ជាតិ
CNRP សុំ​ព្រះរាជអន្តរាគមន៍ ជុំវិញ​ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​
20, Jul 2017 , 4:58 pm        
រូបភាព
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ ក្រុមតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​២0 ខែកក្កដា ឆ្នាំ​២0១៧​នេះ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ ជួយ​អន្តរាគមន៍​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបានធ្វើ​វិសោធនកម្ម ដោយ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។ នេះ​បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​



​លោក យឹម សុវណ្ណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ចុះហត្ថលេខា​លើ​លិខិត​នោះ​រួចហើយ និង​បញ្ជូន​ទៅកាន់​ខុទ្ទកាល័យ​ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ប៉ុន្តែ លោក យឹម សុវណ្ណ មិនទាន់​ដឹង​ច្បាស់​នោះទេ​ថា ពេលនេះ លិខិត​សុំ​ព្រះរាជអន្តរាគមន៍ បាន​ទៅដល់​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ហើយ​ឬ​នៅ​។ ស្ថិតនៅក្រោម​ហេតុផល​នេះ លោក ក៏​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​តែម្តង ជុំវិញ​ខ្លឹមសារ​នៅក្នុង​លិខិត​នោះ​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​ទាល់តែ​ខ្ញុំ​ដឹង​ច្បាស់​ថា លិខិត​ទៅដល់​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​សិន ទើប​ខ្ញុំ​អាចធ្វើ​អត្ថាធិប្បាយ​បាន​»​។​

​យ៉ាងណា​ដោយ​ចុះ លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ ទំនងជា​គ្មាន​បំណង​អ្វី​ផ្សេង​ក្រៅពី​ស្នើសុំ​ព្រះមហាក្សត្រ កុំ​ឲ្យ​ព្រះអង្គ​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវបាន​បន្ថែម​ខ្លឹមសារ​ថ្មី​នោះទេ​។ កាសែត​ខាម​បូ​ឌា​ដេលី (The Cambodia Daily) បាន​ដកស្រង់​សម្តី​របស់លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ស​ង្រោះ​ជាតិ​ថា ការថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ គឺ​ដើម្បី​សុំ​ឲ្យ​ព្រះអង្គ កុំ​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​នេះ​។ លោក សុន ឆ័យ បាន​ប្រាប់​ខេ​ម​បូ​ឌា​ដេលី ទៀតថា ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​រំលោភ​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។

​ការធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​ខ្លឹមសារ​និង​មាត្រា​ថ្មី​មួយចំនួន ទទួលបាន​ការគាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ​។ ចំណែកឯ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំទាស់​។ នៅពេល​រដ្ឋសភា បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ តំណាងរាស្ត្រ​ទាំង​អស់ពី​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ពហិកា​មិន​ចូលរួម​នោះទេ​។ លើសពីនេះ តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថែមទាំង​ស្នើ​ឲ្យ​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ដែល​មានតែ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម បញ្ឈប់​ការអនុម័ត​លើ​ច្បាប់​ខាងលើ​ទៀតផង​។ ប៉ុន្តែ នៅ​ទីបំផុត រដ្ឋសភា នៅតែ​អនុម័ត​សេចក្តីស្នើច្បាប់​នេះ​ដដែល​។ រីឯ​ព្រឹទ្ធសភា ក៏បាន​អនុម័ត​និង​យល់ស្រប​ទាំងស្រុង​ផងដែរ ចំពោះ​សេចក្តីស្នើច្បាប់​ខាងលើ​។ 

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់ថា រហូតមកដល់​ពេលនេះ សេចក្តីស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ញ្ជូ​ន​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ លោក បន្ថែមថា បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ចប់សព្វគ្រប់ ហើយ​បើ​មិន​ជំទាស់​អ្វី​នោះ រដ្ឋសភា នឹង​បញ្ជូន​សេចក្តីស្នើច្បាប់​នេះ ទៅ​រដ្ឋាភិបាល ដើម្បី​ថ្វាយទៅ​ព្រះមហាក្សត្រ ឲ្យ​ព្រះអង្គ​ឡាយព្រះហស្ថលេខា ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​ផ្អែកលើ​ខ្លឹមសារ​ថ្មី ដែល​ត្រូវបាន​បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ គណបក្ស​ណាក៏ដោយ មិនអាច​ពាក់ព័ន្ធ​នឹង​អ្នកទោស ដើម្បី​បាន​ផលប្រយោជន៍​ផ្នែក​នយោបាយ ឡើយ​។ ទង្វើ ដែល​ខ្លឹ​សារ​ថ្មី បានកំណត់​និង​ហាមប្រាម​មិន​ឲ្យ​គណបក្ស ប្រព្រឹត្ត ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ  មានដូចជា ការប្រើប្រាស់​នូវ​រូបថត សារ​ជា​សំឡេង វីដេអូ និង​អត្ថបទ​ជា​លាយលក្ខណ៍អក្សរ របស់​បុគ្គល​ណា​ម្នាក់ ដែល​ត្រូវបាន​តុលាការ​កាត់ក្តី​ឲ្យ​ក្លាយជា​អ្នកទោស​។ លើសពីនេះ ខ្លឹមសារ​ថ្មី ក៏​មិន​ឲ្យ​គណបក្ស បង្ហាញ​ការគាំទ្រ​ចំពោះ​សកម្មភាព​របស់​អ្នកទោស នោះដែរ​។ យោងតាម​ខ្លឹមសារ​ថ្មី ប្រសិនបើ គណបក្ស​ណាមួយ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ តុលាការ អាចមាន​សិទ្ធិអំណាច ដើម្បី​រំលាយ​គណបក្ស​នោះបាន​។

​នេះ ជា​លើក​ទី​ពីរ​ហើយ ដែល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម ក្នុង​ឆ្នាំ​២0១៧​។ ការធ្វើវិសោធកម្ម​លើកទីមួយ បាន​កំណត់ថា អ្នកទោស មិនអាច​ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​គណបក្ស​ណាមួយ​ឡើយ​។

​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នកផ្តើមគំនិត​និង​ស្នើ​ឲ្យ​រដ្ឋសភា ធ្វើ​វិសោធនកម្ម​លើ​ស្តីពី​គណបក្សនយោបាយ​ទាំង​ពីរលើក នៅក្នុង​ឆ្នាំ​២0១៧​នេះ​៕
 

Tag:
 ច្បាប់​នយោបាយ​
  CNRP
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com