កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភរិយា​អតីត​ខ្សែប្រយុទ្ធ សៀង តារា​៖ ស្វាមី​ខ្ញុំ​តាមដាន​បាល់ទាត់​ខ្មែរ​រហូតដល់​ពីរ​ថ្ងៃមុន​ទទួលមរណភាព
26, Jul 2017 , 9:51 am        
រូបភាព
​លោក សៀង តារា អតីត​ខ្សែប្រយុទ្ធ​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពីមុន​របប​ខ្មែរក្រហម បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១១ ខែមិថុនា កន្លងមក​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក ក្នុង​អាយុ​៧២​ឆ្នាំ បន្ទាប់ពី​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​អស់​រយៈពេល​៥​ឆ្នាំ​។ លោក​ជា​សមាជិក​កីឡាករ​ក្នុង​យុគសម័យ​ដ៏​លេចធ្លោ​នៃ​កីឡាបាល់ទាត់​កម្ពុជា​។ តាម​ឯកសារ​ដ៏​កម្រ លោក សៀង តារា ដែលជា​ខ្សែប្រយុទ្ធ​ពាក់​លេខ​១០ បានបង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន ក្នុងនោះ លោក​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ របស់​កម្ពុជា​លើ​ឥណ្ឌា នា​ការប្រកួត​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 1968 ជាដើម​។​



​ពីរ​ដ្ឋ Colorado សហរដ្ឋអាមេរិក អ្នកស្រី លី ថុល អាយុ​៦៤​ឆ្នាំ ដែលជា​ភរិយា​របស់លោក សៀង តារា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទាំង​ខ្សឹកខ្សួល ទាក់ទង​នឹង​ដំណើរ​ជីវិត​របស់​ស្វាមី​ខ្លួន ជាពិសេស​ការ​ដក់អារម្មណ៍​របស់គាត់​លើ​កីឡាបាល់ទាត់​កម្ពុជា បើទោះបីជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គាត់​មិនអាច​ដើរ​ទៅណា​រួច​ក៏ដោយ​។​



​សូម​អាន​ការរៀបរាប់​មួយចំនួន​របស់​អ្នកស្រី លី ថុល ពីរ​ដ្ឋ Colorado សហរដ្ឋអាមេរិក តាមរយៈ​បទ​សម្ភាស​តាម​ទូរ​សព្ទ​ជាមួយ​លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ ដូចខាងក្រោម​៖

​លោក អ៊ឹង ចំរើន​៖ តើ​លោក សៀង តារា មាន​ទំនាក់ទំនង​បែបណា​ដែរ​ជាមួយ​វិស័យ​កីឡា​នៅ​កម្ពុជា​?

​អ្នកស្រី លី ថុល​៖ [​និយាយ​ទាំង​អួលដើមក​…] ចាស​ក្មួយ តាំងពី​មក​នៅ​អាមេរិក​ជាង​៧​ឆ្នាំ​កន្លងមកនេះ ប្តី​ខ្ញុំ​គ្មាន​ទំនាក់ទំនង​អ្វី​ផ្ទាល់​ឡើយ ប៉ុន្តែ​គាត់​តែងតែ​តាមដាន​កីឡា​ជានិច្ច ដោយ​គាត់​មើល​ព័ត៌មាន​ដែល​កូន​ភ្ជាប់​កម្មវិធី​ទូរទស្សន៍​ពី​ស្រុក​ខ្មែរ​។ គាត់​តាមមើល ជាពិសេស​កីឡាបាល់ទាត់ រហូតដល់​២​ថ្ងៃមុន​ពេលដែល​គាត់​បាន​ចែក​ឋាន​។ គាត់​ក៏​តែងតែ​រំលឹក​ពី​មិត្តភក្តិ​ចាស់ៗ ដូចជា​លោក ប៉ែន ផាត ជាដើម​។​

​លោក អ៊ឹង ចំរើន​៖ គាត់​ធ្លាប់​បង្ហាញ​ពី​បំណង​មកជួយ ឬ​ចែករំលែក​ចំណេះដឹង​បាល់ទាត់​ដល់​យុវជន​កម្ពុជា​ដែរឬទេ​?

​អ្នកស្រី លី ថុល​៖ ស្វាមី​ខ្ញុំ មិនដែល​យកចិត្តទុកដាក់​អ្វី​លើសពី​បាល់ទាត់​នោះឡើយ គាត់​ស្រឡាញ់​ខ្លាំងណាស់​។ មុន​មកដល់​អាមេរិក បើទោះបីជា​គាត់​បម្រើការ​នៅ​ធនាគារជាតិ​ក៏ដោយ តែ​គាត់​ក៏បាន​រួមចំណែក​ច្រើន​ដែរ​ក្នុងការ​អភិវឌ្ឍន៍​កីឡាបាល់ទាត់​។ ខ្ញុំ​មិនបាន​ដឹង​លម្អិត​នោះឡើយ ព្រោះ​ខ្ញុំ​ផ្តោត​តែ​លើ​ការងារ​ផ្ទះសម្បែង​។ គាត់​ពិតជា​ចង់​ចែករំលែក​ចំណេះដឹង និង​ជំនាញ​របស់ខ្លួន ប៉ុន្តែ​សុខភាព​របស់គាត់​មិន​អំណោយផល គាត់​បានត្រឹមតែ​មើល និង​គាំទ្រ​ពី​ចម្ងាយ​ប៉ុណ្ណោះ​។​

​លោក អ៊ឹង ចំរើន​៖ លោក សៀង តារា ចាប់អារម្មណ៍​តែ​ពី​កីឡាបាល់ទាត់ តើ​ទំនាក់ទំនង​គ្រួសារ​យ៉ាងដូចម្តេច​ដែរ​?

​អ្នកស្រី លី ថុល​៖ ខ្ញុំ​ចាំ​ថា ក្រោយ​សម័យ​ប៉ុលពត ស្វាមី​ខ្ញុំ​បាន​លក់​ស្បែកជើង និង​ខោអាវ​កីឡា​មួយចំនួន​របស់ខ្លួន ដើម្បី​រកលុយ​ចិញ្ចឹម​គ្រួសារ​…​។ ខ្ញុំ​ពិតជា​សំណាង​ណាស់​ដែលមាន​មេ​គ្រួសារ​ដូចជា​គាត់ គាត់​មិនដែល​ប្រើ​សម្តី​ធ្ងន់​ដូចជា​ពាក្យ «​អញ​» ដាក់​ខ្ញុំ និង​កូនស្រី​ទាំង​៤​ម្តងណា​ឡើយ​។ យើង​ស្គាល់ និង​រៀបការ​ជាមួយគ្នា តាំងពី​ពេលដែល​គាត់​ជា​កីឡាករ​។ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ គាត់​គោរព​ក្បួនច្បាប់​ជា​កីឡាករ​បានល្អ​ណាស់ គាត់​មិន​ជក់បារី គាត់​មិន​ចូលចិត្ត​ញ៉ាំ​ស្រា​នោះទេ ហើយ​ពេលខ្លះ មានការ​បង្ខំ គាត់​ពិសា​បាន​មួយ​កែវ តែ​មិនអាច​លើសពី​នោះឡើយ​។ នេះហើយ​ជា​រឿង​ដែល​ខ្ញុំ​មិន​អស់ចិត្ត​សោះ មិនគួរណា​គាត់​មាន​ជំងឺ ហើយ​ឆាប់​ទៅ​ចោល​ពួកយើង​យ៉ាង​ដូច្នេះ​។​



​លោក អ៊ឹង ចំរើន​៖ តើ​លោក សៀង តារា មាន​សាច់​ឈាមជ័រ​អ្នកកីឡា​ដែរ​ទេ ហើយ​ចុះ​កូនចៅ​ក្រោយៗ​?


​អ្នកស្រី​៖ គាត់​មាន​បងប្អូន​ជាច្រើន ក្នុងនោះ មាន​ម្នាក់​ជា​អតីតមន្ត្រី​ជំនិត​របស់​សម្តេច ហ៊ុន សែន នៅក្រសួងការបរទេស​។ បងប្អូន​គាត់​សុទ្ធ​តែមាន​ជំនាញ និង​អាជីព​ផ្សេងៗ​។ បច្ចុប្បន្ន​នៅ​អាមេរិក ខ្ញុំ​មាន​ចៅប្រុស ចៅស្រី ដែលជា​កូន​របស់​កូនស្រី​ច្បង ចេះ​លេង​កីឡាបាល់ទាត់​ផងដែរ​។ ពួកគេ​រស់នៅ​រដ្ឋ​វ៉ាស៊ីនតោន​។ កាល​នៅរស់ ស្វាមី​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ឃើញ​ចៅៗ​មាន​និស្ស័យ​បែបនេះ ៕



​រូបថត​ទាំងអស់​ផ្តល់​ដោយ Oun Rohr



Tag:
 សៀង តារា​
  ប្រវត្តិ​បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com