ជាតិ
អ្នករាយការណ៍​ពិសេស UN នឹង​មក​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​សិទ្ធិ​កុមារ​
04, Aug 2017 , 8:19 pm        
រូបភាព
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ។ រូបថត Thmey Thmey
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ។ រូបថត Thmey Thmey
​ភ្នំពេញ​៖ អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១0​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២0១៧​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​។



​បើតាម​សេចក្តីជូនដំណឹង​នោះ ដំណើរ​ទស្សនកិច្ច​រប​ស់​អ្នកស្រី រ៉ូ​ណា ស្មី​ត គឺ​ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​នៃ​សិទ្ធិមនុស្ស​ទូទៅ ជាពិសេស​ផ្តោតលើ​សិទ្ធិ​កុមារ​កម្ពុជា​។ សេចក្តីជូនដំណឹង បាន​ដកស្រង់​ប្រសាសន៍​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​ដំណើរ​បេសកកម្ម​របស់​ខ្ញុំ​លើក​នេះ ខ្ញុំ​នឹង​ផ្តោតលើ​សិទ្ធិ​កុមារ ជា​ផ្នែក​មួយ​នៃ​ការងារ ដែល​ខ្ញុំ​កំពុង​ធ្វើ​លើ​វិស័យ​នៃ​ការរើសអើង និង​ក្រុម​ដែល​ងាយ​រងគ្រោះ​។ ខ្ញុំ​មានបំណង​ឈ្វេងយល់​ជាពិសេស​អំពី​ការជួញដូរ​និង​ការកេងប្រវ័ញ្ច​លើ​កុមារ រួមទាំង​គោលជំហរ​ក្នុងការ​មើលថែ​កុមារ​»​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុង​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត នឹងមាន​ជំនួប​ជាមួយ​ភាគី​នានា ដូចជា​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល និង​តំណាង​សង្គម​ស៊ីវិល ជាដើម​។ 

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៤​ហើយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត មកកាន់​កម្ពុជា​។ អ្នកស្រី រ៉ូ​ណា ស្មី​ត ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ខែ​មិនា ឆ្នាំ​២0១៥៕


Tag:
 ​រ៉ូ​ណា ស្មី​ត​
  UN
  សិទ្ធិ​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com