ជាតិ
អ្នករាយការណ៍ UN លើកឡើង​ពី​ការឃុំ​មន្ត្រី​បក្សប្រឆាំង​និង​សិទ្ធិមនុស្ស ពេល​ជួប​រដ្ឋមន្ត្រី​យុត្តិធម៌​
10, Aug 2017 , 2:27 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានបង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ការកកស្ទះ​ក្នុង​ពន្ធនាគារ ដោយសារតែ​ការកើនឡើង​នូវ​ចំនួន​អ្នកទោស​។ ក្នុង​ប្រធានបទ​នេះ លោកស្រី ក៏​ឆ្លៀត​លើកឡើង​ពី​ករណី​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្សនយោបាយ​ផងដែរ ដែល​ត្រូវបាន​ឃុំខ្លួន​។

 

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​យក​សំណុំរឿង​របស់​មន្ត្រី​សិទ្ធិមនុស្ស រួមទាំង​អ្នកនយោបាយ​និង​សកម្មជន​បក្សនយោបាយ [​ទំនងជា​ចង់​សំដៅ​ដល់​បក្សប្រឆាំង​] ដែល​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ទៅ​ពិភាក្សា​ជាមួយ​លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ព្រឹក​ថ្ងៃទី​១0 ខែសីហា ឆ្នាំ​២0១៧​នេះ​។ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ ក្រោយ​បញ្ចប់​ជំនួប​រវាង​លោកស្រី រ៉ូ​ណា ស្មី​ត និង​លោក អង្គ វង្ស វ​ឌ្ឍា​នា​។​

​លោក ជិន ម៉ា​លីន សង្កត់ធ្ងន់ថា ថ្វី​ដ្បិត​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​បញ្ហា​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​បក្សនយោបាយ ជាប់ឃុំ​ក៏ពិតមែន ប៉ុន្តែ ការលើកឡើង​របស់លោក​ស្រី មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ នោះទេ​។ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គាត់ [​លោកស្រី រ៉ូ​ណា ស្មី​ត​] បានលើកឡើង​ពី​ការឃុំខ្លួន​បណ្តោះ​អាស​ន្ត រួមទាំង​សកម្មជន​សិទ្ធិមនុស្ស រួមទាំង​សកម្មជន​បក្សនយោបាយ និង​សាធារណជន​ទូទៅ​។ គាត់​មិន​លើក​ជា​រឿង​នយោបាយ​ទេ​។ គាត់ មិន​ផ្តោត​តែ​ទៅលើ​សកម្មជន​បក្សនយោបាយ និង​មន្ត្រី សិទ្ធិមនុស្ស នោះទេ​។ ប៉ុន្តែ គាត់​ថា ធ្វើ​យ៉ាងម៉េច ឲ្យ​ការឃុំខ្លួន មានការ​ថយចុះ​»​។​



​បើតាម លោក ជិន ម៉ា​លីន លោកស្រី រ៉ូ​ណា ស្មី​ត ព្រួយបារម្ភ​ចំពោះ​ការកើនឡើង​នូវ​ចំនួន​ជនល្មើស ដែល​ត្រូវបាន​យកទៅ​ឃុំ​ជា​បណ្តោះអាសន្ន ដែល​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ក្នុង​ពន្ធនាគារ​។ លោក បន្តថា ខណៈ​កំពុងនិយាយ​ពី​ប្រធានបទ​នេះ លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​ភ្ជាប់​រឿង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​បក្សនយោបាយ ដែល​បាន​ជាប់ឃុំ​។

​លោកស្រី រ៉ូ​ណា ស្មី​ត ស្នើថា កម្ពុជា គួរ​ធ្វើយ៉ាងណា ដើម្បី​កាន់​បន្ថយ​ការកក់ស្ទះ​ក្នុង​ពន្ធនាគារ ដោយសារតែ​ការកើនឡើង​នូវ​ចំនួន​អ្នក​ជាប់ឃុំ​បណ្តោះអាសន្ន​។ នេះ​ជាការ​អះអាង​របស់លោក ជិន ម៉ា​លីន ដដែល​។​

​កន្លងមក មន្ត្រី​អា​ដុក​ហុក​៤​រូប ដែល​រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ១​រូប​ទៀត គឺ​លោក នី ចរិយា  បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង ១​ឆ្នាំ ដោយសារតែ​រឿងអាស្រូវ​របស់​នារី​ម្នាក់ ឈ្មោះ ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រី មុំ​។ ប៉ុន្តែ មន្ត្រី​សិទ្ធិមនុស្ស​ទាំង​៥​នាក់​នេះ ត្រូវបាន​ដោះលែង​ឲ្យ​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន កាលពី​ចុងខែ​មិថុនា ឆ្នាំ​២0១៧ កន្លងទៅ​។​

​ចំណែក អ្នកនយោបាយ និង​សកម្មជន​បក្សប្រឆាំង ដែល​កំពុង​ជាប់ឃុំ នាពេល​បច្ចុប្បន្ន មាន​រហូត​ជិត​២0​នាក់ ឯណោះ​។ អ្នក ដែល​កំពុង​ជាប់ពន្ធនាគារ​ទាំងនោះ រួមមាន លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកមា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ រួមទាំង​សកម្មជន​ជាង ១0​នាក់​ផ្សែង​ទៀត​។ លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ក៏​កំពុង​ជាប់ពន្ធនាគា​រដែរ​៕ 


Tag:
 ​រ៉ូ​ណា ស្មី​ត​
  អង្គ វង្ស វ​ឌ្ឍា​នា​
  ការឃុំខ្លួន​
  មន្ត្រី​សិទ្ធិមនុស្ស​
  មន្ត្រី​គណបក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com