អន្តរជាតិ
ប្រជាប្រិយភាព​លោក ឌូ​ទើ​តេ កើនឡើង ទោះជា​រង​ការចោទប្រកាន់​រឿង​បំពាន​សិ​ទិ្ធ​មនុស្ស​
20, Jul 2017 , 9:12 am        
រូបភាព
ដោយ:
​ប្រជាប្រិយភាព​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅតែ​កើនឡើង បើទោះជា​ការបង្ក្រាប​ចលនា​ក្រុម​សកម្មប្រយុទ្ធ​បណ្ដាញ​របស់​ក្រុម​ភេរវជន​ដែ​ស្ហ​(Daesh) នៅ​បន្ត​នៅ​ក្រុង Marawi ហើយ​លោក​នៅ​រង​ការចោទប្រកាន់​រឿង​រំលោភ​សិ​ទិ្ធ​មនុស្ស​ក៏ដោយ​។​



​យោងតាម​ការស្ទង់មតិ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Pulse Asia ការគាំទ្រ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​កើនឡើង​ពី ៧៨ ដល់ ៨២ ភាគរយ​គិត​ចាប់ពី​ខែមីនា​មក​នោះ​។​

​ក្រុមហ៊ុន​ស្រាវជ្រាវ Pulse Asia បាន​សាកសួរ​យុវជន​១២០០​នាក់​ដែលជា​ផ្នែក​មួយ​នៃ​ការស្ទង់មតិ Ulat ng Bayan’​បាន​បង្ហាញថា ការជឿទុកចិត្ត​លើ​ប្រធានាធិបតី​មាន​កម្រិត​ខ្ពស់បំផុត​មួយ​រហូតដល់ ៨១​ភាគរយ ឯណោះ​។​

​តាម​របាយការណ៍​ស្ទង់​មតិ​ដដែល លោក​ឌូ​ទើ​តេ ទទួលបាន​ការជឿទុកចិត្ត​ខ្ពស់​ពី​គ្រប់​ភូមិសាស្ដ្រ​ទាំងអស់ និង ក្រុម​សេដ្ឋកិច្ចសង្គម​នៅ​ហ្វីលីពីន​។ ជា​ប្រជាជន​មក​តំបន់​មិន​ដា​ណាវ លោក​ឌូ​ទើ​តេ ក៏​ធ្លាប់ជា​ចៅហ្វាយក្រុង Davao ដែរ​។ ដូច្នេះហើយ​របាយការណ៍​នេះ​រកឃើញថា ប្រជាជន​នៅក្នុង​ក្រុម​នេះ​ជឿជាក់​លោក​ប្រធានាធិបតី​រូបនេះ​ខ្លាំងជាងគេ​។​

​សារព័ត៌មាន​រុស្ស៊ី RT បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​លោក Ernesto Abella ពាក់ព័ន្ធ​ការស្ទង់មតិ​នេះ​ថា​៖«​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ​»​។
«​នៅពេលដែល​លោក​បញ្ចប់​ការគ្រប់គ្រង លោក​នឹង​ទុក​កិ​តិ្ត​យស​នេះ​ឲ្យ​រដ្ឋបាល​របស់លោក​និង​ភ្នាក់ងារ​ចូលរួម​ទាំងអស់​»​។ លោក Abella បន្ថែម​ដូច្នេះ​។​

​ដើមឆ្នាំ​នេះ រដ្ឋបាល​លោក ឌូ​ទើ​តេ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​គ្រឿងញៀន​អន្តរជាតិ​នៃ​អង្ក​ការ​សហប្រជាជាតិ​ដោយសារ​ការសម្លាប់​មនុ​ស្ស​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​ប៉ូលីស​ឬ​ភ្នាក់ងារ​អនុវត្ត​។ លោក ឌូ​ទើ​តេ ធ្លាប់​ពោលថា លោក​ពេញចិត្ត​សម្លាប់​អ្នកញៀន​ថ្នាំ​បី​លាន​នាក់​ដោយ​មិន​ញញើត​ដៃ​។​

​ក្នុង​សេចក្ដីរាយការណ៍​ប្រចាំឆ្នាំ​ដែល​បានចេញ​ផ្សាយ​ក្នុង​ខែមីនា ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​គ្រឿងញៀន​បានស្នើ​ឲ្យ​ហ្វីលីពីន​ថ្កោលទោស​រាល់​ប៉ូលីស​ឬ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ដែល​សម្លាប់​មនុស្ស​សង្ស័យ​ថា​មាន​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រៅ​ប្រព័ន្ធតុលាការ​។​

​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ក៏បាន​បដិសេធ​ការចោទប្រកាន់​ពី​សំណាក់​អង្គការ​ក្រៅ​លើកលែងទោស​អន្តរជាតិ (Amnesty international) ដែល​ហៅ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ហ្វីលីពីន​ថា​ជា​សង្គ្រាម​សម្លាប់​អ្នកទន់ខ្សោយ​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើត​
 ​ ហ្វីលីពីន​
  Marawi
  Pulse Asia
© រក្សាសិទ្ធិដោយ thmeythmey.com