កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា និង​ចិន គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី បន្ទាប់ពី​ជប៉ុន​បំបាក់​ហ្វីលីពីន ៨-០
19, Jul 2017 , 8:22 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ក្រោម ២៣​ឆ្នាំ​កម្ពុជា និង U23 ចិន បានបញ្ចប់ការប្រកួតក្នុង​លទ្ធផលស្មើ ០-០  នា​ការប្រកួត​លើកដំបូង​សម្រាប់​ជំនួប​ពូ​ល J នៃ​វគ្គ​ជម្រុះ AFC U23 Championship 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ល្ងាច​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា នេះ​។​



​នៅ​វគ្គ​ទីមួយ U23 កម្ពុជា ទទួលបាន​ឱកាស​មួយចំនួន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​វាយ​សម្រុក​ទៅលើ U23 ចិន ជាពិសេស​ការទា​ត់បាល់​ពិន័យ​ពី​ចម្ងាយ​របស់ ស៊ុន វ៉ាន់​ដេ​ត ដែល​ផ្លាត​ទៅ​ក្បែរ​របា​ទី​។ ឈានដល់​វគ្គ​ទី​ពីរ ចិន​ស្វែងរក​ឱកាស​មួយចំនួន​ផងដែរ ប៉ុន្តែ​ខ្សែការពារ​កម្ពុជា​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​។​

​គ្រូបង្វឹក​ប្រេ​ស៊ី​ល លោក Leonardo Vitorino បានធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​ចាប់ពី​នាទី​៧៥ ដោយ ជួន ចាន់​ចាវ ចូល​ជំនួស ស៊ុន វ៉ាន់​ដេ​ត ដែល​បាន​រង​ការប៉ះទង្គិច​។ នៅ​១០​នាទីចុងក្រោយ លោក Leonardo ពង្រឹង​តំបន់​ការពារ ដោយ​ដាក់ សឿត បារាំង ជំនួស ប្រាក់ ធី​វ៉ា ហើយ ណុប តុលា ចូល​លេង​បន្ត​ពី ហួយ ផល្លី​ន​។​

​សម្រាប់​ការប្រកួត​គូ​ដំបូង​នៅក្នុង​ពូ​ល J នេះ ម្ចាស់​ការពារ​តំណែង​ជើងឯក U23​ជប៉ុន បាន​យកឈ្នះ U23 ហ្វីលីពីន រហូតដល់​ទៅ ៨-០ ។ Ren Komatsu រកបាន​៤​គ្រាប់ Tsukasa Morishima រកបាន​២​គ្រាប់ ខណៈ Yuya Nakasaka និង Ito Hiroki បន្ថែម​បាន​ម្នាក់​១​គ្រាប់​។​

​ការប្រកួត​មានការ​បន្ថែមចំនួន​៤​នាទី ខណៈពេលដែល​លោក​អាជ្ញាកណ្តាល​កូរ៉េខាងត្បូង Kim Daeyon ពិន័យ​កាត​លឿង​ដល់ នួន បូរី​។ ចិន បាន​ឱកាស​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ ប៉ុន្តែ​ពួកគេ​មិនអាច​ទ​ម្លា​ញ​សំណាញ់​ការពារ​របស់​កម្ពុជា​បានឡើយ​។ ការប្រកួត​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​

​នា​ថ្ងៃ​សុក្រ​ទី​២១ ខែកក្កដា ខាងមុខ U23 កម្ពុជា ស្វាគមន៍ U23 ជប៉ុន​ដែលជា​ម្ចាស់​ការពារ​ជើងឯក បន្ទាប់ពី U23 ហ្វីលីពីន តទល់​ជាមួយ U23 ចិន​។​

​ជម្រើស​របស់​កម្ពុជា​៖ អ៊ុំ សេរី​រ័ត្ន​ន៍ (​អ្នកចាំទី​), នេន សុធា​រដ្ឋ​, នួន បូរី​, សឿ​យ វិសាល (​ប្រធាន​ក្រុម​),​ឆុំ ពិសា​, ប្រាក់ ធី​វ៉ា (​សឿត បារាំង ៨០), ហូ​យ ផល្លី​ន (​ណុប តុលា ៨៥), អ៊ិន សូ​ដា​វីដ​, ច្រឹង ពលរដ្ឋ​, ស៊ុន វ៉ាន់​ដេ​ត (​ជូន ចាន់​ចាវ ៧៥) , ឆេង ម៉េង​៕


Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com