ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កញ្ញា ឡាំ សុវណ្ណី ខំរៀនរហូតក្លាយជាសិស្សឆ្នើម ព្រោះមិនចង់ធ្វើជាកម្មការិនីនៅថៃ
31, Jul 2017 ,
9:59 pm
រូបភាព
×
ដោយ:
កញ្ញា ឡាំ សុវណ្ណី គឺជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិដ៏ឆ្នើមមួយរូបនៅសកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា។ រយៈពេល ៤ ឆ្នាំ សិក្សានៅសកលវិទ្យាល័យនេះ សុវណ្ណី ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជា។ តាមពិតមុននឹងក្លាយជាសិស្សពូកែ និស្សិតដែលវ័យ ២១ ឆ្នាំ រូបនេះ ធ្លាប់ជាសិស្សដែលរៀនខ្សោយជាងគេបំផុតនៅក្នុងថ្នាក់។ កញ្ញា សុវណ្ណី បញ្ជាក់ថា កត្តាដែលជំរុញឲ្យនាងខំប្រឹងរៀនឡើងវិញ និងក្លាយជាសិស្សពូកែ ដោយសារមិនចង់ទៅធ្វើជាពលការិនីនៅប្រទេសថៃ និងដំបូន្មានរបស់ម្តាយ។
សិក្សា ៤ ឆ្នាំ នៅសកលវិទ្យាល័យ កញ្ញា ឡាំ សុវណ្ណី ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាជាប់រហូត។ នេះជាលទ្ធផលដ៏ល្អនៃការសិក្សា ដែលសុវណ្ណី ប្រាប់ដល់សារព័ត៌មានថ្មីៗ។ សុវណ្ណី កំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នំាទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ។ និស្សិតដែលមកពីខេត្តបន្ទាយមានជ័យរូបនេះ រៀបរាប់សង្ខេបពីប្រវត្តិនៃការសិក្សារបស់នាងថា ខ្លួនគឺជាអតីតសិស្សខ្សោយបំផុតប្រចាំថ្នាក់កាលពីនៅបឋមសិក្សា និងអនុវិទ្យាល័យ។«ក្នុងចំណោមសិស្ស២៥ នាក់ ខ្ញុំរៀនជាប់លេខ ២៣ ឬ២៤ នៅក្នុងថ្នាក់។ ខ្ញុំធ្លាប់គេថា ជាសិស្សឈ្លើយក្នុងថ្នាក់ ព្រោះខ្ញុំចូលចិត្តគេចសាលា និងមួយថ្ងៃៗដើរតែលេង។ ខ្ញុំទៅរៀន មិនសូវមានមិត្តភក្តិទេ និងគ្រូស្អប់ទៀត»។ នេះជាការបន្ថែមរបស់ កញ្ញា ឡាំ សុវណ្ណី។
តែយ៉ាងណា មិនយូរប៉ុន្មានឡើយ សុវណ្ណី បានផ្លាស់ប្តូរនូវអត្តចរិតមិនល្អ ងាកមកសង្វាតនឹងការសិក្សាវិញ រហូតបានក្លាយជាសិស្សឆ្នើមនៅក្នុងថ្នាក់។ និស្សិតដែលមានឪពុកជាមេភូមិ និងម្តាយលក់អីវ៉ាន់ចាប់ហួយតូចតាចនៅក្នុងភូមិ បានរម្លឹកថា ហេតុផលដែលនាងងាកមកខំប្រឹងរៀនវិញពេលនោះ ក្រោយពីខ្លួនពិចារណាទៅលើដំបូន្មានរបស់ម្តាយ និងការមើលឃើញភាពលំបាកមិត្ត ដែលឈប់រៀន ដើម្បីទៅធ្វើពលករនៅប្រទេសថៃ និងកត្តាសំខាន់ៗរួមផ្សំមួយចំនួនទៀត។ សុវណ្ណី លើកឡើងពីពាក្យម្តាយ ដែលបានទូន្មានខ្លួនកន្លងមកយ៉ាងនេះថា៖«កូនស្រី! យើងកើតជាកូនស្រី មិនអាចពឹងពាក់ទាំងស្រុងតែលើបុរសនោះទេ។ កាលណាមនុស្សស្រី ពឹងពាក់តែលើប្តី រៀនមិនចេះ ល្ងង់ខ្លៅ នោះប្តីនឹងមើលងាយ និងធ្វើបាប ទោះបីប្តីនោះជាអ្នករៀនបានខ្ពង់ខ្ពស់ក្តី»។ កញ្ញាបញ្ជាក់ថា ពាក្យពេចន៍ម្តាយទាំងអស់នេះ បានជាប់នៅក្នុងចិត្តរបស់ខ្លួនជានិច្ច និងជាដំបូន្មានដែលតែងក្រើនរម្លឹកនិស្សិតសម្បុរសណ្តែកបាយរូបនេះ ឲ្យខំប្រឹងរៀនសូត្រជាប្រចាំ។
ជាមួយគ្នានេះ ដោយសារ សុវណ្ណី កើតនៅខេត្តបន្ទាយមានជ័យ ដែលជាខេត្តសម្បូរជនចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និស្សិតរូបនេះ តែងឃើញភាពលំបាករបស់មិត្តភក្តិរបស់ខ្លួន ដែលឈប់រៀនទៅធ្វើការនៅប្រទេសថៃ ហើយនាងមិនចង់ទៅធ្វើកម្មករនៅស្រុកថៃនោះទេ។«ខ្ញុំឃើញមិត្តភក្តិ ដែលធ្លាប់តែដើរលេងជាមួយខ្ញុំ ត្រូវបានឪពុកម្តាយពួកគេ បញ្ចូនទៅធ្វើការនៅប្រទេសថៃ ខ្ញុំមានអារម្មរណ៍ថា បើមិនទៅរៀនឬខំប្រឹងរៀនទេ ម៉ែពុក នឹងបញ្ចូនខ្ញុំឲ្យទៅធ្វើការស្រុកគេដែរហើយ»។ នេះជាកត្តាសំខាន់មួយដែរ ដែលញ៉ាំងនារីម្នាក់នេះឲ្យសង្វាតសិក្សា ទន្ទឹមនឹងការឈឺចាប់នឹងពាក្យមើលងាយមួយចំនួនពីមិត្តរួមថ្នាក់ កាលពីខ្លួននៅជាសិស្សខ្សោយក្នុងថ្នាក់ផងដែរ។ ការខំប្រឹងសិក្សារបស់សុវណ្ណី ដ៏ពិសេសមួយ គឺការអានសៀវភៅ។ នាងបញ្ចាក់យ៉ាងនេះថា៖«អារម្មរណ៍ដែលត្រូវបានគេមើលងាយ ខ្ញុំបានកែប្រែវា ជាសេចក្តីស្រលាញ់វិញ តាមរយៈស្រឡាញ់ការអានសៀវភៅ»។
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ២០១៣ និស្សិតរូបនេះ បានធ្វើដំណើរមកភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ ក្រៅតែពីការរៀនពូកែនៅសាកលវិទ្យាល័យ សុវណ្ណី ក៏ជាគ្រូបង្វឹក និងជាអ្នកជជែកពិភាក្សាដ៏ពូកែម្នាក់ដែរ។ មិនតែប៉ុណ្ណោះ កញ្ញាក៏បានចូលរួមធ្វើការងារសង្គមយ៉ាងសកម្ម។ និស្សិតឆ្នើមរូបនេះបានបែងចែកច្បាស់លាស់ រវាងការងារសង្គម និងការសិក្សា និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ។
កញ្ញា ឡាំ សុវណ្ណី មានបំណងបន្តការសិក្សានៅបរទេស ដើម្បីប្រកួតប្រជែងថ្នាក់អន្តរជាតិ។ នាង ប្តេជ្ញាបែបនេះថា៖«ខ្ញុំចង់ធ្វើអ្នកខ្លាំង ក្នុងចំណោមអ្នកខ្លាំង។ ដូច្នេះ ខ្ញុំត្រូវទៅរៀននៅបរទេស»។ នៅឆ្នាំ២០១៧ កញ្ញាក៏ទទួលបានអាហារូបករណ៍ពីវិទ្យាស្ថានកិច្ចការអាស៊ីអាគេ្នយ៍ ដើម្បីបន្តការសិក្សាកម្មវិធីផ្លាស់ប្តូរជំនាញទំនាក់ទំនងអន្តជាតិ នៅសាកលវិទ្យាល័យឈៀងម៉ៃ។
និស្សិតដែលបានប្រឆាំងភាពខ្សោយរបស់ខ្លួន ព្រោះមិនចង់ទៅធ្វើការនៅប្រទេសថៃរូបនេះ មានក្តីស្រមៃចង់ធ្វើការងាររដ្ឋក្នុងតំណែងណាមួយនាពេលអនាគត ដែលនាងអាចប្រើប្រាស់សមត្ថភាពជួយសង្គមបានច្រើន ជាពិសេសជួយក្មេងៗឲ្យទទួលបានការអប់រំ និងមានឱកាសរៀនសូត្របានស្មើៗគ្នា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡាំ សុវណ្ណី
សកលវិទ្យាល័យបញ្ញាសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 សប្តាហ៍
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
9 ម៉ោង
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
4 ថ្ងៃ
ដំរីព្រៃ ដែលគេសង្គ្រោះចេញពីល្បាប់ភក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បានងាប់ហើយ
2 ថ្ងៃ
អ្នកស្រី ឯម សិរីវុទ្ធី ចេញដំណើរពីស្វាយរៀងម៉ោង៣ទៀបភ្លឺ ជូនកូនមកប្រឡងគ្រូនៅភ្នំពេញ
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម