កីឡាជាតិ
ជាតិ
AFC U23៖ ទោះ​ឱកាស​ហាក់​ចង្អៀត តែ​កម្ពុជា​ត្រូវ​ឈ្នះ​ហ្វីលីពីន​ល្ងាច​នេះ​ដើម្បី​អ្នកគាំទ្រ​
23, Jul 2017 , 1:12 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្តី​រំពឹង​របស់​កម្ពុជា​ក្នុងការ​ឈានទៅ​ជុំ​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2018 ហាក់ដូចជា​បាត់បង់​ទៅហើយ ប៉ុន្តែ​មិនទាន់​បាត់បង់​ទាំងស្រុង​នោះឡើយ ដោយ​ផ្អែកលើ​ការ​ខំប្រឹង​ខ្លួន និង​លទ្ធផល​នៃ​ការប្រកួត​គូ​ផ្សេងទៀត​។ នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ U23 កម្ពុជា បិទ​បញ្ចប់​ការប្រកួត​ពូ​ល J ដោយ​ត្រូវ​ស្វាគមន៍ U23 ហ្វីលីពីន បន្ទាប់ពី U23 ជប៉ុន ប៉ះ​ជាមួយ U23 ចិន​។​



U23 កម្ពុជា​បាន​ខក​ឱកាស​ក្នុង​ការក្តោបក្តាប់​ចំណាត់ថ្នាក់​លេខ​១​ពូ​ល J បន្ទាប់ពី​ពួកគេ​បាន​ចាញ់​ជប៉ុន ២-០ កាលពី​ថ្ងៃ​សុក្រ​។ បច្ចុប្បន្ន កម្ពុជា មាន​១​ពិន្ទុ​ដោយ​ស្មើ​ចិន ០-០ និង​ចាញ់​ជប៉ុន ២-០ ខណៈ​ហ្វីលីពីន បាន​ហាលអាវ​ដោយ​ស្វ័យប្រវត្តិ ក្រោយ​រង​បរាជ័យ​ទាំងពីរ​ប្រកួត​ក្នុងជំនួប​ជា​បន្តបន្ទាប់​ជាមួយ ជប៉ុន និង​ចិន​។​

​នៅក្នុង​ពូ​ល J នេះ U23 ជប៉ុន គឺជា​ក្រុម​ដែលមាន​ភាគរយ​ខ្ពស់បំផុត​ក្នុង​ការឈាន​ទៅកាន់​ជុំ​ចុងក្រោយ ដោយ​ពួកគេ​មាន​៦​ពិន្ទុ​ពេញ ខណៈ​ចិន​មាន​៤​ពិន្ទុ កម្ពុ​ជាមាន​១​ពិន្ទុ និង​ហ្វីលីពីន គ្មាន​ពិន្ទុ​រាប់​។ សម្រាប់​ចិន ដែលជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ជុំ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨​នោះ បាន​ជាប់​ដោយ​ស្វ័យប្រវត្តិ បើទោះបីជា​ពួកគេ​ស្ថិតនៅ​ទីតាំង​ណាក៏ដោយ​។​

​ក្រុម​ចំនួន​១៦​នឹង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៨ នៅ​ប្រទេស​ចិន ដែល​ក្នុងនោះ មាន​ម្ចាស់ផ្ទះ​ចិន ក្រុម​លេខ​១​នៃ​ពូ​ល​ទាំង​១០ រួមទាំង​ក្រុម​លេខ​២​ចំនួន​៥​ក្រុម​ដែលមាន​ពិន្ទុ​ប្រសើរ​ជាងគេ​។​

​ក្នុងករណី​ចិន ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ឬ​ក្នុងចំណោម Best Runners-Up ក្រុម​លេខ​២ នឹងត្រូវ​កំណត់​រហូតដល់​៦​ក្រុម​។ សម្រាប់​ការ​ប្រៀប​ប្រៀបធៀប​ក្រុម​ចំណាត់ថ្នាក់​លេខ​២ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​កីឡា Astro គេ​មិន​គិត​លើ​លទ្ធផល​នៃ​ជំនួប​ជាមួយ​ក្រុម​លេខ​៤​ឡើយ​។ ករណីនេះ ត្រូវបាន​អនុវត្ត​បន្ទាប់ពី​ស្រីលង្កា បាន​ដកខ្លួន​ចេញពី​ពូ​ល A ។​

​កម្ពុជា​អាច​ឡើង​លេខ​ពីរ​ក្នុង​ពូ​ល J ក្នុងករណី ជប៉ុន​ឈ្នះ​ចិន ហើយ​បើ​ជប៉ុន​ឈ្នះ​ចិន​តែ​១​គ្រាប់ កម្ពុជា​ត្រូវ​ឈ្នះ​ហ្វីលីពីន យ៉ាងហោច​២​គ្រាប់​។​

​កម្មវិធី​ប្រកួត​ថ្ងៃនេះ​
​ពូ​ល  A
​អ៊ីរ៉ង់ v អូ​ម៉​ង់ នៅ Dolen Omurzakov Stadium, Bishkek

​ពូ​ល B
​បា​រ៉ែ​ន v អា​ហ្វ​ហ្គា​នី​ស្ថាន​
​អ៊ីរ៉ាក់ v អា​រ៉ា​ប៊ី​សា​អូឌីត នៅ Prince Faisal Bin Fahd Stadium, Riyadh

​ពូ​ល C
​ឥណ្ឌា v តួ​កមេ​នី​ស្ថាន​
​កាតា v ស៊ី​រី នៅ Al-Sadd Stadium, Doha

​ពូ​ល E
​ហ្ស៊​ក​ដង់ v តា​ហ្ស៊ី​គី​ស្ថាន​
​ប៉ា​ឡេ​ស្ទី​ន v បង់​ក្លា​ដែ​ស នៅ Faisal Al-Husseini Stadium, West Bank

​ពូ​ល F
​សិង្ហ​បុរី v ព្រុយ​ណេ​
​អូស្ត្រាលី v មី​យ៉ាន់​ម៉ា នៅ Thuwunna Stadium, Yangon

​ពូ​ល G
​ឆាយ​នី​ស​តៃប៉ិ v ហុងកុង​
​កូរ៉េខាងជើង v ឡាវ នៅ May Day Stadium, Pyongyang

​ពូ​ល H
​ម៉ាឡេស៊ី v ម៉ុង​ហ្គោ​លី​
​ថៃ v ឥណ្ឌូណេស៊ី នៅ Supachalassai National Stadium, Bangkok

​ពូ​ល I
​ទី​ម័​រ​ខាងកើត v ម៉ា​កាវ​
​កូរ៉េខាងត្បូង v វៀតណាម​
​នៅ Thong Nhat Stadium, Ho Chi Minh

​ពូ​ល J
​ជប៉ុន v ចិន (​ម៉ោង​៣ និង​៣០​នាទី​)
​កម្ពុជា v ហ្វីលីពីន (​ម៉ោង​៦ និង​៣០​នាទី​) នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕



Tag:
 AFC U23
© រក្សាសិទ្ធិដោយ thmeythmey.com