្នុង​កិច្ចពិភាក្សា ក្រុម​សង្គម​ស៊ីវិល បាន​បញ្ចេញមតិ​ជាច្រើន ទាក់ទង​នឹង​ការរៀបចំ​បញ្ជី​និង​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៦ ក្នុង​ឆ្នាំ​២0១៨ ខាងមុខ​។ ក្រុម​សង្គម​ស៊ីវិល ក៏បាន​ទាមទារ​ឲ្យ​គ​.​ជ​.​ប និង​រដ្ឋាភិបាល គិតគូរ​ពី​ពលរដ្ឋ​កម្ពុជា ដែល​ចំណាក់ស្រុក ទៅធ្វើ​ការ​នៅឯ​បរទេស បាន​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ​។ 

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (​និក​ហ្វិ​ក​) យល់ថា ប្រសិនបើ​រដ្ឋាភិបាល និង​គ​.​ជ​.​ប មាន​ឆន្ទៈ​រួមគ្នា កម្ពុជា ពិតជា​អាច​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស បាន​ចុះឈ្មោះ​បោះឆ្នោត​។ លោក មើលឃើញថា ថវិកា​និង​បច្ចេកទេស មិនមែនជា​ឧបសគ្គ​សម្រាប់​គ​.​ជ​.​ប និង​រដ្ឋាភិបាល ក្នុងការ​រៀបចំ​ឲ្យ​ពលរដ្ឋ​នៅក្រៅ​ប្រទេស បាន​ចុះឈ្មោះ​បោះឆ្នោត នោះទេ​។

​ប្រធាន​អង្គការ​និក​ហ្វិ​ក​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​សូម​ពិចារណ ពី​ពលករ​នៅក្រៅ​ប្រទេស ឲ្យ​មានលទ្ធភាព​ចុះឈ្មោះ​បោះឆ្នោត​ផង​។ ខ្ញុំ​មើលទៅ យើង​ដូច​មិន​អស់​ថវិកា​ប៉ុន្មាន​ទេ​។ ប្រទេស​ច្រើនណាស់​នៅ​អាស៊ី ដែល​ពលរដ្ឋ​គេ អាច​ទៅ​ចុះឈ្មោះ​និង​បោះឆ្នោត​នៅតាម​ស្ថានទូត​របស់គេ​។ អ៊ីចឹង ក្រុមការងារ​ចុះឈ្មោះ​បោះឆ្នោត​របស់​យើង រៀបចំ​ឲ្យ​ពួកគាត់ ទៅ​ចុះឈ្មោះ​នៅ​ស្ថា​ត​ទូត​ខ្មែរ នៅតាម​ប្រទេស​ហ្នឹង​ទៅ​។ បោះឆ្នោត​ហើយ បញ្ជូន​ហិប​ឆ្នោត​មក ស្រុក​ខ្មែរ ហើយ​មក​រាប់​នៅ​ហ្នឹង ក៏បាន​។ អត់​មាន​អ្វី​ពិបាក​ទេ​។ បញ្ហា​បច្ចេកទេស ខ្ញុំ​មើលទៅ​ដូច​អត់​ចំណាយ​ថវិកា​ច្រើន​ទេ​។ ខ្ញុំ ខ្លាច​តែ​បញ្ហា​ឆន្ទៈ​នយោបាយ ដែល​ធ្វើ​អត់​កើត​»​។​

​ចំណែក លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) ក៏​យល់​ដូច​លោក សំ គ​ន្ធា​មី ដែរ ជុំវិញ​ការលើកឡើង​ខាងលើ​។ លោក មឿ​ន តុលា ចង់​ឲ្យ​រដ្ឋាភិបាល​និង​គ​.​ជ​.​ប រៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត តាម​ស្ថានទូត​ឬ​ស្ថាន​អគ្គ​កុងស៊ុល នៅក្នុង​ប្រទេស​នានា​។ លោក លើកឡើងថា វា ជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដែល​អាចជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុងប្រទេស​ទាំងនោះ អាច​ចុះឈ្មោះ និង​បោះឆ្នោត​បាន​។

​ម្យ៉ាងទៀត លោក មឿ​ន តុលា ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​គ​.​ជ​.​ប រៀបចំ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេសជិតខាង​ផងដែរ ជាពិសេស​គឺ​ប្រទេស​ថៃ​តែម្តង​។ លោក អះអាងថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុងប្រទេស​ថៃ មាន​ចំនួន​ជាង​១​លាន​នាក់​ឯណោះ ដូច្នេះ​ប្រិ​សន​បើ​រដ្ឋាភិបាល និង​គ​.​ជ​.​ប រៀបចំ​ឲ្យ​មាន​ការិយាល័យ​នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ នឹង​អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងនោះ អាចមក​ចុះឈ្មោះ​បោះឆ្នោត​បាន​។

​ប្រធាន​សង់​ត្រា​ល់​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​យើង​កន្លងមក អត់​បាន​លើកសំណើ​ជា​ផ្លូវការ​។ ហើយ​ខ្ញុំ​គិតថា សំណើ​ជា​ផ្លូវ​ហ្នឹង គឺ​ធ្វើ​តាមរយៈ​ក្រសួងការបរទេស​។ ប្រទេស​ផ្សេងៗ ដូចជា ប្រទេស​ថៃ​ជាដើម ធ្លាប់​ឲ្យ​ខ្មែរ​យើង មានឱកាស​ដើម្បី​មក​ចុះឈ្មោះ​បោះឆ្នោត បើ​មានការ​ស្នើសុំ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ខ្មែរ​យើង​។ ប៉ុន្តែ​យើង​អត់​បានស្នើ​ជា​ផ្លូវការ​ទេ​»​។ 
​លោក ឌី ភីរុណ អនុប្រធាន​លេខាធិការដ្ឋាន នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប បាន​ឆ្លើយតប​ថា លោក នឹង​សរសេរ​របាយការណ៍ ទាក់ទង​នឹង​សំណើ​របស់​ក្រុម​សង្គម​ស៊ីវិល​ខាងលើ យកទៅដាក់​ជូ​នគ​.​ជ​.​ប ដើម្បី​ពិចារណា​។ យ៉ាងណាក៏ដោយ លោក បាន​សង្កត់ធ្ងន់ថា គ​.​ជ​.​ប អនុវត្ត​អ្វី ដែល​ច្បាប់​បានចែង​។

​បើតាម​លោក ឌី ភីរុណ គ​.​ជ​.​ប មិនអាច​អ្វី​ឲ្យ​ហួស​ពី​ព្រំដែន​នៃ​ច្បាប់​នោះទេ​។ មន្ត្រី​គ​.​ជ​.​ប រូបនេះ បញ្ជាក់ថា​៖«​សំណើ​របស់​សង្គម​ស៊ីវិល​មួយចំនួន គឺ​ទាក់ទង​នឹង​ផ្លូវច្បាប់​។ ទាក់ទង​នឹង​ការរៀបចំ​ឲ្យ​ពលករ​នៅក្រៅ​ស្រុក បាន​ចុះឈ្មោះ​បោះឆ្នោត គឺ​ទិដ្ឋភាព​ច្បាប់បោះឆ្នោត​របស់​យើង មិនទាន់មាន​ទេ​»​។

​កន្លងមក ក្រុម​សង្គម​ស៊ីវិល ក៏​ធ្លាប់​ទាមទារ​ដែរ ជុំវិញ​ការរៀបចំ​ឲ្យ​មានកា​រិ​យ​ល័យ​បោះឆ្នោត នៅតាម​ស្ថានទូត​នានា​នៅឯ​ក្រៅប្រទេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ អាច​ចុះឈ្មោះ​និង​បោះឆ្នោត​។ ប៉ុន្តែ សម្រាប់​គ​.​ជ​.​ប ប្រទេស​កម្ពុជា មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​រៀបចំ​បែបនេះ​ឡើយ​។ លើសពីនេះ ច្បាប់បោះឆ្នោត​នៅ​កម្ពុជា ក៏​មិនទាន់​មានចែង​ដែរ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការិយាល័យ​បោះឆ្នោត នៅតាម​ស្ថានទូត នៅក្រៅ​ប្រទេស​៕


Tag:
 បោះឆ្នោត​ថ្នាក់ជាតិ​
  NGO
  ពលករ​ចំណាក់ស្រុក​
  ចុះឈ្មោះ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com