អន្តរជាតិ
អាមេរិក​និង​រុស្ស៊ី ទាស់​គ្នា​រឿង​ប្រភេទ​មី​ស៊ី​ល​កូរ៉េខាងជើង​បាញ់​នៅ​ដើមខែ​កក្កដា
20, Jul 2017 , 2:06 pm        
រូបភាព
មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងធុន Hwason-14 (រូបភាព Xinhua)
មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងធុន Hwason-14 (រូបភាព Xinhua)
​អាមេរិក និង​រុស្ស៊ី បាន​ខ្វែងគំនិត​គ្នា​ក្នុង​កិច្ច​ក្រុមប្រឹក្សាសន្តិសុខ ជុំវិញ​ប្រភេទ​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​បាញ់​កាលពីដើម​ខែកក្កដា​។ អាមេរិក និង​សូម្បីតែ​កូរ៉េខាងជើង​ផ្ទាល់ បាន​អះអាងថា មី​ស៊ី​ល​ដែល​បាញ់​ដោយ​ជោគជ័យ គឺជា​មី​ស៊ី​ល​អន្តរទ្វីប (ICBM) ។ ប៉ុន្តែ​រុស្ស៊ី​រកឃើញ​ខុសពី​នេះ និង​និយាយថា កូរ៉េខាងជើង​បាញ់​ត្រឹម​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ប៉ុណ្ណោះ​។



​តើ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​អន្តរទ្វីប ឬ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​? កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅតែ​ជា​ប្រធានបទ​ក្ដៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​បញ្ហា​ធ្វើ​ឲ្យ​អាមេរិក និង​រុស្ស៊ី​ទាស់​គ្នា​មិនចេះចប់​។ តំណាង​អាមេរិក​ប្រចាំ UN លើកឡើងថា កូរ៉េខាងជើង​ពិតជា​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ (ICBM) ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក បន្ទាប់ពី​រុស្ស៊ី​អះអាងថា មី​ស៊ី​លបាញ់​នៅ​ថ្ងៃទី​៤ ខែកក្កដា មិនមែនជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឡើយ​។ 

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៨ ខែកក្កដា អគ្គរដ្ឋទូត​អាមេរិក Nikki Haley បាន​ប្រាប់​មន្ត្រី​ទូត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ផ្សេង​ទៀតថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​។ លោកស្រី​ថ្លែង​ដូចនេះ ក្រោយពី​រុស្ស៊ី នៅ​ថ្ងៃទី​៨ ខែកក្កដា បានបង្ហាញ​លទ្ធផល​ចារកម្ម​របស់ខ្លួន​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ ដោយបាន​ទាត់ចោល​ការវាយតម្លៃរ​បស់​អាមេរិក​។ យោងតាម​ប្រព័ន្ធ​រ៉ា​ដារ​បស់​ខ្លូន រុស្ស៊ី ចាត់ទុក​មី​ស៊ី​ល​កូរ៉េខាងជើង គឺជា​មី​ស៊ី​ល​ចម្ងាយ​មធ្យម​។​

​តាមពិតទៅ ការណ៍​ដែល​អាមេរិក​ចាត់ទុក​មី​ស៊ី​លបាញ់​ចុង​ក្រោយនេះ​ជា​មី​ស៊ី​ល​អន្តរទ្វីប ព្រោះ​វា​បង្ក​ការងាយស្រួល​ក្នុងការ​បញ្ចុះបញ្ចូល​សមា​ជិ​ក​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​អនុម័ត​ទណ្ឌកម្ម​ថ្មី​ដែល​ខ្លាំង​ជាង​មុន​លើ​កូរ៉េខាងជើង​។ ប៉ុន្តែ​បើតាម​លទ្ធផល​របស់​រុស្ស៊ី បំណង​របស់​អាមេរិក​នឹង​ពិបាក​សម្រេច ព្រោះ​ជាធម្មតា ក្រុមប្រឹក្សាសន្តិសុខ​អាច​ត្រឹម​អនុម័ត​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​កូរ៉េខាងជើង​ដែល​បំពាន​សេចក្ដីសម្រេច​របស់ខ្លួន​ប៉ុណ្ណោះ​។​

​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​៤ ក្រុង​វ៉ាស៊ីនតោន ក៏បាន​បញ្ជូន​សេចក្ដីព្រាង​ទណ្ឌកម្ម​ថ្មី​មួយ​ទៅ​ឲ្យ​ក្រុង​ប៉េកាំង​ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង ដោយ​សង្ឃឹមថា​ប៉េកាំង​នឹង​គាំទ្រ​សំណើ​នេះ​។ ប៉ុន្តែ​អ្ន​ការទូត​នៅ​អង្គការសហប្រជាជាតិ​និយាយថា ការចរចា​រវាង​អាមេរិក និង​ចិន​លើ​ទណ្ឌកម្ម​ថ្មី មិនសូវ​ដំណើរការ​ទៅមុខ​ឡើយ ខណៈ​អាមេរិក​នៅតែ​បន្ត​ទាមទារ​ឲ្យ​ចិន​ដាក់​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយ​ក្ល​អ៊ែរ​ឲ្យ​បាន​។​

​ដូច​បានដឹង​ស្រាប់ ការចរចា​លើ​ទណ្ឌកម្ម​ណាមួយ​លើ​កូរ៉េខាងជើង តែង​ចំណាយពេល​រាប់​ខែ​ទម្រាំ​ចេញ​ជា​រូបរាង​។ ចិន និង​រុស្ស៊ី ជា​មិត្តភក្ដិ​កូរ៉េខាងជើង តែង​ប្រើ​សិទ្ធិ​វ៉េតូ​លើ​សំណើ​របស់​អាមេរិក បើ​ពួកគេ​យល់ថា​មិន​សមរម្យ​នោះ​។ ដូចនេះហើយ​បានជា​គេ​ច្រើន​ឃើញ​ក្រុមប្រឹក្សាសន្តិសុខ​ថ្កោលទោស​ទង្វើ​ព្រហើន​របស់​កូរ៉េខាងជើង ជាជាង​សេចក្ដី​ដាក់ទណ្ឌកម្ម​នោះ​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com