ជាតិ
បាក់ឌុប៖ សកម្មភាព១៣យ៉ាង ដែលក្រសួងអប់រំ កំណត់ឲ្យបេក្ខជនធ្លាក់ និងមិនឲ្យប្រឡងមួយឆ្នាំបន្ទាប់
× ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ញត្តិ នូវសកម្មភាព១៣យ៉ាងដើម្បីកំណត់ឲ្យធ្លាក់ និងមិនឲ្យប្រឡងមួយឆ្នាំបន្ទាប់។
សកម្មភាពទាំងនោះមានដូចជា ការយកអាវុធជាតិផ្ទុះ ចូលក្នុងបន្ទប់ប្រឡង បេក្ខជនឲ្យអ្នកដទៃមកប្រឡងជំនួស។ បេក្ខជនធ្វើឲ្យខូតខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា ។បេក្ខជនមិនអនុវត្តតាមការណែនាំ របស់គណៈមេប្រយោគអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថភាពត្រួតពិនិត្យការប្រឡងជាដើម។
បញ្ញាត្តិនូវសកម្មភាព១៣យ៉ាង ដែលក្រសួងអប់រំ កំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងមួយឆ្នាំបន្ទាប់ ទី១ ក្រសួងចាត់ទុកថាកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងមួយឆ្នាំបន្ទាប់ ប្រសិនបើបេក្ខជនណាដើរចុះឡើងចេញពីកន្លែងអង្គុយ ដោយគ្មានការអនុញ្ញាតពីអនុរក្ស។ ទី២ប្រសិនបើបេក្ខជនណាហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស។ ទី៣ បេក្ខជន ផ្លាស់កន្លែងអង្គុយ (លុបលេខតុពីកន្លែង ដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេងៗ)។
ទី៤ បេក្ខជនឲ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង។ ទី៥ បេក្ខជនឲ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន។ ទី៦ បេក្ខជនសរសេរលើសន្លឹកកិច្ចការអ្នកដទៃ។ ទី៧ បេក្ខជន បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកសំណៅឯកសារ ឬចម្លើយពាក់ព័ន្ធនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញ ក្នុងពេលធ្វើវិញ្ញាសា។ ទី៨ បេក្ខជនបង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ។ទី៩ប្រសិនបើបេក្ខជនណាដណ្តើមយកសន្លឹកកិច្ចការអ្នកដទៃមកចម្លង។ ទី១០ បេក្ខជន ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ ។ ទី១១ បេក្ខជន យកសន្លឹកកិច្ចការអ្នកដទៃមកធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន។ ទី១២ បេក្ខជនធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំឲ្យបេក្ខជនដទៃប្រមូលលុយ ឬយកលុយឲ្យអនុរក្ស និងទី១៣ បេក្ខជនត្រូវបានកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រលងពីរឆ្នាំ បន្ទាប់ចំពោះបេក្ខជនដែលមានសកម្មភាពដូចជា ការយកអាវុធ ជាតិផ្ទុះ ចូលក្នុងបន្ទប់ប្រឡង បេក្ខជនឲ្យអ្នកដទៃមកប្រឡងជំនួស បេក្ខជនធ្វើឲ្យខូតខាតសម្ភារៈនៅក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា បេក្ខជនមិនអនុវត្តតាមការណែនាំ របស់គណៈមេប្រយោគអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នកមានសមត្ថភាពត្រួតពិនិត្យការប្រឡង។
ក្នុងករណីចាំបាច់បេក្ខជននឹងត្រូវបញ្ចូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។ នេះបើតាមបញ្ញត្តិក្រសួងអប់រំ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហាខាងមុខនេះ។ សម័យប្រឡងឆ្នាំ២០១៧នេះ មានបេក្ខជន សរុបចំនួន ១០៣ ១១២ នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៧៨ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤១៥៥ បន្ទប់ នៅទូទាំង២៥រាជធានី-ខេត្ត៕
Tag:
បាក់ឌុប
បទប្បញ្ញត្តិ និងកម្រិតវិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com