អន្តរជាតិ
ប្រមុខ​កងទ័ព​អាមេរិក​ថា សមត្ថភាព​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅមានកម្រិត​
24, Jul 2017 , 11:55 am        
រូបភាព
​ប្រមុខ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត (Joseph Dunford) បាន​វាយតម្លៃថា កូរ៉េខាងជើង​មាន​សម​ត្ថ​ភាព​វាយប្រហារ​មី​ស៊ី​ល​ដាក់​គោលដៅ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​បាន ប៉ុន្តែ​ការវាយប្រហារ​នេះ​នៅមានកម្រិត​នៅឡើយ​។ ទោះជា​មី​ស៊ី​ល​កូរ៉េខាងជើង​ក្លាយជា​ការគំរាមកំហែង​ក្ដី ប្រមុខ​កងទ័ព​អាមេរិក​រូបនេះ​និយាយថា អាមេរិក និង​សម្ព័ន្ធមិត្ត​ក៏មាន​សមត្ថភាព​អាច​ការពារ​ខ្លួន​បាន​ដូចគ្នា​។



​ការរីកចម្រើន​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ពិតជា​ធ្វើ​ឲ្យ​អាមេរិក​បារម្ភ​ខ្លាំង ព្រោះ​កូរ៉េខាងជើង​មាន​សមត្ថ​ភាព​ដែល​អាច​វាយប្រហារ​គោល​ដៅ​អាមេរិក និង​សម្ព័ន្ធមិត្ត​នានា​។ យ៉ាងណាមិញ មេទ័ព​កំពូល​របស់​យោធា​អាមេរិក​បាន​និយាយថា សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ហាក់​នៅមាន​កម្រិត​នៅឡើយ ហើយ​អាមេរិក​ក៏​អាច​ការពារ​ខ្លួនឯង ក៏ដូចជា​សម្ព័ន្ធមិត្តរ​បស់​ខ្លួន​ដូចជា​ជប៉ុន និង​កូរ៉េខាងត្បូង​បានដែរ​។​

​ក្នុង​វេទិកា​សន្តិសុខ​មួយ​រៀបចំ​នៅ​រដ្ឋ Colorado នៅ​ថ្ងៃទី​២២ ខែកក្កដា នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត និយាយថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​កម្មវិធី​នុយក្លេអ៊ែរ​។ លោក​បន្តថា អ្វីដែល​លោក​អាច​ប្រាប់​ប្រជាជន​អាមេរិក​បាន គឺ​កូរ៉េខាងជើង​ពិត​ជាមាន​សមត្ថភាព​វាយប្រហារ​នុយក្លេអ៊ែរ​ក្នុង​កម្រិត​ណាមួយ​បាន​មែន ប៉ុន្តែ​អាមេរិក​ក៏មាន​សមត្ថភាព​ការពារ​បាន​ដូចគ្នា​ដែរ​។​

​ការលើកឡើង​របស់​មេ​ទ័ព​កំពូល​អាមេរិក ធ្វើឡើង​បន្ទាប់​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​មួយ​នៅ​ថ្ងៃទី​៤ ខែកក្កដា ដែល​ទាំង​អាមេរិក និង​កូរ៉េខាងជើង​សុទ្ធតែ​អះអាងថា ជា​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ និង​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។ ក្រោយ​ការបាញ់​នេះ ការព្រួយបារម្ភ​កាន់តែ​កើនឡើង​ពី​សមត្ថភាព​របស់​រដ្ឋ​ឯកោ​មួយ​នេះ ទោះជា​រង​ទណ្ឌកម្ម​ជុំជិត​ពី​សំណាក់​អន្តរជាតិ​ក៏ដោយចុះ​។ ដោយសារ​បញ្ហា​នេះ មេទ័ព​អាមេរិក​ខាងលើ បាន​លើក​ពី​លទ្ធភាព​ដែល​យោធា​អាច​ត្រូវ​ប្រើប្រាស់​ក្នុងការ​បញ្ចប់​មហិច្ឆតា​កូរ៉េខាងជើង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ឧ​ត្ត​ម​សេនីយ៍ ដាន់​ហ្វ​ត បញ្ជាក់ថា វា​ជា​រឿង​ដែល​មិនអាច​ស្រមើស្រមៃ​បាន​សម្រាប់​លោក​ក្នុងការ​អនុញ្ញាត​ឲ្យ​មី​ស៊ី​ល ឬ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ធ្លាក់​លើទឹក​ដី​អាមេរិក​នោះ​។ ប្រមុខ​កងទ័ព​នៃ​ប្រទេស​មហាអំណាច​យោធា​ធំជាងគេ​លើ​ពិភពលោក និយាយ​ច្បាស់ៗ​ថា ការងារ​របស់លោក គឺ​ជ្រើសរើស​មធ្យោបាយ​យោធា​ដើម្បី​ធានាថា នឹង​គ្មាន​រឿងរ៉ាវ​បែប​នោះ​កើតឡើង​ឡើយ​។​

​យ៉ាងណាក្ដី លោក ដាន់​ហ្វ​ត នៅតែ​ជឿថា​ការដាក់ទណ្ឌកម្ម​ទាំង​សេដ្ឋកិច្ច និង​ការទូត នៅតែ​ជា​ជម្រើស​ធំជាងគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​បានស្នើ​ឲ្យ​មានការ​ដាក់​សម្ពាធ​កាន់តែខ្លាំង​ថែមទៀត​លើ​កូរ៉េខាងជើង ដោយ​លោក​ក៏បាន​សារភាព​ដែរ​ថា សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​នៅលើ​ក​នេះ នឹង​បង្ក​មហន្តរាយ​ខ្លាំង​ជាង​សង្គ្រាមលោកលើកទីពីរ​ទៅទៀត​។ លោក​ថា អ្នក​ដែល​រស់រាន​ពី​សង្គ្រាម​លើក​មុន អាច​ប្រឈមមុខ​សង្គ្រាម​ដែល​កាន់តែ​អាក្រក់​មិន​ខាន​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
  Joseph Dunford
© រក្សាសិទ្ធិដោយ thmeythmey.com