ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក អ៊ែល សារឿន វ័យ៦៩ឆ្នាំ តស៊ូប៉ះកង់ជាង៣០ឆ្នាំ ដើម្បីឲ្យកូនរៀនដល់មហាវិទ្យាល័យ
24, Jul 2017 ,
8:39 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លោកតា អ៊ែល សារឿន ដែលមានវ័យចំណាស់ទៅហើយនោះ បានប្រកបរបរ ប៉ះកង់នៅភ្នំពេញជាង៣០មកហើយ ដើម្បីចិញ្ចឹមកូន៥នាក់។ កូនស្រី៤នាក់ និងប្រុសម្នាក់សុទ្ធសឹងទទួលបានការសិក្សាត្រឹមត្រូវ។ កូនស្រីច្បងរបស់លោកតា កំពុងរៀនឆ្នាំទី២ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
លោកអ្នកដែលធ្លាប់ធ្វើដំណើរឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី ប្រហែលជាធ្លាប់បានឃើញបុរសចំណាស់ម្នាក់ ដែលប្រកបរបរប៉ះកង់ ម៉ូតូ នៅក្បែរខ្លោងទ្វារចូលវត្តបារមីរង្គដ្ឋបូរី ហៅវត្តដំរីស ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសរូបនេះ ឈ្មោះអ៊ែល សារឿន មានអាយុ៦៩ឆ្នាំហើយ។ វ័យចំណាស់នេះទៅហើយ ប៉ុន្តែ លោក សារឿន មិនទាន់ដកខ្លួនរួចពីការទទួលខុសត្រូវចិញ្ចឹម និងរកប្រាក់ផ្គត់ផ្គង់ការសិក្សាកូនៗនៅឡើយ។ លោក សារឿន ក៏មិនមានពេលវេលាទៅវត្តសុំសីល ដូចចាស់ដែលមានជីវភាពធូរធារដទៃទៀតដែរ បើទោះខ្លួនមានមុខរបរក្បែរវត្តក៏ដោយ។
ដ្បិតរបរប៉ះកង់ម៉ូតូ មិនបានធ្វើឲ្យជីវភាពរបស់គាត់ប្រសើរ និងបានទៅវត្ត ប៉ុន្តែលោក អ៊ែល សារឿន កំពុងទំនុកបម្រុងកូន៥នាក់ ឲ្យរៀនសូត្របានត្រឹមត្រូវ តាមរយៈរបរប៉ះកង់ ម៉ូតូនេះ។ ពាក់អាវដៃវែងពណ៌ទឹកប៊ិកចាស់ ស្លៀកខោជើងវែងពណ៌ខ្មៅ និងពាក់មួកដើម្បីការពារកម្តៅថ្ងៃផង លោក សារឿន បានឲ្យដឹងថា កូនស្រីច្បងរបស់ខ្លួនម្នាក់ កំពុងរៀនឆ្នាំទី២ នៅក្នុងសាកលវិទ្យាល័យមួយនៅភ្នំពេញ កូនខ្លះទៀត កំពុងរៀននៅវិទ្យាល័យ និងខ្លះត្រៀមប្រឡងបាក់ឌុបឆ្នាំនេះផង។ មានសម្បុរខ្មៅ ម្រាមដៃក្រើមចេញសរសៃរវាម និងមានសក់ស្កូវផង លោក អ៊ែល សារឿន បញ្ជាក់ថា៖«ខ្ញុំក្រ តែខ្ញុំមិនចង់ឲ្យកូនល្ងង់នោះទេ។ ខ្ញុំសុខចិត្តលំបាកខ្លួន ហូបតែបាយកក ដើម្បីឲ្យពួកគេបានរៀន»។
ខុសពីឪពុកម្តាយមួយចំនួន ដែលមិនសូវខ្វល់ខ្វាយពីអនាគតរបស់កូនៗ លោកតា សារឿន មិនចង់ឲ្យកូនធ្វើការផ្សេងឡើយ ដ្បិតលោកតាចង់ឲ្យពួកគេផ្តោតលើការសិក្សា ដើម្បីមានការងារល្អនៅថ្ងៃអនាគត។
នៅពេលគាត់កំពុងនិយាយរៀបរាប់ពីខ្សែជីវិតរបស់ខ្លួន មានអតិថិជនជាហូរហែចូលសប់កង់ សប់ម៉ូតូ ផងដែរ។ ក្រោមកំដៅថ្ងៃ ដីហុយ ប្រឈមនឹងចរាចរណ៍ខ្វែងខ្វាត់ តែលោកតានៅតែតស៊ូដើម្បីកូន។ លោកតា តែងតែទទួលបានការស្រឡាញ់រាប់អានពីនគរបាលចរាចរណ៍ ឬអាជ្ញាធរ ឬចៅអធិការវត្តដំរីស ដោយពួកគេមិនដេញ ឬយកលុយពីលោកតាឡើយ។ នោះ លោក អ៊ែល សារឿន បន្តថា៖«កូនស្រីខ្ញុំវាចង់ឲ្យធ្វើការផង និងរៀនផង តែខ្ញុំមិនចង់ឲ្យវាធ្វើទេ ព្រោះខ្លាចរៀនមិនចូល»។
ទោះហត់នឿយរកប្រាក់ទំនុកបម្រុងកូនៗទាំង៥នាក់ បុរសចំណាស់មិនត្អូញត្អែរឡើយ មានតែសប្បាយចិត្ត ព្រោះលោកអះអាងកូនៗរបស់ខ្លួនដើរតាមគន្លងធម៌ ហើយពួកគេតែងតែជួយការងារខ្លួន នៅពេល ទំនេរពីការសិក្សា។
លោកតាប្រកបរបរនេះ តាំងពីសប់កង់ដោយស្នប់ដៃ រហូតមានលុយទិញម៉ាស៊ីនសប់ ដើម្បីសម្រួលកម្លាំងបានខ្លះ។ ម៉ោង៤ទៀបភ្លឺលោកតាបានយករទេះរុញមានធុងខ្យល់យ៉ាងធំមួយ ដែលលោកតាទិញអស់មាស២តម្លឹងកន្លះកាលពីឆ្នាំ១៩៨៤ មកដាក់នៅមុខវត្តដំរីសជារៀងរាល់ថ្ងៃ។ រាល់ថ្ងៃសីលម្តងៗ លោកតាដែលមានសម្លៀកបំពាក់ចាស់រូបនេះ បានត្រឹមតែសម្លឹងទៅចាស់ៗដទៃទៀតយួរចានស្រាក់ទៅវត្តជាមួយគ្រួសារយ៉ាងរីករាយ។ ប៉ុន្តែ លោកតាវិញ ដ្បិតតែនៅមុខខ្លោងទ្វារវត្តរាល់ថ្ងៃ ប៉ុន្តែ លោកតាមិនហ៊ានឈប់សម្រាក ដើម្បីយកពេលទៅវត្តដូចចាស់ៗផ្សេងទៀតឡើយ។ ទឹកមុខស្រពាប់ស្រពោន លោកតា សារឿន និយាយទាំងសំឡេងតិចៗដូច្នេះថា៖«បើឈប់តែ១ថ្ងៃ កូននឹងអត់លុយទៅរៀន ព្រោះមួយថ្ងៃរកបានតែ៣ទៅ៤ម៉ឺន។ ខ្ញុំចង់ទៅវត្តដូចគេដែរ ព្រោះពីដើមខ្ញុំធ្លាប់បួសរៀននៅវត្ត»។
អតីតអ្នកខេត្តកំពង់ស្ពឺរូបនេះ បាននាំគ្រួសារមករស់នៅភ្នំពេញេះ ក្រោយរបបប៉ុលពតបានដួលរលំ។ មានផ្ទះ និងដី៣គុណ ៦ម៉ែត្រ នៅភ្នំពេញតាំងពីយូរមកហើយតែគ្មានប្លង់កម្មសិទ្ធិ លោកតា សារឿន និងប្រពន្ធ ដែលធ្វើការនៅកន្លែងសាសនាគ្រឹស្ត បានពួតដៃគ្នា ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនឲ្យទទួលបានការសិក្សាល្អ។
ថ្វីត្បិតលោកតាក្រមែន ប៉ុន្តែលោកតាបានប្រកាន់ភ្ជាប់នូវសីលធម៌ និងភាពស្មោះត្រង់ចំពោះមុខរបររបស់ខ្លួន មិនបោកប្រាស់គេ ដើម្បីតែក្រពះនោះឡើយ។ លោក សារឿន ថ្លែងដូច្នេះ៖ «តាអត់ហៅគេឲ្យចូលទេ តាក៏អត់មានល្បិចអីដែរ។ បើបែក១បំណះ ម្ចាស់គេឲ្យប៉ះ គឺប៉ះ តែបើគេដូរពោះវៀន គឺដូរតាមគេ។ ដូច្នេះ ទើបអ្នកដំណើរ គេឧស្សាហ៍មករកតា គេអាណិតស្រឡាញ់តា គេហៅតែតាដំរីសទេ»។
សារឿន បានបញ្ជាក់ថា លោកនឹងប្រកបរបរនេះ រហូតដល់ខ្លួនអស់កម្លាំងងើបលេងរួច។ នៅពេលនោះហើយ ដែលបុរសវ័យ៦៩ឆ្នាំរូបនេះ ក៏ទំនងសង្ឃឹមថាអាចផ្ញើជីវិតចុងក្រោយលើកូនៗទាំង៥ ដែលខ្លួនខំប្រឹងតស៊ូរកប្រាក់ឲ្យរៀនសូត្រ មិនហ៊ានឈប់សម្រាកទៅវត្តដូចចាស់ៗដទៃនៅពេលនេះឯង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អ៊ែល សារឿន
ប៉ះកង់
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម