អន្តរជាតិ
ប៉ាឡេស្ទីនព្យួរទំនាក់ទំនងជាមួយអ៊ីស្រាអែល ព្រោះភាពតានតឹងនៅវិហារ al-Aqsa រូបភាព៖ ទូរទស្សន៍ Al Jazeera
× ការប្រឈមមុខគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនកាន់តែតាន់តែតានតឹង ក្រោយមានការបិទ និង ការរឹតបន្តឹងសន្តិសុខត្រួតពិនិត្យវិហារឥស្លាម al-Aqsa កាលសប្តាហ៍មុន។ រដ្ឋាភិបាលប៉ាឡេស្ទីនបានសម្រេចព្យួររាល់ទំនាក់ទំនងដែលមានជាមួយភាគីអ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីប្រឆាំងការអនុវត្តវិធានការសន្តិសុខថ្មីដែរ។
អាជ្ញាធរប៉ាឡេស្ទីនបានសម្រេចព្យួររាល់ការទាក់ទងជាមួយរដ្ឋាភិបាលអ៊ីស្រាអែល នៅចុងសប្តាហ៍កន្លងទៅដើម្បីប្រឆាំងការអនុវត្តវិធានការសន្តិសុខថ្មីដូចជាបំពាក់កាមេរ៉ា និងដំឡើងម៉ាស៊ីចាប់គ្រឿងដែក (Metal Detector) នៅវិហារឥស្លាម al-Aqsa។ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូត អាបាស (Mamoud Abbas) បានបញ្ជាក់ថា ទំនាក់ទំនងដែលត្រូវព្យួរនេះមានទាំងទំនាក់ទំនងផ្នែកសន្តិសុខផងដែរ។
ការឈានដល់ព្យួរទំនាក់ទំនងនេះបង្ហាញឲ្យឃើញច្បាស់ពីការកើនឡើងនៃភាពតានតឹងរវាងភាគីទាំងពីរផងដែរ។ ភាពតានតឹងនេះកើតឡើងក្រោយមានការបង្ក្រាបបាតុករជនជាតិប៉ាឡេស្ទីនដែលនាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរអ៊ីស្រាអែលដែលបិទវិហារ និងដាក់វិធានសន្តិសុខថ្មីនៅវិហារឥស្លាម al-Aqsa ដែរកាលពីសប្តាហ៍មុន។
តាមពិតទៅ ដើមទងដែលបណ្តាលឲ្យមានការបិទវិហារ និងពង្រឹងវិធានការសន្តិសុខថ្មីនៅវិហារឥស្លាម al-Aqsa នេះគឺវាកើតឡើងដូចតទៅ។ ដើមឡើយវាមានការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីននៅ ថ្ងៃ ១៤ខែកក្កដា ដែលបណ្តាលឲ្យកងកម្លាំងសន្តិសុខអ៊ីស្រាអែលពីរនាក់ និងជនជាតិប៉ាឡេស្ទីនបីនាក់ផ្សេងទៀតស្លាប់ផង។
ក្រោយមានការប៉ះទង្គិចគ្នានេះ អាជ្ញាធរអ៊ីស្រាអែលសម្រេចបិទវិហារនេះភ្លាម ហើយវិហារនេះត្រូវបានគេបើកឲ្យមានការចូលគោរពបួងសួងឡើងវិញពីរថ្ងៃបន្ទាប់។ ទូរទស្សន៍អារ៉ាប់ Al Jazeera ផ្សាយថា ការបិទវិហាឥស្លាម al-Aqsa នៅក្រុងបុរាណហ្សេរ៊ុយសាឡិមនេះកើតឡើងជាលើកដំបូងបំផុតតាំងបីឆ្នាំ ១៩៦៩។
យ៉ាងណាក៏ដោយ គេឃើញអ៊ីស្រាអែលពង្រឹងការយាមកាម បំពាក់កាមេរ៉ា និង ត្រួតពិតនិត្យយ៉ាងតឹងរ៉ឹងចំពោះអ្នកចូលគោរពនិងបួងសួងក្នុងវិហារal-Aqsa ហើយវាបានបង្កឲ្យប្រជាជនប៉ាឡេស្ទីនដែលចេញចូលរាល់ថ្ងៃនោះទើសទាល់និងមិនពេញចិត្ត។ ពួកគេសម្រេចធ្វើពហិកាចូលបួងសួងក្នុងវិហារ ទាមទារឲ្យអ៊ីស្រាអែលនៅបញ្ឈប់អនុវត្តវិធានការត្រួតពិនិត្យនេះទៀត។
ប្រជាជនប៉ាឡេស្ទីនទាំងនោះសុខចិត្តអង្គុយនៅខាងក្រៅរបងវិហារដើម្បីបួងសួងដើម្បីតវ៉ានិងបង្ហាញការមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរអ៊ីស្រាអែល។ នៅថ្ងៃ ២១ ខែកក្កដា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាច្រើនកុះករដើម្បីនាំគ្នាបួងសួងនៅច្រកចូល(Lion Gate)ទីក្រុងបុរាណហ្សេរ៊ុយសាឡិម។ ដោយសារប្រជាជនច្រើនចូលរួមបាតុកម្មអហិង្សា ភាពតានតឹងកើតឡើង ហើយកម្លាំងសន្តិសុខអ៊ីស្រាអែលក៏ប្រើប្រាស់កម្លាំងទាំងកម្រោលប្រឆាំងបាតុករ រហូតបណ្តាលឲ្យមនុស្សរាប់រយនាក់រងរបួស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជនជាតិប៉ាឡេស្ទីន បួននាក់ត្រូវបានគេបាញស្លាប់នៅហ្សេរ៊ុយសាឡិមខាងកើត និងទឹកដី West Bank។
ការប្រឈមមុខគ្នានេះមិនមានថមថយឡើយមកដល់ពេលនេះ ប៉ុន្តែសហគមន៍អន្តរជាតិបានអំពាវនាវឲ្យភាគីព្យាយាមរកដំណោះស្រាយដើម្បីកាត់បន្ថយភាពតានតឹងថែមទៀតនោះ។ កាលពីថ្ងៃសៅរ៍មហាអំណាចអាមេរិក រុស្ស៊ី អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដើម្បីអំពាវនាវឲ្យភាគីទាំងអស់បន្តអត់ធ្មត់តាមដែលអាចធ្វើបាន និងបញ្ចៀសរាល់សកម្មភាពបង្ករឿងជាដើម។ ចំណែកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី ២៤ កក្កដានេះដើម្បីពិភាក្សាពីបញ្ហានេះដែរ។
ដោយឡែកសម្ព័ន្ធអារ៉ាប់ក៏នឹងរៀបចំជំនួបបន្ទាន់មួយដែលនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដើម្បី ពិភាក្សាគ្នាពីការវិវត្តន៍នៃភាពតានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដែរ៕
Tag:
ប៉ាឡេស្ទីន
Al-Aqsa
អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com