ជាតិ
មួយ​សប្តាហ៍​ទៀត CNRP នឹង​ដក​រូប​ស្ថាបនិក​ទាំងពីរ​ចេញ​ឲ្យ​អស់ពី​ស្លាក​គណបក្ស​
07, Aug 2017 , 11:30 am        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់ថា រយៈពេល​មួយ​សប្តាហ៍​ទៀត រូបលោក សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នឹងត្រូវ​ដកចេញ​ឲ្យ​អស់ ពី​ផ្ទាំង​ផ្សព្វផ្សាយ​ចាស់ នៅ​ទូទាំងប្រទេស​។ ឥឡូវនេះ គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​រុះរើ និង​ផ្លាស់ប្តូរ​ផ្ទាំង​ផ្សព្វផ្សាយ​របស់ខ្លួន ជា​បណ្តើរៗ​ហើយ​។



​ព្រោះតែ​ព្រួយបារម្ភ​នឹង​ការ​ប្រឈម​ចំពោះ​មាត្រា​ថ្មី​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបាន​សរសេ​រ​បន្ថែម​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​រួសរាន់​ក្នុង​ការដក​រូបលោក សម រង្ស៊ី ដែល​ឈរ​កាន់​ដៃ​ជាមួយ​ឯកឧត្តម កឹម សុខា ចេញពី​ស្លាក​សញ្ញា ឬក៏​ហៅថា​ផ្ទាំង​ផ្សព្វផ្សាយ ឲ្យ​បាន​លឿន តាមតែ​អាចធ្វើ​ទៅបាន​។ ប្រសិនបើ​មិន​ដក​រូបលោក សម រង្ស៊ី ដែលមាន​ឈ្មោះ​ជា​អ្នកទោស ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​ឲ្យ​ទាន់ពេលវេលា​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ បានចាប់ផ្តើម​ដក​រូប​លោក សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បាន​មួយចំនួនធំ​ហើយ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​នេះ​។ អ្នកនាំពាក្យ​រូបនេះ សង្កត់ធ្ងន់ថា ប្រហែលជា​មិន​លើស​ពីមួយ​សប្តាហ៍​ទៀត​ទេ រូបលោក សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នឹងត្រូវ​ដកចេញ​ពី​ស្លាក​គណបក្ស នៅ​ទូទាំងប្រទេស​ហើយ​។ លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ដោយសារ​ច្បាប់​ថ្មី​ហ្នឹង​បង្ខំ​យើង​ពេក អ៊ីចឹង​យើង​ត្រូវតែ​ធ្វើ​ឲ្យ​បាន​លឿន​ជាទីបំផុត​»​។

​បើតាម​លោក យឹម សុវណ្ណ ផ្ទាំង​ផ្សព្វផ្សាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មានតែ​រូប​ព្រះអាទិត្យ នឹងត្រូវ​លើក​តាំង ក្រោយពី​ផ្ទាំង​ផ្សព្វផ្សាយ​ចាស់​នៅ​ទូទាំងប្រទេស ត្រូវបាន​ដកចេញ​រួចរាល់​។ ប៉ុន្តែ​លោក ប្រាប់ថា ផ្ទាំង​ផ្សព្វផ្សាយ​ថ្មី​នៅតាម​ទីតាំង​មួយចំនួន ត្រូវបាន​លើក​តាំង​ហើយ ក្រោយពី​ដកចេញ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ចាស់ ដែលមាន​រូបលោក សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា​។​

​ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីណែនាំ​មួយ ទៅដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​របស់ខ្លួន​ទាំងអស់ នៅតាម​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ឲ្យ​ព​ន្លឿ​ន​ការដក​រូប​របស់​ឯក​ឧ​ត្ត​ម ដែល​ឈរ​កាន់​ដៃ​ជាមួយ​លោក សម រង្ស៊ី ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​នៅ​ទូទាំងប្រទេស​។ ឯកឧត្តម កឹម សុខា បាន​សរសេរ​ក្នុង​សេចក្តីណែនាំ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សូម​ស្នើ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស នៅតាម​រាជធានី​-​ខេត្ត ទាំងអស់ ផ្លាស់ប្តូរ​ស្លាក​សញ្ញា​គណបក្ស ឲ្យ​បាន​ឆាប់រហ័ស​។ ក្នុងករណី ដែល​មិនទាន់មាន​គំរូ​ស្លាក​សញ្ញា​គណបក្ស​ថ្មី​ទៅ​ជំនួស សូម​ដោះចេញ​នូវ​ស្លាក​សញ្ញា​គណបក្ស​ចាស់ ដែលមាន​រូប​ចាប់ដៃ​រវាង​ឯកឧត្តម សម រង្ស៊ី និង​ខ្ញុំ​»​។​

​ក្នុងចំណោម​មាត្រា​ថ្មី​ទាំងអស់ ដែល​ទើប​សរសេរ​បន្ថែម​នៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ មាន​មាត្រាមួយ បាន​កំណត់ថា គណបក្សនយោបាយ មិនអាច​ប្រើប្រាស់ រូបថត សារ​ជា​សំឡេង និង​ឯកសារ​ជា​លាយលក្ខណ៍អក្សរ​រប​ស់​បុគ្គល​ណា​ម្នាក់ ដែលមាន​ឈ្មោះ​ជា​អ្នកទោស​នោះទេ​។ មាត្រា​ថ្មី​នេះ បានផ្តល់​សិទ្ធិអំណាច​យ៉ាង​ធំធេង​ដល់​តុលាការ រហូតដល់​អាចរំលាយ​គណបក្ស​ណាមួយ ប្រសិនបើ​គណបក្ស​នោះ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ​។

​ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ដក​រូបលោក សម រង្ស៊ី ដែល​រង​បណ្តឹង​ជាច្រើន​ពី​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ហើយក៏​ត្រូវបាន​តុលាការ​កាត់ក្តី​ឲ្យ​ក្លាយជា​អ្នកទោស​ទៅហើយនោះ ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​ឲ្យ​អស់ នៅ​ទូទាំងប្រទេស​។ មិន​ត្រឹមតែ​រូប​របស់លោក សម រង្ស៊ី នោះទេ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​សម្រេច​ដក​រូប​ឯកឧត្តម កឹម សុខា ចេញ​ផងដែរ​។ ចាប់ពីពេលនេះ​តទៅ ស្លាក​ឬ​ផ្ទាំង​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស គឺមាន​តែ​រូប​ព្រះអាទិត្យ​ប៉ុណ្ណោះ ដោយ​មិនមាន​រូបលោក សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ទៀត​ទេ​៕


Tag:
 CNRP
  ប្តូរ​ស្លាក​
  សម រង្ស៊ី​
  កឹម សុខា​
  យឹម សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com