ជាតិ
២០២០ កូរ៉េខាងត្បូង ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន ឲ្យ​ដល់ ២០០​ពាន់​លាន​ដុល្លារ
12, Aug 2017 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង អ្នកស្រី កាង ឃ្យុ​ង​វ៉ា បាន​បន្ត​ប្តេជ្ញាចិត្ត ប្រើប្រាស់ កិច្ចព្រមព្រៀង​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ជា​មធ្យោបាយ​សម្រេច​ឲ្យ​បាន​នូវ​ការផ្តោះប្តូរ​ពាណិជ្ជកម្មរ​វាង​អាស៊ាន និង​កូរ៉េខាងត្បូង ឲ្យ​បាន​២០០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។

  


​អ្នកស្រី កាង ឃ្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​របស់​កូរ៉េខាងត្បូង បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន អំពី​ការប្តេជ្ញាចិត្ត​របស់​កូរ៉េ​ក្នុង​ការពង្រឹង​ចំណងមិត្តភាព និង​ការផ្តោះប្តូរ​ពាណិជ្ជកម្មរ​វាង​អាស៊ាន និង​កូរ៉េខាងត្បូង ឲ្យ​បាន​២០០​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ស្តីពី​៖«​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​»​ដែល​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៨​ខែសីហា ឆ្នាំ​២០១៧​។     

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​កូរ៉េខាងត្បូង ដែល លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបទេស​ក​ម្ពុ​ជា​ធ្វើជា​ប្រធាន​អង្គប្រជុំ បាន​លើកទឹកចិត្ត​ដល់​ការគាំទ្រ​របស់​កូរ៉េ ដើម្បី​អនុវត្តន៍​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥ និង​ផែនការ​ដំណាក់កាល​ទី​៣​នៃ​គំនិត​ផ្តួចផ្តើម​សម្រាប់​សមា​រណកម្ម​អាស៊ាន​។

​កិច្ចប្រជុំ​នេះ បានផ្តល់​អាទិភាព​ធ្វើ​សាកលភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​វិនិយោគ ដោយ​ផ្តោតលើ​វិស័យ​សហគ្រាស​មីក្រូ​តូច​-​មធ្យម និង​វិស័យ​ទេសចរណ៍​។     
​ទន្ទឹមគ្នា​នេះដែរ កិច្ចប្រជុំ​ខាងលើនេះ ក៏​ទន្ទឹងរង់ចាំ​ការបើក​សម្ពោធ​ផ្ទះ​វប្បធម៌​អា​ស៊ា នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ និង​ឯកភាព​រៀបចំ​សកម្មភាព​ផ្តាស់​ប្តូរ​ឆ្នាំ​វប្បធម៌​អាស៊ាន​- កូរ៉េ នៅ​ឆ្នាំ​២០១៧​ផងដែរ​៕     


Tag:
 រដ្ឋមន្ត្រីការបរទេស​អាស៊ាន​
 ​ កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com